website_news:2016281003

ពលរដ្ឋខ្មែរ៨នាក់ ត្រូវបានទូតខ្មែរ នៅម៉ាឡេស៊ី ជួយឲ្យវិលមកមាតុភូមិវិញ

(http://dap-news.com/kh) ថ្ងៃពុធ, ២៦ តុលា ២០១៦ 16:23 ដោយ: ស៊ាន កុសល ID:013

ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី បានអន្តរាគមន៍ ជួយពលការិនីខ្មែរ ចំនួន៦នាក់ និងពលរដ្ឋខ្មែរ២នាក់ ដែលជួបការលំបាក ក្នុងការងារឲ្យបានវិលត្រឡាប់ មកកម្ពុជាវិញ នេះបើយោងតាមសេចក្តីជូនព័ត៌មាន របស់លោក ជុំ សុន្ទរី អ្នកនាំពាក្យ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ទទួលបាននៅរសៀល ថ្ងៃទី២៦ ខែតុលានេះ។

លោក ជុំ សុន្ទរី បានបញ្ជាក់ថា ពលរដ្ឋខ្មែរ ដែលត្រូវបានខាងស្ថានទូត ជួយឲ្យវិលមកមាតុភូមិវិញនោះ ទី១.ពលការិនី រ.ស.អ និង (២) ពលការិនី ធ.ច មកពីខេត្តកំពង់ឆ្នាំង បានទៅប្រទេសម៉ាឡេស៊ី កាលពីខែឧសភា ឆ្នាំ២០១៤ តាមរយៈក្រុមហ៊ុន Century Manpower និងធ្វើការស្របច្បាប់ ជាអ្នកបោសសំអាត នៅសណ្ឋាគារ Paloma ទីក្រុងគួឡាឡាំពួរ។ ដោយសារ មិនទទួលបានប្រាក់ខែ និងធ្វើការលំបាក ពលការិនីទាំងពីរ បានស្នើសុំស្ថានទូត ទាមទារប្រាក់ខែពីថៅកែ និងជួយអោយបានត្រឡប់ មកកម្ពុជាវិញ។ ក្រោមកិច្ចអន្តរាគមន៍របស់ស្ថានទូត ប្រធានសណ្ឋាគារ Paloma យល់ព្រមប្រគល់ប្រាក់ខែ និងលិខិតឆ្លងដែន ដល់ពលការិនីទាំងពីរវិញ។ ឯទី៣.ពលការិនី រ.ស.រ អាយុ២១ឆ្នាំ មកពីខេត្តពោធិ៍សាត់ បានទៅប្រទេសម៉ាឡេស៊ី កាលពីខែមករា ឆ្នាំ២០១៥ និងធ្វើការងារតាមផ្ទះ តាមរយៈក្រុមហ៊ុនមួយ នៅកម្ពុជាមិនចាំឈ្មោះ។ ដោយចង់ត្រឡប់មកកម្ពុជាវិញ ពលការិនីបានស្នើសុំថៅកែ ផ្តល់ប្រាក់ខែ និងជូនទៅស្ថានទូត កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦។

ស្ថានទូតបានចេញលិខិតធ្វើដំណើរ និងជូនពលការិនីទៅបង់ពិន័យ នៅការិយាល័យ អន្តោប្រវេសន៍ម៉ាឡេស៊ី។ ទី៤.ពលការិនី អ.ស.អ អាយុ២៩ឆ្នាំ មកពីខេត្តកំពត បានទៅប្រទេសម៉ាឡេស៊ី ធ្វើការស្របច្បាប់ ជាអ្នកបោសសំអាត នៅខែវិច្ឆិកា ឆ្នាំ២០១៥ តាមរយៈក្រុមហ៊ុន Philimore Cambodia Co., Ltd.។ ដោយសារធ្វើការលំបាក ពលការិនីបានស្នើស្ថានទូត ជួយអោយបានត្រឡប់មកកម្ពុជាវិញ។ ក្រោមកិច្ចអន្តរាគមន៍របស់ស្ថានទូត ថៅកែរបស់ពលការិនី បានយល់ព្រម ប្រគល់លិខិតឆ្លងដែន និងទូរសព្ទដៃដល់នាងវិញ។ ទី៥. ពលការិនី ទ.ស អាយុ៦២ឆ្នាំ មកពីខេត្តត្បូងឃ្មុំ បានទៅប្រទេសម៉ាឡេស៊ី កាលពីខែមករា ឆ្នាំ ២០១៤ តាមរយៈ ក្រុមហ៊ុនហូគិញវិញធីអិនធី និងធ្វើការតាមផ្ទះ។ បន្ទាប់ពីធ្វើការចប់អាណត្តិ២ឆ្នាំ ពលការិនី បានស្នើស្ថានទូត ទាមទារប្រាក់ខែនៅសល់ ពីថៅកែ និងជួយអោយបានត្រឡប់ មកកម្ពុជាវិញ។ ដោយសារ ថៅកែពលការិនី បដិសេធមិនដោះស្រាយ ជាច្រើនលើក ស្ថានទូតបានប្តឹងទៅតុលាការ ហើយតុលាការបាន បង្គាប់អោយថៅកែ ត្រូវសងប្រាក់ខែដែលនៅខ្វះទាំងអស់ ជូនពលការិនីវិញ ប៉ុន្តែថៅកែបានស្នើសុំសងជា តំណាក់ៗ។ ពលការិនី បានសម្រេចចិត្ត វិលត្រឡប់មកកម្ពុជាវិញ ជាមួយប្រាក់ដែលទទួលបាន មួយចំនួន ហើយបានប្រគល់សិទ្ធិជូនស្ថានទូត បន្តទាមទារប្រាក់ខែ ដែលនៅសល់ ហើយផ្ញើជូនតាមក្រោយ។

លោក ជុំ សុន្ទរី បានបន្តថា ទី៦.ពលការិនី អ.ស.អ អាយុ១៧ឆ្នាំ មកពីខេត្តបាត់ដំបង បានទៅប្រទេសម៉ាឡេស៊ី កាលពីខែកក្កដា ឆ្នាំ២០១៦ តាមរយៈក្រុមហ៊ុនAYN នៅភ្នំពេញ។ ដោយធ្វើការលំបាក នាងបានស្នើស្ថានទូតជួយអោយ បានត្រឡប់មកកម្ពុជាវិញ។ ពលការិនីទាំង៦នាក់ ខាងលើ បានមកដល់ព្រលានយន្តហោះ អន្តរជាតិភ្នំពេញ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង០៧:៣៥ នាទីព្រឹក តាមជើងយន្តហោះ លេខAK536 ។ ដោយឡែក ពលរដ្ឋខ្មែរឈ្មោះ ផ.ប.អ អាយុ៣៦ឆ្នាំ និង ឈ្មោះ ម.ស.ប.រ អាយុ២៥ឆ្នាំ មានស្រុកកំណើតនៅ ខេត្តកំពង់ចាម ទាំងពីរនាក់ បានជាប់ឃុំនៅពន្ធនាគារ Bukit Jalil ទីក្រុងគួឡាឡាំពួរ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦ ដោយសារលិខិតឆ្លងដែន ផុតសុពលភាព។ បុរសទាំងពីរនាក់ ទើបតែបានរួច ទោស ហើយស្ថានទូត បានចេញលិខិតធ្វើដំណើរជូន និងស្នើសុំអង្គការអន្តរជាតិ ទេសសន្តរប្រវេសន៍ (IOM) ឧបត្ថម្ភសំបុត្រយន្តហោះ ដល់ពួកគាត់។ ពលរដ្ឋខ្មែរ ទាំង២នាក់ខាងលើ នឹងមកដល់ព្រលានយន្តហោះ អន្តរជាតិភ្នំពេញ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០១៦ វេលាម៉ោង ១៧:១០ នាទី តាមជើងយន្តហោះលេខ MH762 ៕

website_news/2016281003.txt · Last modified: 2017/03/13 11:48 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki