website_news:2016280906

ពលរដ្ឋជិត១០គ្រួសារនៅខេត្តត្បូងឃ្មុំស្នើកិច្ចអន្តរាគមន៍ពីសង្គមស៊ីវិលជួយកូនស្រីពីម៉ាឡេស៊ី

(http://www.rfa.org/khmer/news) ដោយ សូត សុខប្រាថ្នា 2016-09-27

ពលរដ្ឋនៅភូមិគោកស្រឡៅ ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ នាំគ្នាសុំកិច្ចអន្តរាគមន៍ពីសមាគមអាដហុក (ADHOC) ខេត្តត្បូងឃ្មុំ ដើម្បីឲ្យជួយកូនស្រីពីប្រទេសម៉ាឡេស៊ី បានត្រឡប់មកស្រុកខ្មែរវិញ នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦។

ប្រជាពលរដ្ឋនៅឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ជិត ១០គ្រួសារ ស្នើសុំអង្គការសង្គមស៊ីវិលជួយអន្តរាគមន៍ដើម្បីបានកូនរបស់ខ្លួនត្រឡប់មកស្រុកកំណើតវិញ។ ការស្នើសុំនេះ ក្រោយពេលកូនរបស់ពួកគាត់ ត្រូវបានមេខ្យល់នាំទៅធ្វើការងារនៅប្រទេសម៉ាឡេស៊ី បាត់ដំណឹងសូន្យ ខ្លះត្រូវជាប់ពន្ធនាគារ ជាដើម។ បញ្ហានេះ មន្ត្រីសម្របសម្រួលសមាគមអាដហុក (ADHOC) ខេត្តត្បូងឃ្មុំ ថាគឺជាករណីជួញដូរកម្លាំងពលកម្មដែលផ្ទុយទៅនឹងច្បាប់។ ពលរដ្ឋនៅឃុំចុងជាច ស្រុកតំបែរ លើកឡើងថា កូនរបស់ពួកគាត់ ត្រូវបានមេខ្យល់នាំយកទៅធ្វើការនៅប្រទេសម៉ាឡេស៊ី ដោយបញ្ជាក់ថាទៅតាមក្រុមហ៊ុនស្របច្បាប់ ប៉ុន្តែផ្ទុយស្រឡះអំពីការអះអាងនេះ។ កូនអ្នកភូមិខ្លះនៅអាចទាក់ទងមកឪពុកម្ដាយនៅស្រុកកំណើតបាន ប៉ុន្តែខ្លះទៀតគឺបាត់ដំណឹងសូន្យ ហើយមានពលការិនីម្នាក់ត្រូវជាប់ពន្ធនាគារថែមទៀតផង។

ពលរដ្ឋរស់នៅភូមិគោកស្រឡៅ ឃុំចុងជាច លោកស្រី ភឿន ប៊ុណ្ណា មានប្រសាសន៍ថា កូនលោកស្រីធ្លាប់ហៅទូរស័ព្ទមកផ្ទះម្តង ដោយបញ្ជាក់ថាខ្លួនត្រូវអាជ្ញាធរម៉ាឡេស៊ី ចាប់ខ្លួន ហើយឃុំនៅពន្ធនាគារ ប៉ុន្តែមិនបានដឹងទីតាំងច្បាស់លាស់ទេ។ លោកស្រីថា ក្រោយពេលដឹងដំណឹងនេះ គាត់បានទាក់ទងទៅមេខ្យល់ដែលនាំកូនទៅប្រទេសម៉ាឡេស៊ី ឈ្មោះ អូន និងឈ្មោះ វីរៈ ប៉ុន្តែគ្មានលទ្ធផលល្អឡើយ៖ «កូនខ្ញុំគេចាប់ដាក់គុក រួចកូនខ្ញុំសុំទូរស័ព្ទអ្នកជាប់គុកតេមកប្រាប់ឪពុកម្ដាយបានដឹងនោះ»។

លោកស្រីរំឭកថា មូលហេតុសុខចិត្តបណ្តោយកូនស្រីឈ្មោះ ណាត ចរិយា អាយុ ១៩ឆ្នាំទៅធ្វើការតាមរយៈមេខ្យល់កាលពីខែកក្កដា ឆ្នាំ២០១៦ នោះ គឺដោយសារគេលួងលោមថាទៅធ្វើការងារស្របច្បាប់ ហើយទទួលបានប្រាក់ខែពី ៣០០ដុល្លារឡើងទៅ ម្យ៉ាងគ្រួសារលោកស្រីក្រីក្រផង។ លោកស្រីស្នើឲ្យសមាគមអាដហុក និងអាជ្ញាធរពាក់ព័ន្ធផ្សេងទៀត ជួយធ្វើយ៉ាងណានាំកូនស្រីរបស់គាត់ និងកូនស្រីអ្នកភូមិផ្សេងទៀត បានត្រឡប់មកស្រុកកំណើតវិញ។ មិនខុសគ្នានេះ ស្ត្រីវ័យចំណាស់ម្នាក់មកពីភូមិជាមួយគ្នានោះ គឺលោកស្រី ឈាវ អឿន អាយុ ៦៤ឆ្នាំ មានប្រសាសន៍ថា កូនស្រី និងចៅស្រីម្នាក់ដែលទៅតាមមេខ្យល់ដែរនោះ គឺបាត់ដំណឹងម្នាក់ ហើយម្នាក់ទៀតគឺអាចទាក់ទងបានម្តងម្កាល។ លោកស្រីប្រាប់ថា មូលហេតុយល់ព្រមឲ្យកូន និងចៅទៅប្រទេសម៉ាឡេស៊ី ដោយសារឃើញអ្នកស្រុកគេចេញទៅសមប្រកប និងយល់ថាស្របច្បាប់ផង ប៉ុន្តែផ្ទុយអំពីការគិតនេះ ចៅស្រីរបស់គាត់បែរជាត្រូវថៅកែនៅប្រទេសម៉ាឡេស៊ី វាយដំ ព្រមទាំងបាត់ដំណឹងថែមទៀត៖ «អាមេខ្យល់ពេលខ្ញុំទៅសួរ ថាចៅខ្ញុំនៅឯណា? គេប្រាប់ថាស្អែកមកហើយ ហើយកុំភ័យផងៗ រួចរហូតជាងដប់ថ្ងៃហើយវាមិនឃើញមក»។ ប្រជាពលរដ្ឋនៅភូមិគោកស្រឡៅ ដែលនាំគ្នាមកជួបមន្ត្រីសមាគមអាដហុកខេត្តត្បូងឃ្មុំ មានសមាជិកគ្រួសារទៅធ្វើការនៅប្រទេសម៉ាឡេស៊ី ជិត ១០នាក់ សុទ្ធតែស្រី ហើយមេខ្យល់នាំទៅពីរវគ្គ ឬពីរដង គឺម្តងកាលពីខែកក្កដា និងម្តងទៀតនៅខែសីហា។

អាស៊ីសេរី មិនអាចទាក់ទងមេខ្យល់ទាំងពីរនាក់ គឺឈ្មោះ អូន និងឈ្មោះ វីរៈ បានទេនៅថ្ងៃទី២៧ កញ្ញា។

យ៉ាងនេះក្តី លិខិតអះអាងរបស់អាណាព្យាបាលដែលមេខ្យល់តម្រូវឲ្យធ្វើ បញ្ជាក់ថា ពលការិនីដែលនាំទៅប្រទេសម៉ាឡេស៊ី គឺធ្វើឡើងដោយស្របច្បាប់តាមរយៈក្រុមហ៊ុន ប៉ុន្តែមិនបានបញ្ជាក់ថាឈ្មោះក្រុមហ៊ុនអ្វីឡើយ។

ដោយឡែកអភិបាលស្រុកតំបែរ លោក នាថ រ៉ាវុធ មានប្រសាសន៍ថា បញ្ហានេះលោកមិនទាន់ទទួលបានព័ត៌មាននៅឡើយ ប៉ុន្តែកន្លងមក អាជ្ញាធរតែងពន្យល់ពលរដ្ឋអំពីបញ្ហាចំណាកស្រុក និងណែនាំឲ្យពួកគាត់ជៀសវាងការចំណាកស្រុកដោយខុសច្បាប់៖ «ចំណាកស្រុកនៅក្រៅប្រទេសហ្នឹងក៏មានខ្លះដែរ មិនមែនអត់មានទេ ប៉ុន្តែយើងបានប្រដៅគាត់ បានពង្រឹងគាត់ ពន្យល់គាត់ជាហូរហែមកហើយ»។

យ៉ាងនេះក្តី ស្ត្រីចំណាស់មួយរូបទៀត លោកស្រី ឃុត ហាប់ និយាយទាំងអួដើមកថា ដោយសារតែកន្លងមកគាត់មិនបានដឹងអំពីការជួញដូរមនុស្សទៅធ្វើការនៅក្រៅប្រទេស ទើបលោកស្រីសម្រេចចិត្តឲ្យកូនស្រីដែលមានតែម្នាក់គត់ចេញឆ្ងាយពីស្រុកកំណើត៖ «វានៅតែតេទៅតេមក ប៉ុន្តែវាស្រែកវាថាម៉ែអើយ! ឲ្យអង្គការយកខ្ញុំមកវិញ»។

មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តត្បូងឃ្មុំ លោក នាង សុវ៉ាត ហៅការចំណាកស្រុករបស់ពលរដ្ឋទាំងនេះ ថាជាការចាញ់បោកមេខ្យល់ ឬជាការជួញដូរកម្លាំងពលកម្មមនុស្សតែម្តង។ លោកថា កិច្ចសន្យាដែលមេខ្យល់តម្រូវឲ្យអាណាព្យាបាលធ្វើ គឺមិនអាចយកជាការបានទេ ព្រោះមានតែភាគីម្ខាង ប៉ុន្តែវាជាចេតនាទុច្ចរិតរបស់មេខ្យល់ និងជាការដាក់គំនាបផ្លូវចិត្តលើអាណាព្យាបាលទាំងនោះមិនឲ្យពួកគាត់ហ៊ានតវ៉ា ឬប្ដឹងមេខ្យល់ ឬក្រុមហ៊ុននោះប៉ុណ្ណោះ៖ «ករណីនេះ ខ្ញុំនឹងព្យាយាមប្រមូលព័ត៌មានទាំងអស់នេះ ដើម្បីរៀបចំឲ្យមានឯកសារមួយតាមផ្លូវច្បាប់ដាក់ទៅតុលាការ ដាក់ទៅរាជរដ្ឋាភិបាល ដើម្បីដំណើរការយកកូនគាត់ត្រឡប់មកវិញ»។

លោក នាង សុវ៉ាត លើកឡើងថា កត្តាមួយចំនួនរួមមាន បញ្ហាចំណេះដឹង ភាពទីទ័លក្រ ព្រមទាំងតម្លៃកសិផលរបស់កសិករ ដូចជាដំឡូង ស្រូវ កៅស៊ូមានតម្លៃថោក ឬគ្មានទីផ្សារ និងជំពាក់បំណុលគេជាដើម ជាហេតុបណ្ដាលឲ្យពលរដ្ឋខ្មែរមួយចំនួនត្រូវចាញ់បោកមេខ្យល់ ឬក្រុមហ៊ុនដើម្បីបានទៅធ្វើការងារនៅក្រៅប្រទេស៕

website_news/2016280906.txt · Last modified: 2017/03/12 17:57 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki