website_news:2016281101

ស្ថានឯកអគ្គរាជទូតនិងស្ថានអគ្គកុងស៊ុលកម្ពុជា ត្រឹមខែវិច្ឆិកានេះបានជួយពលរដ្ឋខ្មែរជាង8ម៉ឺននាក់

(https://kohsantepheapdaily.com.kh) ដោយ ៖ ចន ណារិទ្ធ ថ្ងៃសៅរ៏ (26-11-2016 15:10)

រាជធានីភ្នំពេញ ៖ លោកជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានឲ្យកោះសន្តិភាពដឹងថា គិតត្រឹមថ្ងៃទី ២៣ វិច្ឆិកា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ហើយនិងស្ថានទូត និងស្ថានអគ្គកុងស៊ុលកម្ពុជានៅក្រៅប្រទេស បានជួយដោះស្រាយបញ្ហារបស់ពលរដ្ឋខ្មែរពិសេសពលករ-ពលការិនី និងស្ត្រីខ្មែរដែលរងគ្រោះពីការជួញដូរនៅបរទេសមានចំនួន៨៤.៥៤៤នាក់ ។

លោកបានបន្តថា ក្នុងចំណោមពលរដ្ឋខ្មែរដែលរងគ្រោះនោះមាន៖ ១-ស្ថានឯកអគ្គរាជទូត និងស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំនៅប្រទេសថៃ បានជួយអន្តរាគមន៍តម្លើងប្រាក់ឈ្នួលជូនពលករស្របច្បាប់ចំនួន២៦០នាក់ ,ជួយសម្រួលស្នើសុំទិដ្ឋាការជូនពលករ-ពលការិនីកម្ពុជាទៅធ្វើការក្នុងក្របខ័ណ្ឌនៃអនុស្សារណៈរវាងប្រទេសទាំងពីរចំនួន ១៤.៨៩០ នាក់ ។

លោកជុំ សុន្ទរី បានឲ្យដឹងទៀតថាកាលពីឆ្នាំ២០១៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើកំណត់ទូតស្នើសុំទិដ្ឋាការជូនពលករកម្ពុជា ទៅធ្វើការនៅប្រទេសថៃបានចំនួន ៦៨.១៧៤នាក់ ចំណែកស្ថានឯកអគ្គរាជទូត និងស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំនៅប្រទេសថៃ បានជួយដោះស្រាយរាល់បញ្ហាដែលកើតមានឡើងចំពោះពលករកម្ពុជាដូចជា ស្នើភាគីថៃបញ្ឈប់ការចាប់ខ្លួនពលករកម្ពុជា ដែលកាន់ប័ណ្ណស្នាក់បណ្តោះអាសន្ន (ប័ណ្ណស៊ីជម្ពូ) ផ្តល់ប័ណ្ណការងារ(Work Permit) និងទិដ្ឋាការស្នាក់នៅដល់ពលករខ្មែរ ការរំលោភ ឬបំពានផ្សេងៗពីសំណាក់និយោជកមកលើពលករខ្មែរ ផ្តល់ការគាំទ្រផ្នែកច្បាប់(ផ្តល់មេធាវីពេលឡើងតុលាការ) ការទាមទារសំណងផ្សេងៗ និងជួយសម្រួលការធ្វើមាតុភូមិនិវត្តន៍ជាដើម ។

លោកបានបន្តថា ស្ថានឯកអគ្គរាជទូត និងស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំនៅប្រទេសវៀតណាម បានជួយសង្គ្រោះ និងសម្រួលការធ្វើមាតុភូមិនិវត្តន៍ជូនពលរដ្ឋកម្ពុជាបានចំនួន ១៨៤ នាក់ ។

ស្ថានឯកអគ្គរាជទូត និងស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំនៅប្រទេសឡាវ បានជួយសង្គ្រោះ និងសម្រួលការធ្វើមាតុភូមិនិវត្តន៍ជូនពលរដ្ឋកម្ពុជា បានចំនួន ០១ នាក់ ។

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសម៉ាឡេស៊ី បានជួយសង្គ្រោះ និងសម្រួលការធ្វើមាតុភូមិនិវត្តន៍ជូនដល់ពលករ-ពលការិនីកម្ពុជា ក្នុងឆ្នាំ ២០១៦ បានចំនួន ១៨៩នាក់ ឆ្នាំ ២០១៥ ចំនួន៥៥នាក់ និងឆ្នាំ២០១៤ បានចំនួន៣៤នាក់ ។

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឥណ្ឌូណេស៊ី បានជួយសង្គ្រោះ និងសម្រួលការធ្វើមាតុភូមិនិវត្តន៍ជូនពលករកម្ពុជាធ្វើការលើទូកនេសាទថៃក្នុងឆ្នាំ ២០១៦ ចំនួន ៦១ នាក់ ឆ្នាំ ២០១៥ ចំនួន៤២៧ នាក់ និងក្នុងឆ្នាំ២០១៤ ចំនួន ២៣ នាក់ ។

ស្ថានឯកអគ្គរាជទូត និងស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំនៅប្រទេសសិង្ហបុរី បានជួយសង្គ្រោះ និងសម្រួលការធ្វើមាតុភូមិនិវត្តន៍ជូនពលរដ្ឋកម្ពុជាក្នុងឆ្នាំ២០១៦ ចំនួន ០៦ នាក់ ។

ស្ថានឯកអគ្គរាជទូត និងស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំប្រទេសចិន បានជួយសង្គ្រោះ និងសម្រួលការធ្វើមាតុភូមិនិវត្តន៍ជូនដល់ស្ត្រីរងគ្រោះកម្ពុជា ក្នុងឆ្នាំ២០១៦ ចំនួន ៥៦ នាក់ ឆ្នាំ២០១៥ ចំនួន ៨២ នាក់ និងឆ្នាំ២០១៤ ចំនួន៥៩ នាក់ ។

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសជប៉ុន បានជួយសង្គ្រោះ និងសម្រួលការធ្វើមាតុភូមិនិវត្តន៍ជូនដល់កម្មសិក្សាការីកម្ពុជា ឆ្នាំ២០១៦ ចំនួន ០៩ នាក់ ។

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសអូស្ត្រាលី និងនូវែលសេឡង់ បានជួយសង្គ្រោះ និងសម្រួលការធ្វើមាតុភូមិនិវត្តន៍ជូនដល់ពលរដ្ឋកម្ពុជា ក្នុងឆ្នាំ ២០១៦ ចំនួន ០១ នាក់ ឆ្នាំ២០១៥ ចំនួន ០៦ នាក់ ពីប្រទេសប៉ាពូញ៉ូហ្គីណេ និងប្រទេសអារ៉ាប៊ីសាអូឌីត ។

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅរដ្ឋកូវ៉ែត បានជួយសង្គ្រោះ និងសម្រួលការធ្វើមាតុភូមិនិវត្តន៍ជូនដល់ពលរដ្ឋកម្ពុជា ឆ្នាំ២០១៦ចំនួន ០១ នាក់ ឆ្នាំ២០១៥ ចំនួន ០២ នាក់ និងឆ្នាំ២០១៤ ចំនួន ០៧ នាក់ ។

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទសរុស្ស៊ី បានជួយសង្គ្រោះ និងសម្រួលការធ្វើមាតុភូមិនិវត្តន៍ជូនដល់ពលរដ្ឋកម្ពុជា ក្នុងឆ្នាំ២០១៦ ចំនួន ០២ នាក់ ។

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទសហ្វីលីពីន បានជួយអន្តរាគម និងសម្រួលការធ្វើមាតុភូមិនិវត្តន៍ជូនដល់ពលរដ្ឋកម្ពុជា ក្នុងឆ្នាំ២០១៥ ចំនួន ០៤ នាក់ និងជួយសង្គ្រោះប្រជាពលរដ្ឋខ្មែរនៅប្រទេសអាហ្វ្រិកខាងត្បូង ក្នុងឆ្នាំ២០១៥ បានចំនួន ០១ នាក់ផងដែរ ៕

website_news/2016281101.txt · Last modified: 2017/03/16 12:24 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki