website_news:2016280702

នគរបាលឃាត់ខ្លួនស្ត្រីសង្ស័យមេខ្យល់ម្នាក់ធ្វើជំនួញស្រ្តី២នាក់បងប្អូនបង្កើត ក្នុងនោះមានម្នាក់មិនទាន់គ្រប់អាយុទៅរៀបការដល់ប្រទេសចិនខុសច្បាប់

(http://beta.nokorwatnews.com) Thursday , 28 July 2016 សង្គម, សន្តិសុខ

ខេត្តបន្ទាយមានជ័យ៖ ស្រ្តីសង្ស័យជាមេខ្យល់ម្នាក់រងការចាប់ខ្លួន ពីកម្លាំងនគរបាលប៉ុស្ថិ៍ឃុំចំណោមស្រុកមង្គលបុរី ជាប់ពាក់ព័ន្ធនឹងការនាំចេញស្រ្តី២នាក់ បងប្អូនបង្កើត ក្នុងនោះម្នាក់ជាប្អូនមិនទាន់គ្រប់អាយុ យកទៅរៀបការជាមួយបុរសជាជនជាតិចិននៅក្នុងប្រទេសចិន ។ ការឃាត់ខ្លួនស្រ្តីសង្ស័យធ្វើឡើងកាលពីថ្ងៃ២៥ ខែកក្កដា ឆ្នាំ២០១៦ នៅផ្ទះស្ត្រីសង្ស័យ ស្ថិតក្នុងភូមិដងត្រាង ឃុំចំណោម ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ។ ស្រ្តីសង្ស័យនៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ កំពុងស្ថិតក្នុងការសាកសួរពីនគរបាលការិយាល័យ ប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនខេត្ត។កម្លាំងនគរបាលឃាត់ខ្លួនសង្ស័យអនុវត្តតាមបន្តឹងម្តាយក្មេងស្រីរងគ្រោះ។ ក្រោយពីស្រ្តីរងគ្រោះ២នាក់បងប្អូនត្រូវបានគេនាំទៅប្រទេសចិនជិត១ឆ្នាំ មកហើយ។ បន្ទាប់មក រងការវាយធ្វើបាបពីប្តីជនជាតិចិនពួកនាង បានទូរស័ព្ទមកម្តាយនៅស្រុកខ្មែរឱ្យម្តាយដាក់ពាក្យប្តឹងសមត្ថកិច្ចនៅស្រុកខ្មែរ រកវិធីនាំពួកនាងមកស្រុកខ្មែរវិញ ។ ការឃាត់ខ្លួននោះដែរដោយអនុវត្ត តាមបទបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បន្ទាប់ពីម្តាយស្រ្តីរងគ្រោះបានដាក់ពាក្យប្តឹង ស្រ្តីសង្ស័យនៅកន្លែងសមត្ថកិច្ចរួចហើយនោះ។

ពាក់ព័ន្ធនឹងការឃាត់ខ្លួនស្រ្តីសង្ស័យ លោកវរសេនីយ៍ត្រី ឡាយ គឹមលួន នាយការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនខេត្តប្រាប់ឱ្យដឹងថា ស្រ្តី សង្ស័យមានឈ្មោះ ជីន ពន្លឺ ហៅឃ្នន ភេទស្រី អាយុ៣២ឆ្នាំរស់នៅភូមិដងត្រាង ឃុំចំណោម ស្រុកមង្គលបុរី ។ចំណែកស្រ្តីរងគ្រោះទាំង២នាក់១,ឈ្មោះ ប៉ាង ណាវី អាយុ២៤ឆ្នាំ ២,ប៉ាង ស្រីពៅ អាយុ១៧ឆ្នាំ ពួកគេរស់នៅភូមិស្រែព្រៃ ឃុំចំណោម ស្រុកមង្គលបុរី ។

លោកនាយការិយាល័យបានប្រាប់ឱ្យដឹងទៀតថា បើតាមការរៀបរាប់របស់ម្តាយស្រ្តីរងគ្រោះ មានឈ្មោះឃុត ភាព អាយុ៦១ឆ្នាំ ប្រាប់សមត្ថកិច្ច កាលពីក្នុងអំឡុងខែតុលាឆ្នាំ២០១៥ ស្ត្រីសង្ស័យឈ្មោះ ជីន ពន្លឺ ហៅឃ្នន បានមកទាក់ទងកូនស្រី២នាក់របស់គាត់ប្រាប់ថាទៅធ្វើការងារផ្ទះឱ្យគេក្នុងប្រទេសចិន ស្រ្តីសង្ស័យកុហកប្រាប់ទៀតថានាំទៅស្របច្បាប់ តម្លៃពលកម្មក្នុង១ខែ៧០០ដូល្លាទៅ៨០០ដូល្លា អាមេរិច។នៅពេលនោះគាត់ក៏បានអនុញ្ញាតឱ្យកូនស្រីទាំង២នាក់ទៅធ្វើការតាមរយៈមេខ្យល់ដែលជាស្រ្តីសង្ស័យហើយក៏បាន អះអាងទៀតថា មានបងប្អូននៅប្រទេសចិនស្រាប់ផងទៀតដែលជាអ្នកចាត់ចែងទទួលការខុសត្រូវ។

ម្តាយស្រ្តីរងគ្រោះរៀបរាប់ទៀតថា ក្នុងចំណោមកូនស្រីទាំង២នាក់រងការចាញ់បោកកូនស្រីពៅមានឈ្មោះ ប៉ាង ស្រីពៅ មិនទាន់គ្រប់អាយុនឡើយនោះទេ ដោយមិនអាចធ្វើប៉ាស្ព័របាន គឺស្រ្តីមេខ្យល់គេបានយកសំបុត្រកំណើតអ្នកផ្សេងឈ្មោះ ផុន ម៉ាន់ ហៅង៉ា នៅក្នុងភូមិជាមួយគ្នាក្លែងបន្លំសមត្ថកិច្ចរត់ការធ្វើប៉ាស្ព័របាននៅភ្នំពេញ ដើម្បីនាំកូនគាត់ទៅ្រទេចិន។ លុះនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្រ្តីសង្ស័យឈ្មោះ ជីន ពន្លឺ ហៅឃ្ននបាននាំកូនស្រីគាត់ទាំង២នាក់ទៅភ្នំពេញចាកចេញទៅប្រទេសចិនតែម្តង ។

លោកវរសេនីយ៍ត្រី ឡាយ គឹមលួន នាយការិយាល័យនគរបាលប្រឆាំងការជួញដូរ មនុស្សនិងការពារអនីតិជនខេត្តប្រាប់ឱ្យដឹងទៀតថា បើតាមចម្លើយសារភាពពីស្រ្តីសង្ស័យគឺនាងពិតជានាំស្រ្តីទាំង២នាក់បងប្អូនបង្កើតខាងលើទៅប្រទេសចិននោះមែន ដោយមានការស្ម័គ្រ ចិត្តគ្មានការបង្ខិតបង្ខំអ្វីនោះទេ។ ការនាំស្រ្តីទាំង២នាក់ទៅប្រទេសចិនដោយបងស្រីរបស់ខ្លួននៅប្រទេសចិនជាអ្នកឱ្យជួយរកឱ្យ។ ស្រ្តីសង្ស័យបន្ទាប់ពីនគរបាលការិយាល័យជំនាញសាកសួរ នឹងត្រូវកសាងសំណុំរឿងចាប់បើបញ្ជូនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប។

ជុំវិញការចាញ់បោកមេខ្យល់ខាងលើ លោកឧត្តមសេនីយ៍ទោអាត់ ខែម ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់មេត្តាប្រុង ប្រយ័ត្នចំពោះកូនចៅកុំជឿតាមការអូសទាញគេឱ្យសោះ ។ ពីព្រោះមេខ្យល់ គេមានល្បិចច្រើនណាស់សម្រាប់ទាក់ទាញដើម្បីនាំកូនស្រីទៅលក់ រឺជួញដូរកម្លាំងពលកម្មនៅខាង ក្រៅប្រទេស មិនថាឡើយប្រទេសចិន ឬប្រទេថៃនោះទេ។ កន្លងមកមានពលរដ្ឋខ្មែរបានរងការចាញ់បោកពីមេខ្យល់នាំស្រ្តីខ្មែរយកទៅលក់នៅបរទេសជាបន្តបន្ទាប់ ។ ក្នុងនោះមានស្រ្តីខ្មែរមួយចំនួន រងការចាញ់បោកក៏ត្រូវបានរាជរដ្ឋាភិបាល កម្ពុជាជួយសង្រ្គោះរំដោះមកស្រុកខ្មែរវិញ ជាបន្តបន្ទាប់រួចហើយផងដែរ ៕ សំ វិច្ឆិកា ដោយឈុនសារ៉ាត

website_news/2016280702.txt · Last modified: 2017/03/10 12:36 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki