website_news:2016280703

៦ខែដើមឆ្នាំ២០១៦ អាជ្ញាធរថៃបញ្ជូនពលករខ្មែរត្រឡប់មកវិញចំនួន ២៥ ៩២៥នាក់

(http://www.akp.gov.kh) AKP ខេត្តបន្ទាយមានជ័យ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦

ថ្លែងនៅក្នុងកិច្ចប្រជុំដកបទពិសោធន៍លើការងារ គ្រប់គ្រងលំហូរមិនប្រក្រតីនៃពលករឆ្លងកាត់ព្រំដែនកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ នេះឯកឧត្តម សួន បវរ អភិបាល ខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ឆ្នាំ២០១៦ក្នុងរយៈពេល៦ខែដើមឆ្នាំនេះ អាជ្ញាធរថៃបានបញ្ជូនពលករត្រឡប់មកកម្ពុជាវិញតាមច្រកនានាក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ មាន៣៧៨ លើកដែលមាន មនុស្សចំនួន២៥ ៩២៥នាក់។ ឯកឧត្តមបានឱ្យដឹងថា ក្នុងចំណោមពលករដែរបានបញ្ជូនមកនេះមាន១១១៦៤នាក់ តាមច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត និងចេញតាមច្រករបៀង១៤៧៦១នាក់ ហើយមាន ៣៥៨នាក់បានជាប់ពន្ធនាគារ នៅប្រទេស ថៃលើសពី១ខែ។ នៅក្នុងរយៈពេលនេះ មានពលករធ្វើចំណាកស្រុកមានចំនួន១០៩៤២៤នាក់ ក្នុងនោះ ទៅដោយស្របច្បាប់ចំនួន៤១ ៤៣៦នាក់ និងមិនស្របច្បាប់៦៧៩៨៨នាក់។ពលករកម្ពុជាដែលឆ្លងដែន ទៅធ្វើការនៅ ប្រទេសថៃ វិលល្ងាច២០៣លើកមានចំនួនមនុស្សសរុប៤១២៦៩នាក់។

ឯកឧត្តមបានលើកឡើងថា ដោយសារព្រំដែនខេត្តបន្ទាយមានជ័យនិងប្រទេសថៃមាន១៥៣គីឡូម៉ែត្រ ជាប់ស្រុកម៉ាឡៃ,ក្រុងប៉ោយប៉ែត,ស្រុកអូរជ្រៅ,ស្រុកស្វាយចេកនិងស្រុកថ្មពួក ភ្ជាប់ដោយច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត ច្រកទ្វារតំបន់មានម៉ាឡៃនិងបឹងត្រកួននឹងមាន ច្រកមិនផ្លូវការជាច្រើនទៀត ដែលផ្តល់ឱកាសឱ្យ មានការចេញចូលមិនស្របច្បាប់ ការនាំចូលទំនិញគេចពន្ធការនាំចូលគ្រឿងញៀន ទំនិញខូចគុណភាព ចោរលួច ចោរប្លន់ ជាផ្លូវរត់គេចរបស់ឩក្រិដ្ឋជនឆ្លងដែនដទៃទៀត។ យើងមិនអាចបិទច្រករបៀងបានដោយ សារតែប្រជាពលរដ្ឋបន្តចេញចូល ទៅធ្វើការនិងដោះដូរផលិតផលជារៀងរាល់ថ្ងៃ។

ឯកឧត្តម សួនបវរ ឱ្យដឹងទៀតថា កន្លងកនេះ អាជ្ញាធរខេត្តបានជំរុញកិច្ចសហប្រតិបត្តិការ ជាមួយភាគី ថៃឱ្យមានការយោគយល់ និងសហការគ្នាកាន់តែល្អប្រសើរក្នុងការទប់ស្កាត់បង្ក្រាបបទលើសហើយមានការ បង្កើនកិច្ចពិភាក្សារវាងភាគីកម្ពុជា ថៃរាល់ពេលមានបញ្ហាកើតឡើង។ ត្រូវយកចិត្តទុកដាក់ពង្រឹង ការអនុវត្ត ច្បាប់និងសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជានិងវិធានការនានារបស់ក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ អាជ្ញាធរនិងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់បានខិតខំអប់រំប្រជាពលរដ្ឋក្នុង ការអនុវត្តច្បាប់ក្នុងនោះបានធ្វើការ ណែនាំប្រជាពលរដ្ឋចំពោះគ្រោះថ្នាក់នៃការធ្វើចំណាក់ស្រុកខុសច្បាប់នេះ៕ ដោយឈុនសារ៉ាត

website_news/2016280703.txt · Last modified: 2017/03/10 12:38 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki