website_news:2016281004

ស្ថានទូតកម្ពុជាប្រចាំសឹង្ហបូរី អន្តរាគមន៍ជួយសង្គ្រោះនារីខ្មែរចំនួន៣នាក់

(http://www.rasmeinews.com) ដោយ ៖ ថ្ងៃទី 28 តុលា 2016 ម៉ោង 10:25:AM

(ភ្នំពេញ)៖ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសសឹង្ហបូរី បានអន្តរាគមន៍ជួយនារីខ្មែរ៣នាក់ ដែលចាញ់ បោកមិត្តភក្តិទៅធ្វើការជានារីខារ៉ាអូខេនៅសឹង្ហបូរី អោយបានត្រឡប់មកកម្ពុជាវិញ,នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេសកម្ពុជានៅថ្ងៃ២៨តុលានេះ។ យោងតាមសេចក្តីជូនដំណឹងនារីដែលត្រូវបានជួយសង្គ្រោះរួមមាន៖

(១) នារីឈ្មោះ ទ.ស អាយុ៣២ឆ្នាំ មានស្រុកកំណើតនៅខេត្តព្រៃវែង (២) នារីឈ្មោះ ហ.ន អាយុ២៣ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ចាម (៣) នារីឈ្មោះ ល.ដ អាយុ២៣ឆ្នាំ មានស្រុកកំណើតនៅខេត្តកោះកុង

នារីខ្មែរទាំង៣នាក់ បានសម្រេចចិត្តទៅធ្វើការនៅសឹង្ហបូរី ដោយរំពឹងថា នឹងបានការងារជាអ្នកចាប់ទឹកកនៅក្នុងក្លឹបរាំកំសាន្តតាមការអះអាងរបស់មិត្តភក្តិ។ ប៉ុន្តែ នៅពេលទៅដល់សឹង្ហបូរី នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០១៦ នារីទាំង៣នាក់ត្រូវបានគេណែនាំអោយធ្វើការជានារីខារ៉ាអូខេវិញ។ នារីរងគ្រោះ បានស្នើសុំថៅកែខារ៉ាអូខេ អោយបញ្ជូនមកកម្ពុជាវិញតែត្រូវបានថៅកែតម្រូវអោយពួកគេសងប្រាក់ចំនួន១.៥០០ដុល្លារសឹង្ហបូរី លើថ្លៃសំបុត្រយន្តហោះ និងថ្លៃកន្លែងស្នាក់នៅ ដើម្បីទទួលបានលិខិតឆ្លងដែនវិញ។

នារីទាំង៣នាក់ បានស្នើសុំស្ថានទូតកម្ពុជា ជួយយកលិខិតឆ្លងដែនពីថៅកែខារ៉ាអូខេ និងជួយអោយបានត្រឡប់មកកម្ពុជាវិញ។ ក្រោមកិច្ចអន្តរាគមន៍របស់ស្ថានទូត ភាគីថៅកែខារ៉ាអូខេ បានយល់ ព្រមប្រគល់លិខិតឆ្លងដែនទាំង៣ច្បាប់ និងទិញសំបុត្រយន្តហោះ អោយនារីខ្មែរទាំង៣នាក់។ នារីរងគ្រោះទាំង៣នាក់ បានមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃទី ២១ ខែ តុលា ឆ្នាំ២០១៦ វេលាម៉ោង២០:៥០នាទី តាមជើងយន្តហោះលេខ3K591។ អំឡុងពេលរង់ចាំការត្រឡប់មកកម្ពុជា ស្ថានទូតបានផ្តល់កន្លែងស្នាក់នៅនិងអាហារបរិភោគដល់ពួកគេផងដែរ៕

website_news/2016281004.txt · Last modified: 2017/03/13 11:50 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki