website_news:2016280902

ជនរងគ្រោះពីការជួញដូរ ស្នើឲ្យរដ្ឋាភិបាលរកទីផ្សារកសិកម្មនិងបញ្ចុះតម្លៃលិខិតឆ្លងដែន

(http://vodhotnews.com) ដោយ លោក បូ សាវី | ថ្ងៃពុធ ទី២៨ ខែកញ្ញា ឆ្នាំ២០១៦ ម៉ោង 1:42 PM

ជនរងគ្រោះពីការជួញដូរទៅក្រៅប្រទេសអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាជួយរកទីផ្សារកសិកម្មនិងបញ្ចុះតម្លៃលិខិតឆ្លងដែនមកត្រឹមតម្លៃ៥០ដុល្លារ ដោយអះអាងថាការធ្វើចំណាកស្រុកដោយសារការធ្វើកសិកម្មគ្មានទីផ្សារ និងមិនមានថវិកាធ្វើប័ណ្ណឆ្លងដែនស្របច្បាប់។ ការស្នើនេះធ្វើឡើងនៅចំពោះមុខរដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃ ក្នុងវេទិកាសម្លេងអតីតជនរងគ្រោះនៃ អំពើជួញដូរមនុស្សនៅខេត្ដសៀមរាបកាលពីព្រឹកថ្ងៃទី២៧ខែកញ្ញានេះ ដែលមានអង្គការសង្គមស៊ីវិលនិងអតីតជន រងគ្រោះពីការជួញដូរមនុស្សចំនួន២៩នាក់ចូលរួមផងនោះ។

ជនរងគ្រោះដែលត្រូវបានគេឲ្យលាក់ឈ្មោះចំនួន៥នាក់ក្នុងចំណោម២៩នាក់បានថ្លៃងថា ការធ្វើចំណាក ស្រុកទៅក្រៅប្រទេសដោយសារពួកគេមានជីវភាពក្រីក្រ ពុំមានលទ្ធភាពធ្វើលិខិតឆ្លងដែនទៅធ្វើការស្របច្បាប់ និង ការធ្វើកសិកម្មពុំមានទីផ្សារជាដើម។ ជាមួយគ្នានោះ ពួកគេលើកឡើងថាមានក្រុមហ៊ុនខុសច្បាប់និងមេខ្យល់ ដែល គ្មានការទប់ស្កាត់ពីអាជ្ញាធរ បានឃោសនាពលរដ្ឋទៅធ្វើការដោយសន្យាឲ្យតម្លៃថ្លៃខ្ពស់ ស្របពេលដែលពួកគាត់ ចំណេះដឹងនៅមានកម្រិត ទើបពួកគាត់ងាយរងគ្រោះ។ ពួកគាត់អំពាវឲ្យរដ្ឋាភិបាលបញ្ចុះលិខិតឆ្លងដែនត្រឹម៥០ ដុល្លារនិងជួយរកទីផ្សារកសិកម្មដល់សហគមន៍ពួកគេឲ្យបានសមរម្យនិងពង្រឹកប្រព័ន្ធអប់រំឲ្យមានប្រសិទ្ធភាពដើម្បីជៀសវាងការចំណាកស្រុក។

ពួកគេនិយាយថា៖ “រាជរដ្ឋាភិបាលសូមឲ្យបញ្ចុះតម្លៃលិខិតឆ្លងដែន ទិដ្ឋាការ(វិសារ) និងប័ណ្ណអនុញ្ញាត ត្រឹម៥០ដុល្លារបានហើយ ព្រោះអីប្រជាពលករយើងចេញទៅចំណាកស្រុកចងការគេ២៥០ដុល្លារទៅ៣០០ ដុល្លារ ចេះតែឡើងហើយការងារទិដ្ឋាការងារមិនបានស្របច្បាប់ហើយចុះត្រួតពិនិត្យក្រុមហ៊ុននានាឲ្យធ្វើតាមនីតិវិធី“។

ជនរងគ្រោះជាស្ដ្រីម្នាក់ដែលមានវ័យជាង២២ឆ្នាំ ដែលគេដាក់ឈ្មោះឲ្យថា ឌី សុភា មកពីខេត្ដស្វាយរៀង ឲ្យដឹងថានាងបានទៅធ្វើការនៅប្រទេសថៃដោយខុសច្បាប់រយៈពេលពីរខែ ត្រូវបានមេខ្យល់ជាជនជាតិថៃមិន ផ្ដល់ប្រាក់កម្លាំងពលកម្មនោះទេ។ នាងបន្ដថាការធ្វើចំណាកស្រុកនេះ ដោយសារចាញ់បោកការឃោសនា ពីមេខ្យល់ពីស្រុកខ្មែរ ដោយប្រាប់ថាបានទទួលកម្រៃពលកម្មច្រើនជាងនៅប្រទេសរបស់ខ្លួន ខណៈដែលក្រុម គ្រួសារមានជីវភាពក្រីក្រ។ នាងបន្ថែមថា នាងរស់នៅប្រទេសថៃនោះប្រឈមននឹងការចាប់ខ្លួនពីសមត្ថកិច្ចថៃ ផងដែរ។ស្ដ្រីរូបនោះបន្ថែមថា៖ “ពេលយើងខូចខិលអីតិចត្រូវវាខឹងយើង គេបាញ់យើងចោល គ្នាយើងឈ្លោះគ្នាចឹង វាគម្រាមយើង បាញ់យើងចោល ខ្ញុំទៅខ្លួនឯងតាមមេខ្យល់គេយកលុយ“។

រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាអនុប្រធានគណៈកម្មការធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សលោកស្រី ជូ ប៊ុនអេង មានប្រសាសន៍ទទួលស្គាល់ថា ការធ្វើការងារចំណាកស្រុកនៅតែកើតមាន ប៉ុន្ដែលោកស្រី ជំរុញឲ្យកសិករងាកមកធ្វើកសិកម្មជាលក្ខណៈគ្រួសារនៅក្នុងស្រុក ប្រសើរជាងទៅធ្វើនៅក្រៅប្រទេសដោយខុស ច្បាប់។ លោកស្រីថ្លៃងការពារមន្ដ្រីរដ្ឋាភិបាលថា ពលរដ្ឋដែលលួចឆ្លងដែនទៅធ្វើការដោយខុសច្បាប់នេះជារឿង បុគ្គល មិនមែនកំហុសលើមន្ដ្រីរដ្ឋាភិបាលទាំងស្រុងនោះទេ។ ប៉ុន្តែលោកស្រីទទួលយកការស្នើរបស់ជន រងគ្រោះ ទាំងនោះ។ លោកស្រីបន្ដថា៖ “ខ្ញុំមិនជឿថាមន្ដ្រីរដ្ឋាភិបាល[មិន]អាក្រក់ទាំងអស់នោះទេ បើសិនអាក្រក់ទាំងអស់ មិនធ្វើឲ្យប្រទេសជាតិបានប៉ុណ្ណោះទេ ចា៎! ពីព្រោះវាមានភាពប្រទាញប្រទុងគ្នា មួយទាញថយក្រោយមួយ ទាញទៅមុខ។ បើសិនកម្លាំងទាយថយក្រោយច្រើនជាង ប្រទេសជាតិអត់អាចទៅមុខបានទេ។ ចឹងខ្ញុំគិតថា ក្នុង ចំណោមហ្នឹង មានមនុស្សដែលល្អ មនុស្សដែលយកចិត្ដទុកដាក់ មនុស្សដែលទទួលខុសត្រូវ ចឹងស្វែងយល់ទៅថា ជាអ្នកណា“។

តំណាងអង្គការវីនរ៉ុកអន្ដរជាតិ លោកស្រី សារ៉ា ភីយ៉ាសាណូ មានប្រសាសន៍តាមអ្នកបកប្រែថា ចាប់ពី ឆ្នាំ២០១១ ដល់ឆ្នាំ២០១៥ អង្គការនេះបានជួយសង្រ្គោះពលករដែលត្រូវបានជួញដូរទៅក្រៅប្រទេសបានប្រមាណ ១៥០០នាក់ ដែលក្នុងនោះត្រូវបានគេជួញដូរជាបុរសទៅប្រទេសឥណ្ឌូណេស៊ី ចំណែកស្រ្ដីជួញដូរទៅប្រទេសចិន និងប្រទេសថៃ។ លោកស្រីបន្ថែមថានៅក្នុងឆ្នាំ២០១៦នេះ អង្គការនេះសហការជាមួយអង្គការជាដៃគូបានជួយ សង្គ្រោះជនចំណាកស្រុកដែលអាជ្ញាធរថៃបញ្ជូនមកកម្ពុជាវិញបានចំនួន៣០០នាក់ក្នុងមួយថ្ងៃ។ លោកស្រីបញ្ជាក់ថា កត្ដាដែលនាំឲ្យពួកគេធ្វើចំណាកស្រុកដោយគ្រោះថ្នាក់នេះដោយសារពួកគេមាន ជីវភាពក្រីក្រ ខ្វះការងារនៅក្នុងស្រុក កង្វះព័ត៌មាន និងការប្រកបរបរកសិកម្មគ្មានទីផ្សារជាដើម៕

website_news/2016280902.txt · Last modified: 2017/03/12 17:51 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki