website_news:2016280907

ទូតកម្ពុជានៅម៉ាឡេស៊ី អន្តរាគមន៍ជួយពលការិនីខ្មែរ ៤នាក់ បានវិលត្រឡប់មកកម្ពុជាវិញ

(http://www.cen.com.kh) ថ្ងៃទី 28 កញ្ញា 2016, ម៉ោង 12:15:PM) | ដោយ: មុនីរាជ

ភ្នំពេញ: លោកជុំ សុន្ទរី អ្នកនាំពាក្យ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី បានអន្តរាគមន៍ ជួយពលការិនីខ្មែរ ចំនួន៤នាក់ ឱ្យបានវិលត្រឡប់មកកម្ពុជាវិញ។ ពលការិនីខ្មែរ ៤នាក់នោះ មានដូចជាៈ

១- ពលការិនី ច.ម.ន អាយុ ២៩ឆ្នាំ មានស្រុកកំណើត នៅខេត្តកំពង់ធំ បានធ្វើដំណើរ ទៅដល់ម៉ាឡេស៊ី ក្នុងខែធ្នូ ឆ្នាំ២០១៥ តាមរយៈក្រមហ៊ុនម៉ាស្ទ័រខេម យូមេរីសស៍ ខូ.អិលធីឌី នៅកម្ពុជា និងធ្វើការជាអ្នកបោសសំអាត ។ ដោយធ្វើការលំបាកពេក ពលការិនី ច.ម.ន បានស្នើសុំស្ថានទូត ជួយឱ្យបានត្រឡប់មកកម្ពុជាវិញ ដោយពុំទាមទារប្រាក់ខែ ដែលនៅខ្វះមួយខែឡើយ។ ពលការិនី ច.ម.ន បានមកដល់មាតុប្រទេសវិញហើយ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង ៧:៣៥ នាទីព្រឹក តាមជើងយន្តហោះលេខ AK 536 ។

២- ពលការិនី ម.ស.ម អាយុ ២៦ ឆ្នាំ មានស្រុកកំណើតនៅខេត្តស្វាយរៀង បានទៅម៉ាឡេស៊ី ដោយជិះរថយន្តឆ្លងកាត់ប្រទេសថៃជាមួយមេខ្យល់ កាលពីថ្ងៃទី ១២ កញ្ញា ២០១៦ និងស្នាក់នៅផ្ទះជាមួយមេខ្យល់ ។ នៅថ្ងៃទី ១៧ កញ្ញា ២០១៦ ដោយសង្ស័យថា គេប្រុងយកនាងទៅលក់ នាងបានរត់ចេញពីផ្ទះនោះ ទៅអង្គការ Tenagarita នៅរដ្ឋ Selangor ។ នៅថ្ងៃទី ១៩ កញ្ញា ២០១៦ ស្ថានទូត បានទទួលយកនាងពីអង្គការ Tenagarita មកស្នាក់នៅស្ថានទូត ។ ពលការិនី ម.ស.ម បានមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង ១៥:៥៥ នាទីរសៀល តាមជើងយន្តហោះលេខ AK 534 ។

៣- ពលការិនី ប.ក អាយុ ៤០ ឆ្នាំ មានស្រុកកំណើត នៅខេត្តកណ្តាល បានទៅម៉ាឡេស៊ី ដោយជិះរថយន្ត ឆ្លងកាត់ប្រទេសថៃ តាមរយៈក្រមហ៊ុន សេនជូរី (ខេមបូឌា) មេនផោវ័រ កាលពីថ្ងៃទី ៣ មេសា ២០១៦ និងធ្វើការតាមផ្ទះ ។ ដោយធ្វើការលំបាកពេក ពលការិនី ប.ក បានស្នើសុំស្ថានទូតជួយឱ្យបានត្រឡប់មកកម្ពុជាវិញ ដោយពុំទាមទារប្រាក់ខែទេ ។ ពលការិនី ប.ក បានមកដល់ព្រលាន យន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង ១៦:៣០ នាទីរសៀល តាមជើងយន្តហោះលេខ AK 534 ។

៤- ពលការិនី សឡ.រហន អាយុ ៣៩ ឆ្នាំ មានស្រុកកំណើត នៅខេត្តកំពង់ចាម បានទៅម៉ាឡេស៊ី ដោយខ្លួនឯង នៅខែកញ្ញា ឆ្នាំ២០១៥ ធ្វើជាជាងកាត់ដេរ និងបានសម្រាលកូនប្រុសម្នាក់ នៅថ្ងៃទី១៤ កញ្ញា ២០១៦ នៅមន្ទីរពេទ្យ Paret Buntas Perak រដ្ឋPerak។ ក្រោយកិច្ចអន្តរាគមន៍ របស់ស្ថានទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី ការិយាល័យអន្តោប្រវេសន៍ម៉ាឡេស៊ី បានយល់ព្រម មិនធ្វើការចោទប្រកាន់ លើពលការិនីរូបនេះ ពីបទស្នាក់នៅហួសពេលកំណត់ ដែលអាចប្រឈមនឹង ការជាប់ពន្ធនាគារ។ ពលការិនី សឡ.រហន និងកូនប្រុស នឹងមកដល់ព្រលាន យន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង ៦:៥០ នាទីព្រឹក តាមជើងយន្តហោះលេខ AK 53៦ ។

អំឡុងពេលរង់ចាំត្រឡប់ មកកម្ពុជាវិញ ស្ថានទូត បានផ្តល់កន្លែងស្នាក់នៅ និងអាហារបរិភោគ ដល់ ពលការិនីទាំង ៤ នាក់ខាងលើ ផងដែរ ៕N/S

website_news/2016280907.txt · Last modified: 2017/03/12 17:59 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki