website_news:2016280901

សង្គមស៊ីវិលនិងមន្ត្រីរដ្ឋាភិបាលរួមគ្នាប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា

(http://www.rfa.org/khmer/news) ដោយ ហង្ស សាវយុត 2016-09-27

ទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ប្រចាំកម្ពុជា និងអង្គការក្រៅរដ្ឋាភិបាលចំនួន៨ ព្រមទាំងមន្ត្រីរដ្ឋាភិបាលផង បានជួបប្រជុំដើម្បីស្វែងរកវិធានការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សក្នុងប្រទេសកម្ពុជា ឱ្យមានប្រសិទ្ធភាពខ្ពស់សម្រាប់ពេលអនាគត។ វេទិកាមួយដែលមានឈ្មោះថា “សំឡេងអតីតជនរងគ្រោះនៃអំពើជួញដូរមនុស្សគឺក្រុមអង្គការ វីនរ៉ក់ (WinRock) អង្គការ អិល.អេស.ស៊ី.ដាប់ប៊ែលយូ (LSCW) សមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) អង្គការសាម៉ារីតាន់ ភើស (Samaritan's Purse) និងអង្គការ អាយ.ជី.អឹម (IJM) ជាដើមកំពុងប្រឹងប្រែងរកវិធីទប់ស្កាត់ពលករចំណាកស្រុក ព្រមទាំងវិធានការរំដោះជនរងគ្រោះដោយសារការជួញដូរក្រៅប្រទេសឱ្យបានត្រឡប់មកជួបជុំគ្រួសារវិញ។

មន្ត្រីក្រសួងមហាផ្ទៃ បានបង្ហាញសមត្ថភាពថា ប្រទេសកម្ពុជា តែម្នាក់ឯងគឺមិនអាចប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សបានជោគជ័យទេ ត្រូវទាមទារឱ្យប្រទេសជាច្រើនដែលពាក់ព័ន្ធ រួមគ្នាដើម្បីដោះស្រាយបញ្ហាជួញដូរមនុស្សដែលកំពុងតែកើតមាននេះ។ ការទាមទាររបស់មន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងនៅក្នុងវេទិកាសំឡេងអតីតជនរងគ្រោះនៃអំពើជួញដូរមនុស្ស ដែលធ្វើឡើងនៅឯខេត្តសៀមរាប កាលពីព្រឹកថ្ងៃអង្គារ ទី២៧ ខែកញ្ញា។ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ គឺអ្នកស្រី ជូ ប៊ុនអេង។

អ្នកស្រីបានថ្លែងទៅកាន់វេទិកាសំឡេងអតីតអ្នករងគ្រោះនៃអំពើជួញដូរមនុស្សថា បច្ចុប្បន្ននេះមានពលរដ្ឋកម្ពុជា ជាច្រើនបានចំណាកស្រុកទៅធ្វើនៅក្រៅប្រទេស ហើយងាយចាញ់បោកគេ ដោយធ្លាក់ទៅក្នុងអំពើជួញដូរមនុស្ស និងជួញដូរកម្លាំងពលកម្ម។ អ្នកស្រី ជូ ប៊ុនអេង បញ្ជាក់ថា ក្រសួងមហាផ្ទៃ បានរកឃើញពលរដ្ឋខ្មែរមួយចំនួនដែលទៅធ្វើការតាមទូកនេសាទឯប្រទេសថៃ ហើយរងគ្រោះ ដូចជារាប់ឆ្នាំមិនដែលបានឡើងគោកម្ដង ធ្វើការធ្ងន់ធ្ងរគ្មានពេលសម្រាក ហូបចុកមិនគ្រប់គ្រាន់ ព្រមទាំងធ្លាក់ខ្លួនប្រើប្រាស់ថ្នាំញៀន និងប្រាក់ខែមិនសមរម្យផង។

អ្នកស្រី ជូ ប៊ុនអេង អំពាវនាវឱ្យពលរដ្ឋខ្មែរគ្រប់រូបត្រូវពិចារណាឱ្យដិតដល់មុនពេលសម្រេចចិត្តធ្វើចំណាកស្រុកទៅរកការងារធ្វើនៅក្រៅប្រទេស៖ «សួរថាតើអ្វីខ្លះដែលជាផលចំណេញ? ៣០០បាត (ប្រាក់ថៃ) ក្នុង ១ថ្ងៃត្រូវការហូបចុក ត្រូវការកន្លែងស្នាក់នៅ ត្រូវការបង់ឱ្យសមត្ថកិច្ចនៅពេលដែលគេដឹងថា យើងចូលទៅស្រុកគេដោយខុសច្បាប់ផងនោះ»។ មន្ត្រីរដ្ឋាភិបាលឱ្យដឹងថា បច្ចុប្បន្នគ្រាន់តែប្រទេសថៃ មួយ គឺមានប្រជាពលរដ្ឋខ្មែរបានចូលទៅធ្វើការជិត ១លាននាក់។ ក្នុងចំណោមពលរដ្ឋដែលទៅធ្វើការទាំងនោះ គឺមានខ្លះត្រូវបានគេជួញដូរខុសច្បាប់។

កញ្ញា យិន ស្រីនាថ ជាពលរដ្ឋម្នាក់ដែលរស់នៅឯខេត្តស្វាយរៀង ឱ្យដឹងថា គ្រួសារនាងមានបងប្អូនចំនួន ៥នាក់ គឺគ្មានដីធ្វើស្រែ និងចម្ការទេ។ ដោយសារជីវភាពលំបាកគឺកាលពីឆ្នាំ២០១៤ កន្លងទៅរូបនាងបានចេញទៅធ្វើការឯប្រទេសថៃ ដោយខុសច្បាប់។ នៅឯប្រទេសថៃ បើទោះបីជានាងធ្វើការនៅរោងចក្រអេឡិចត្រូនិក ១កន្លែងក៏ដោយ ក៏ប្រាក់ខែរបស់នាងចំនួន ១ម៉ឺនបាត មិនដែលបានបើកផ្ទាល់ដៃពីថៅកែទេ គឺមេការគេទៅបើក ហើយយកមកឱ្យនាងតែ ៧ពាន់បាតប៉ុណ្ណោះ៖ «ដូចជាយើងឈឺ ទៅធ្វើការមិនរួចក៏គេមិនឱ្យឈប់ទេ គឺគេបង្ខំឱ្យទៅធ្វើការរាល់ថ្ងៃ និងគ្រប់ម៉ោងរបស់គេ ហើយពេលខ្លះយើងឈ្លោះគ្នា គឺគេសម្លុតរកបាញ់ចោល»។

មន្ត្រីទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ បាត់ចាត់ទុកអំពើជួញដូរមនុស្ស គឺជាឧក្រិដ្ឋកម្មអន្តរជាតិ។ នាយកបេសកកម្មទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ ប្រចាំកម្ពុជា អ្នកស្រី ប៉ូលី ឌុនហ្វត (Polly Dunford) ថ្លែងថា បញ្ហាជួញដូរមនុស្ស គឺជាបញ្ហាសកលនៅជុំវិញពិភពលោក។រដ្ឋាភិបាលអាមេរិកាំង កំពុងខ្វល់ខ្វាយយ៉ាងខ្លាំងទៅនឹងអំពើជួញដូរមនុស្ស ហើយរដ្ឋាភិបាលអាមេរិក និងរដ្ឋាភិបាលប្រទេសជាច្រើនទៀតកំពុងរួមគ្នាប្រយុទ្ធប្រឆាំង៖ «ដោយសារតែអំពើជួញដូរមនុស្ស បានឆ្លងកាត់ជាសកល យើងបានឃើញរដ្ឋាភិបាលនៃប្រទេសជាច្រើន រួមទាំងសង្គមស៊ីវិល និងវិស័យឯកជនផង បានប្រឹងប្រែងរួមគ្នាដើម្បីបញ្ចប់បញ្ហានេះ។ ក្រុមការពារសិទ្ធិមនុស្សជាសកលកំពុងតែប្រឈមមុខយ៉ាងខ្លាំងទៅនឹងអំពើជួញដូរមនុស្សជាច្រើនបញ្ហា»។

ក្រុមអង្គការក្រៅរដ្ឋាភិបាល បានចាត់ទុកអំពើជួញដូរមនុស្ស គឺរាប់តាំងពីការបោកបញ្ឆោតយកមនុស្សទៅធ្វើការដោយជួញដូរពលកម្ម និងការនាំទៅរៀបអាពាហ៍ពិពាហ៍ជាមួយជនបរទេស ហើយក្រុមឈ្មួញកេងយកកម្រៃពីលើជាដើម។ អង្គការក្រៅរដ្ឋាភិបាល វីនរ៉ក បានបង្ហាញរបាយការណ៍ថា រយៈពេល ៩ខែ ក្នុងឆ្នាំ២០១៦ គេបានជួយពលរដ្ឋកម្ពុជា ដែលរងគ្រោះដោយការជួញដូរមកពីប្រទេសចិន ប្រទេសម៉ាឡេស៊ី ប្រទេសថៃ និងឥណ្ឌូនេស៊ី ជាដើម បានចំនួន ២៥៣នាក់។

របាយការណ៍ឱ្យដឹងទៀតថា ចាប់ពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៤ គឺមានស្ត្រីខ្មែរចំនួន ២ពាន់នាក់ត្រូវបានចុះបញ្ជីអាពាហ៍ពិពាហ៍ ជាមួយបុរសចិន នៅខេត្តជាំងស៊ី។ ស្ត្រីខ្មែរទាំងនោះត្រូវបានក្រុមឈ្មួញយកលុយពីបុរសចិន ម្នាក់ៗ ១៣.០០០ដុល្លារអាមេរិក ប៉ុន្តែលុយទាំងនោះ គឺនារីខ្មែរបានទទួលតម្លៃខ្លួនរៀបការតែពី ៥០០ ទៅ ១.០០០ដុល្លារអាមេរិកប៉ុណ្ណោះ៕

website_news/2016280901.txt · Last modified: 2017/03/12 17:49 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki