website_news:2016281102

ពលករខ្មែរនៅម៉ាទ្បេស៊ីស្នើរដ្ឋាភិបាលយកចិត្តទុកដាក់មុនបញ្ជូនពលករទៅក្រៅប្រទេស

(http://wmc.org.kh) ដោយ៖ ជួន សារ៉េត | ថ្ងៃទី 27 វិច្ឆិកា 2016 | ម៉ោង 5:12 PM

ភ្នំពេញ ៖ តំណាងពលករខ្មែរជាស្ត្រីធ្វើការនៅប្រទេសម៉ាទ្បេស៊ី បានអំពាវនាវឱ្យរាជរដ្ឋាភិបាលកម្ពុជាពង្រឹងការយកចិត្តទុកដាក់ទៅលើពលករចំ ណាកស្រុកធ្វើការនៅក្រៅប្រទេស ខណៈតំណាងពលកររូបនេះថា ពលករខ្មែរដែលចេញទៅធ្វើការនៅប្រទេសម៉ាទ្បេស៊ី កំពុងជួបបញ្ហាប្រ ឈមច្រើនគួរឱ្យព្រួយបារម្ភ។ ការលើកទ្បើងនេះធ្វើទ្បើងនៅក្នុងសិក្ខាសាលា«ពិគ្រោះយោបល់ផលប៉ះពាល់នៃចំណាកស្រុកលើស្ត្រី និងកូនរបស់គាត់» នៅភោជនីយដ្ឋាន អ័រគីដេ នាព្រឹកថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០១៦។

កញ្ញា ម៉ម ផុនម៉ូនីតា ពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសម៉ាទ្បេស៊ី ផ្តល់កិច្ចសម្ភាសន៍ដល់អ្នកសារព័ត៌មាន។ បញ្ហាប្រឈមរបស់ស្ត្រីដែលចំណាកស្រុកធ្វើនៅក្រៅប្រទេស ជាពិសេសប្រទេសម៉ាទ្បេស៊ី នៅតែជាប្រធានបទសំខាន់របស់រាជរដ្ឋាភិបាល ក៏ដូចជាអង្គការសង្គមស៊ីវិល និងពលករ ដែលតែងតែលើកទ្បើងពីបញ្ហាប្រឈមរបស់ខ្លួនក្នុងការរស់នៅក្រៅប្រទេសជាពិសេស បញ្ហាភាសាទំនាក់ ទំនង និងលក្ខខណ្ឌការងារធ្វើការជាដើម។ តំណាងពលករខ្មែរមកពីប្រទេសម៉ាទ្បេស៊ីម្នាក់ ក្នុងចំណោមពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសម៉ាទ្បេស៊ីជាច្រើនរយនាក់គឺ កញ្ញា ម៉ម ផុនម៉ូនីតា បានលើកទ្បើងថា បញ្ហាប្រឈមចម្បងៗដែលពលករខ្មែរធ្វើការនៅប្រទេសម៉ាទ្បេស៊ីកំពុងតែជួបប្រទះ រួមមានបញ្ហាភាសា បញ្ហាឆាប់ភ័យខ្លាច ចំណេះដឹងនៅមានកម្រិតជាដើម។ តំណាងពលករខ្មែរខ្មែរូបនេះ ស្នើឱ្យរាជរដ្ឋាភិបាលកម្ពុជាត្រូវអនុវត្តតួនាទីរបស់ខ្លួនដូចជា៖«មុនបញ្ជូនមនុស្សទៅប្រទេសណាមួយសូមឱ្យបណ្តុះបណ្តាលគាត់ឱ្យច្បាស់លាស់សិន សូមឱ្យបង្រៀនគាត់ឱ្យយល់ពីបញ្ហាហ្នឹងមិនមែនថាតាម Agencyគេលួង ធម្មតា Agencyគេធ្វើមួយៗបានលុយរដ្ឋាភិបាលបណ្តោយតាមហ្នឹងសូមឱ្យគាត់ពង្រឹងវិស័យហ្នឹង ពង្រឹងថាមុនយើងបញ្ជូនមនុស្សឱ្យទៅប្រទេសទីពីរយើងត្រូវបង្រៀនពួកគាត់ឱ្យយល់ពីបញ្ហាច្បាប់នៅស្រុកគេរបៀបម៉េចទៅដល់គាត់អត់សូវយល់ដល់ពេលគេនិយាយអីតិចឆាប់ជឿគេ សូមឱ្យរដ្ឋាភិបាលខ្មែរពង្រឹងបញ្ហហ្នឹង»។

ចំណែកប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហៅកាត់ថា IDEA លោក វន ពៅ បានផ្តល់បទសម្ភាសន៍ជាមួយអ្នកសារ ព័ត៌មានថា ការរៀបចំសិក្ខាសាលានេះ មានគោលបំណងសំខាន់ៗចំនួនបីដូចជា៖ ទីមួយចង់បង្ហាញពីរបាយការណ៍ពីផលប៉ះពាល់ទៅលើស្ត្រី និង កូនពលករដែលធ្វើការនៅប្រទេសម៉ាទ្បេស៊ី ទីពីរ បង្ហាញរបាយការណ៍ចំនួនប្រាក់ឈ្នួលពលករទៅធ្វើការនៅប្រទេសម៉ាទ្បេស៊ីដោយស្របច្បាប់ និងខុសច្បាប់ និងទីបី សង្គមស៊ីវិលនឹងយករបាយការណ៍ស្រាវជ្រាវនេះ ជម្រុញឱ្យក្រសួងពាក់ព័ន្ធទាំងភាគីកម្ពុជា និងប្រទេសម៉ាទ្បេស៊ី គឺត្រូវតែទទួលខុសត្រូវលើពលករខែ្មរដែលធ្វើការចំណាកស្រុកនេះ ឱ្យទទួលបានកិច្ចគាំពារដោយស្របច្បាប់ និងត្រឹមត្រូវតាមលក្ខខណ្ឌការងារល្អប្រសើរជាដើម។

លោក វន ពៅ គូសបញ្ជាក់ថា រដ្ឋាភិបាលប្រទេសម៉ាទ្បេស៊ី និងរដ្ឋាភិបាលកម្ពុជាត្រូវធានាឱ្យបាននូវការគោរពសិទ្ធិរបស់ពួកគេ ខណៈពលករខ្មែរធ្វើការនៅប្រទេសម៉ាទ្បេស៊ីទទួលប្រាក់ខែតិចនៅទ្បើយ បើប្រៀបធៀបទៅនឹងការចំណាយ។ លោក វន ពៅ ៖«ចង់ឱ្យរដ្ឋាភិបាលត្រូវតែទទួល ខុសត្រូវទៅលើការបញ្ជូនពលករទៅម៉ាទ្បេស៊ីព្រោះខ្ញុំបានទៅពិនិត្យជាក់ស្តែងគឺក្រុមហ៊ុនដែលជាភ្នាក់ងារបញ្ជូនពលករទៅម៉ា ទ្បេស៊ីហ្នឹងគឺបញ្ជូនហើយទៅលក់ឱ្យភ្នាក់ងារនៅម៉ាទ្បេស៊ីមួយជាន់ទៀតលក់ហើយគេធ្វើបាបពេលខ្លះអត់មានប្រាក់ខែរត់ចេញពីក្រុមហ៊ុន រត់ចេញពីក្រុមហ៊ុនប៉ូលីសចាប់ទៀតសួរថាអាហ្នឹងយើងចង់ឱ្យរដ្ឋាភិបាលទាំងពីរត្រូវតែទទួលខុសត្រូវទៅលើសិទ្ធិពលករធានានូវជីវភាព ធានានូវការរស់នៅប្រកប ដោយភាពថ្លៃថ្នូរ»។

ជុំវិញការលើកទ្បើងនេះដែរ អ្នកស្រាវជ្រាវពីមជ្ឈមណ្ឌលសម្រាប់ការសិក្សា និង អភិវឌ្ឍភាពក្រីក្រមួយនៅសាកលវិទ្យាល័យ ម៉ាទ្បេស៊ី លោកស្រី Por Heong Hong មានប្រសាសន៍តាមរយៈអ្នកបកប្រែថា តាមការសិក្សាស្រាវជ្រាវចំនួន ៤ ខេត្តនៅប្រទេសម៉ាទ្បេស៊ី លោកស្រីបានរកឃើញថា មានពលករខ្មែរចំណាកស្រុកប្រហែល ៥០% ទៅធ្វើការដោយស្របច្បាប់ ហើយប្រហែល ៥០% ទៀត ជាពលករធ្វើការមិនស្របច្បាប់។

លោកស្រី Por Heong Hong លើកទ្បើងទៀតថា ពលករខ្មែរមួយចំនួនមិនសូវយល់ដឹងពីកិច្ចសន្យាការងារនោះទេ មានន័យថា ក្រោយធ្វើកិច្ច សន្យាការងារជាមួយក្រុមហ៊ុនរួច ពួកគេមិនបានយកចិត្តទុកដាក់រក្សាទុកឯកសារ ដែលធ្វើឱ្យពួកគេជួបបញ្ហាប្រឈមពេលមានរឿងជាមួយថៅកែ។ លោកស្រីបន្ថែមថា ពលករប្រមាណ ៤៦% ពុំបានឆ្លងកាត់ការសិក្សា ហើយ ៥៤ % បានសិក្សាត្រឹមកម្រិតបឋមសិក្សាជាដើមនេះក៏ជាមូលហេតុនៃបញ្ហាប្រឈមរបស់ពលករខ្មែរដែរ។ លោកស្រី Por Heong Hong បានផ្តល់ជាអនុសាសន៍ថាដើម្បីជួយសម្រួលដល់ការប្រកបការងាររបស់ពលករខ្មែរនៅប្រទេសម៉ាទ្បេស៊ី រដ្ឋាភិបាលទាំងពីរត្រូវបំពេញកាតព្វកិច្ចដូចជា៖ «ទីមួយគឺឱ្យសិទ្ធិរបស់ពួកគាត់ធ្វើការនៅម៉ាទ្បេស៊ីឱ្យបានប្រសើរទ្បើង ទីពីរ ពិនិត្យទ្បើងវិញនូវការចំណាយទៅលើក្រុមហ៊ុនដែលជ្រើសរើសហើយរាល់ឯកសារថ្លៃចំណាយផ្សេងរបស់ពលករក៏ត្រូវពិនិត្យទ្បើងវិញផងដែរដើម្បីជួយសម្រួលទៅដល់ពួកគាត់»។

បើយោងទៅតាមរបាយការណ៍មួយ ដែលចេញផ្សាយដោយសមាគមសិទ្ធិមនុស្ស អាដហុក កាលពី ឆ្នាំ២០១៥ ពាក្យបណ្ដឹងសរុបដែលពលរដ្ឋខ្មែរចាញ់បោកមេខ្យល់ នៅ ក្រៅប្រទេសគិតត្រឹម ១០ ខែចុងក្រោយ មានចំនួន ១១៨ ករណី ហើយនៅក្នុងនោះមាន ជនរងគ្រោះទាំងអស់ ៥២៨នាក់។ បុរសមានចំនួន ៣២២នាក់ និង ស្ដ្រី ២០៦នាក់ ៕

website_news/2016281102.txt · Last modified: 2017/03/16 12:26 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki