website_news:2016281103

ខ្មែរនៅម៉ាឡេស៊ីលំបាក ខណៈរីងហ្គីតធ្លាក់ចុះ

(http://www.postkhmer.com) Mon, 28 November 2016 ទូច សុខា

ភ្នំពេញៈ ការសិក្សាស្រាវជ្រាវមួយបង្ហាញថា ពលករខ្មែរធ្វើការនៅម៉ាឡេស៊ីជួបការលំបាកកាន់តែខ្លាំងក្រោយតម្លៃប្រាក់រីងហ្គីតចុះប្រមាណពីរឆ្នាំមកនេះបើធៀបនឹងប្រាក់ដុល្លារអាមេរិកជាហេតុធ្វើឲ្យការសន្សំប្រាក់របស់ពួកគេធ្លាក់ចុះ ខណៈការមានផ្ទៃពោះនៅទីនោះក៏ត្រូវបានច្បាប់ហាមនិងត្រូវប្រឈមការបញ្ជូនមកកម្ពុជាវិញ។ ដោយសហការជាមួយសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធកាលពីម្សិលមិញនៅរាជធានីភ្នំពេញ អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យម៉ាឡាយ៉ារបស់ម៉ាឡេស៊ី គឺលោកស្រី Por Heong Hong បានធ្វើបទបង្ហាញពីការស្រាវជ្រាវមួយទាក់ទងនឹងពលករកម្ពុជាដែលកំពុងធ្វើការនៅម៉ាឡេស៊ី។

លោកស្រីថាពលករខ្មែរស្របច្បាប់ប្រហែល ៧៧០០នាក់ ដែលធ្វើការនៅម៉ាឡេស៊ី អាចរកចំណូលប្រចាំខែបានពីចន្លោះ១១៥០ទៅ១៨០០រីងហ្គីតឬប្រហាក់ប្រហែល២៥៧ដុល្លារទៅ៤០០ដុល្លារ។ លោកស្រីបន្តថា សម្រាប់ពលករខុសច្បាប់ដែលមិនមានតួលេខពិតប្រាកដអាចរកណូល៥០០រីងហ្គីត(ប្រហែល ១១១ ដុល្លារ) ទៅដល់១២០០រីងហ្គីត(ប្រហែល២៦៨ដុល្លារ)។ នេះបើគិតទៅតាមអត្រាប្តូរប្រាក់បច្ចុប្បន្ន១ដុល្លារប្រហាក់ប្រហែលនឹង៤,៥រីងហ្គីត។

លោកស្រីឲ្យដឹងថា តម្លៃប្រាក់រីងហ្គីតចាប់ផ្តើមធ្លាក់ចុះខ្លាំងបន្ទាប់ពីផ្ទុះរឿងអាស្រូវផ្ទេរសាច់ប្រាក់ប្រហែល៧០០លានដុល្លារចូលក្នុងគណនីឯកជនលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Najib Razak។ លោកស្រីថា មុនពេលមានបញ្ហានេះ ពលករខ្មែរចំណាយតែជាង៣រីងហ្គីតប៉ុណ្ណោះសម្រាប់ទិញ១ដុល្លារអាមេរិក ប៉ុន្តែបច្ចុប្បន្ន ពលករខ្មែរត្រូវចំណាយជាង៤រីងហ្គីត ដើម្បីទិញបាន១ដុល្លារ។ លោកស្រីបញ្ជាក់ថា តាមអត្រាប្តូរប្រាក់បច្ចុប្បន្នធៀបនឹងរយៈពេលមុនប្រាក់រីងហ្គីតមិនទាន់ធ្លាក់ថ្លៃ ពលករខ្មែរខាតប្រាក់ប្រហែល១០០ដុល្លារ នៅពេលពួកគាត់ប្តូរយកប្រាក់ដុល្លារដើម្បីផ្ញើមកស្រុកកំណើត។ លោកស្រីថា ពលករកម្ពុជាស្របច្បាប់នៅម៉ាឡេស៊ីចំណាយលើការធានារ៉ាប់រងសុខភាព ពន្ធស្នាក់នៅ និងថ្លៃឈ្នួលផ្ទះអស់មួយខែចន្លោះពី១៥០រីងហ្គីតទៅ១៧០ រីងហ្គីត។

ដោយឡែក សម្រាប់ពលករខុសច្បាប់អាចចំណាយប្រហែលជា១០០០០រីងហ្គីតក្នុងមួយឆ្នាំដែលប្រាក់ទាំងនោះចំណាយលើការសូកប៉ាន់មន្ត្រីអនុវត្តច្បាប់ដើម្បីបានបន្តនៅទីនោះតទៀត។

បើតាមលោកស្រី Por Heong Hong ពលករខ្មែរស្របច្បាប់នៅទីនោះបានផ្ញើប្រាក់មកស្រុកកំណើតចន្លោះពី៥០០រីងហ្គីតទៅ១០០០រីងហ្គីតក្នុងមួយខែ ខណៈពលករខុសច្បាប់មានប្រាក់ផ្ញើមកស្រុកប្រហែល ៥០០ រីងហ្គីតក្នុងមួយខែ។ លោកស្រីឲ្យដឹងទៀតថា ស្ត្រីខ្មែរជាពលករនៅម៉ាឡេស៊ីទាំងស្របច្បាប់ និងខុសច្បាប់ត្រូវបានហាមឃាត់ដោយច្បាប់ម៉ាឡេស៊ីមិនឲ្យមានផ្ទៃពោះទេហើយក្នុងករណីមានផ្ទៃពោះនឹងត្រូវបញ្ចូនមកប្រទេសកំណើតវិញ។ មួយវិញទៀត លោកស្រីថា កូនៗរបស់ពលករទាំងនោះក៏មិនអាចបានទទួលការអប់រំនៅម៉ាឡេស៊ីបានដែរ បើទោះបីជារស់នៅជាមួយឪពុកម្តាយរបស់ពួកគេក៏ដោយ ពីព្រោះមិនមានសំបុត្រកំណើតចេញដោយអាជ្ញាធរម៉ាឡេស៊ី។ លោកស្រីថា ក្នុងករណីនេះស្ត្រីទាំងនោះត្រូវទុកកូនឲ្យនៅប្រទេសកំណើតដើម្បីទទួលបានការសិក្សា។លោកស្រីបន្ថែមថា៖ «ពលកររបស់កម្ពុជាសម្រេចចិត្តទៅធ្វើការនៅម៉ាឡេស៊ី ដោយសារស្ថានភាពនៅកម្ពុជាអាក្រក់ជាងនៅក្នុងប្រទេសម៉ាឡេស៊ី ហើយអ្នកទាំងនោះមិនមានបំណងរស់នៅយូរទេ ដោយគ្រាន់តែទៅដើម្បីសន្សំប្រាក់.ពលករខ្មែរខ្លះមិនទាំងបានដឹងពីសិទ្ធិរបស់ខ្លួនថាមានអ្វីខ្លះផងនៅពេលទៅធ្វើការនៅម៉ាឡេស៊ីនោះ»។

ទាក់ទងនឹងករណីនេះ ពលករខ្មែរនៅម៉ាឡេស៊ីម្នាក់គឺអ្នកស្រី ម៉មផុន មូនីតា បានឲ្យដឹងថា អ្នកស្រីបានទៅធ្វើការក្នុងវិស័យឧស្សាហកម្មនៅម៉ាឡេស៊ីអស់ពេល១៣ឆ្នាំមកហើយ។ អ្នកស្រីថា ការធ្លាក់ថ្លៃប្រាក់រីងហ្គីតកើតតាំងពីឆ្នាំ ២០១៥ មក។ អ្នកស្រីថា ការធ្លាក់ចុះនេះធ្វើឲ្យកម្មករខាតបង់ប្រាក់សន្សំរបស់ខ្លួនបើធៀបនឹងប្រាក់ដុល្លារ។ អ្នកស្រីបន្ថែមថា៖ «ប្រសិនបើគិតទៅពីមុនដូចថា ក្នុងមួយខែយើងរកបាន៣០០ដុល្លារ ប៉ុន្តែឥឡូវ បានតែជាង២០០ដុល្លារទេ មានន័យថា ពួកគាត់ខាត គាត់នៅកាន់តែយូរកាន់តែខាត ព្រោះនៅម៉ាឡេស៊ីទិញទំនិញក៏ត្រូវបង់ពន្ធបន្ថែមពីលើហ្នឹងដែរដែលពីមុនអត់មានគិតពន្ធលើការទិញទំនិញនោះទេ»។

ទោះយ៉ាងនេះក្តី អ្នកស្រីថា ពលករខ្មែរនៅម៉ាឡេស៊ី មិនចង់វិលមកកម្ពុជាវិញទេ ដោយសារស្ថានភាពនៅម៉ាឡេស៊ីល្អជាង។ អ្នកស្រីបន្ថែមថា៖ «ចំពោះការនៅនេះមិនទាន់ ជាសមរម្យអីប៉ុន្មានទេព្រោះគាត់ត្រូវបង់ថ្លៃផ្ទះជួល ថ្លៃហូបចុកប្រចាំថ្ងៃ ហើយបើការនៅនោះមានកន្លែងស្នាក់នៅដោយមិនគិតថ្លៃ ហើយបើគាត់នៅយូររដ្ឋគេមិនគិតថ្លៃពន្ធស្នាក់នៅទេ អ៊ីចឹងគាត់ចេះតែបន្តនៅទៅ»។

អ្នកស្រីស្នើឲ្យរដ្ឋាភិបាលជួយបណ្តុះបណ្តាលពលករខ្មែរអំពីច្បាប់ទម្លាប់របស់ប្រទេសដែលពួកគាត់ត្រូវទៅបម្រើការមុនពេលបញ្ជូនពួកគាត់ទៅដោយថាកន្លងមកពលករខ្មែរនៅម៉ាឡេស៊ីមិនចេះទាំងភាសាបរទេសនិងមិនបានយល់ដឹងពីច្បាប់ទម្លាប់រស់នៅក្នុងប្រទេសនេះ។

ទោះយ៉ាងណាអ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ អះអាងថា ពលករទាំងអស់បានទទួលការបណ្តុះបណ្តាលមុននឹងបញ្ជូនចេញទៅធ្វើការនៅម៉ាឡេស៊ីដោយលោកថាភ្នាក់ងារបញ្ជូនពលករចេញជាអ្នករ៉ាប់រងរឿងនេះ។ លោកបានឲ្យដឹងថា ពលករខ្មែរដែលនៅម៉ាឡេស៊ីទាំងស្របច្បាប់និងមិនស្របច្បាប់បច្ចុប្បន្ន មានប្រហែលជា៤ម៉ឺននាក់៕

website_news/2016281103.txt · Last modified: 2017/03/16 12:29 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki