website_news:2016281201

ពលរដ្ឋចោទក្រុមហ៊ុននាំពលករមួយថាបោកប្រាស់ពួកគេ

(http://vodhotnews.com) ដោយ លោក ឃុត សុគន្ធ ថ្ងៃអង្គារ ទី២៧ ខែធ្នូ ឆ្នាំ២០១៦ ម៉ោង 3:19 PM

ពលរដ្ឋមួយចំនួនចោទក្រុមហ៊ុនមួយដែលរកស៊ីនាំពលករទៅក្រៅប្រទេសថា បោកប្រាស់ពួកគេដោយមិនបានបញ្ជូនពួកគេទៅធ្វើការនៅក្រៅប្រទេសតាមការសន្យានិងទារលុយបន្ថែមពេលពួកគេសុំដកលិខិតឆ្លងដែនវិញ។

លោក ហាក់ សុខ ប្រាប់វីអូឌីថា កាលពីខែកក្តដាឆ្នាំ២០១៦ លោកបានទៅចុះឈ្មោះនៅក្រុមហ៊ុននាំពលករទៅធ្វើការនៅក្រៅប្រទេសមួយឈ្មោះថា “ក្រុមហ៊ុននាំពលករខ្មែរ” (អេ.ភី ធី.អេស.អ៊ី អេន ស៊ី) នៅសាខាខេត្តបន្ទាយមានជ័យ ដើម្បីបានទៅធ្វើការងារនៅប្រទេសថៃ។ លោកបញ្ជាក់ថា កាលចុះឈ្មោះនោះពួកគាត់មានគ្នា៥នាក់បានដាក់ពាក្យសុំធ្វើការងារផ្នែកអេឡិចត្រូវនិចនិងផ្នែកសង្ហារឹម ហើយក្រុមហ៊ុនបានសន្យាបញ្ជូនពួកគាត់ទៅតាមការស្នើសុំ ដោយក្រុមហ៊ុនថានឹងបញ្ជូនពួកគាត់ទៅនៅដើមខែសីហា ប៉ុន្តែលោកថារហូតមកដល់ខែធ្នូនេះក្រុមហ៊ុនមិនទាន់បានបញ្ជូននោះទេ ហើយពេលពួកគេសុំដកលិខិតឆ្លងដែនវិញ ក្រុមហ៊ុនបានទារលុយបន្ថែមម្នាក់១០០ដុល្លារថែមទៀត។

លោកបន្ថែមថា៖ “ពួកខ្ញុំចង់ទៅគ្រឿងអេឡិចត្រូនិចឬក៏គ្រឿងសង្ហារឹម គាត់ថាឲ្យទៅគ្រឿងសង្ហារឹម ដល់ពេលលទ្ធផលចុងក្រោយមកវាអត់បានទៅទេ គោលការណ៍ដែលយើងចង់ទៅហ្នឹង វាអត់បានដូចចិត្ត ហើយចំណាយពេលវេលាច្រើន ហើយអត់បានទៅទៀត ដល់អញ្ចឹងសុំអត់ទៅវិញ ហើយសុំដក់ប៉ាស្ព័រមកវិញតែខាងក្រុមហ៊ុនថា ចង់ដកវិញទាល់តែពួកខ្ញុំហ្នឹងឲ្យក្រុមហ៊ុនម្នាក់១០០ដុល្លា”។

ពលរដ្ឋម្នាក់លោក ឡែន ស៊ីណាត ប្រាប់វីអូឌីថា លោកបាននាំប្អូននិងពលរដ្ឋចំនួន៥នាក់ទៅចុះឈ្មោះនៅក្រុមហ៊ុននោះដែរ ដោយបានចំណាយថវិកាឲ្យក្រុមហ៊ុនរត់ការធ្វើលិខិតឆ្លងដែនឲ្យអស់លុយប្រមាណ៣៥០ដុល្លារក្នុងម្នាក់ដើម្បីប្រញាប់បានទៅធ្វើការងារនៅប្រទេសថៃ ប៉ុន្តែលោកថារហូតមកដល់ពេលនេះក្រុមហ៊ុនមិនបានបញ្ជូនអ្នកទាំងនោះទៅធ្វើការនៅប្រទេសថៃនៅឡើយទេ។ លោកបន្ថែមថា៖ “ប្អូនខ្ញុំអត់មានប៉ាស្ព័រ ហើយខ្ញុំត្រូវធ្វើបន្ទាន់ ដល់ធ្វើបន្ទាន់គេយក៣៥០ដុល្លារ ប៉ុន្តែបានប៉ាស័្ពរវាមិនបានចេញទៅ។ អញ្ចឹងក្រសួងការងារគាត់គួរតែមានការត្រួតពិនិត្យឡើងវិញចំពោះក្រុមហ៊ុន ព្រោះអាចមានបុគ្គលខូច គាត់ធ្វើខុសដែលក្រុមហ៊ុនមិនដឹងដែលអាចនាំឲ្យមានបញ្ហាដល់ពលករដែលចង់ទៅធ្វើការងារនៅក្រៅប្រទេស”។

វីអូឌីបានទូរសព្ទសុំការឆ្លើយបំភ្លឺពីបុគ្គលិកក្រុមហ៊ុននាំពលករខ្មែរ (អេ.ភី ធី.អេស.អ៊ី អេន ស៊ី) ប្រចាំខេត្តបន្ទាយមានជ័យដែរ ប៉ុន្តែអ្នកទទួលទូរសព្ទនោះមិនឆ្លើយសំនួរដែលវីអូឌីសួរទេ ដោយគេព្យាយាមឲ្យវីអូឌីប្រាប់ឈ្មោះពលករដែលតវ៉ានោះទៅវិញ។

អគ្គនាយកក្រុមហ៊ុន អេ.ភី ធី.អេស.អ៊ី អេន ស៊ី គឺលោក សេង សិទ្ធីជ័យ ប្រាប់វីអូឌីថា លោកមិនបានដឹងថាសាខាក្រុមហ៊ុននៅខេត្តកើតមានបញ្ហានេះទេ។ តែយ៉ាងលោកថា ករណីដែលក្រុមហ៊ុនមិនអាចបញ្ជូនពលករទៅតាមផ្នែកដែលខ្លួនចង់ធ្វើនោះ ដោយសារកន្លែងនោះពេញអស់ហើយ។ ចំពោះពលករទៅសុំដកលិខិតឆ្លងដែនវិញនោះ លោកថាក្រុមហ៊ុនមិនមានគោលការណ៍យកលុយបន្ថែមនោះទេ។ លោកបន្ថែមថា៖ “ករណីពលករដូរចិត្តមិនទៅវិញ គោលការណ៍ក្រុមហ៊ុនអត់មានឲ្យយកលុយថែមទេ ហើយបើគាត់មានវិបត្តិ អញ្ចឹងគាត់អាចខលមកខ្ញុំផ្ទាល់ ខ្ញុំនឹងឆែកទៅសាខាហ្នឹង”។

កាលពីខែកុម្ភៈ ឆ្នាំ២០១៦ គ្រួសាររបស់ពលករ៧នាក់បានមកដាក់ពាក្យបណ្តឹងនៅសមាគមអាដហុកដើម្បីឲ្យជួយអន្តរាគមន៍រំដោះកូនរបស់ពួកគេដែលកំពុងធ្វើការខុសច្បាប់នៅក្រៅប្រទេសបានមកកម្ពុជាវិញ។ កាលនោះឪពុកម្តាយជនរងគ្រោះនិយាយថា កូនៗរបស់ពួកគេទៅធ្វើការនៅប្រទេសឡេស៊ី គឺតាមរយៈក្រុមហ៊ុននាំពលករខ្មែរ (អេ.ភី ធី.អេស.អ៊ី អេន ស៊ី) នេះដែរ ហើយរយៈពេលធ្វើការនៅប្រទេសម៉ាឡេស៊ី៩ខែនោះ ក្រុមហ៊ុនមិនបាន បើកប្រាក់ឈ្នួលឲ្យនោះទេ៕

website_news/2016281201.txt · Last modified: 2017/03/17 14:09 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki