website_news:2016281202

ឧទ្ធរណ៍ជម្រះក្ដីករណីកូនធម៌ ប្ដឹងម្ដាយធម៌រឿងជួញដូរនាងទៅចិន

(http://www.postkhmer.com) Wed, 28 December 2016 គឹម សារុំ

ភ្នំពេញៈ សាលាឧទ្ធរណ៍ពីម្សិលមិញបានជំនុំជម្រះបណ្តឹងទាស់របស់ស្រ្តីចំណាស់ម្នាក់បន្ទាប់ពីតុលាការថ្នាក់ក្រោមផ្តន្ទាទោសដាក់គុក ៩ ឆ្នាំដែលប្ដឹងដោយកូនធម៌របស់ខ្លួនថាបានអូសទាញនាងទៅរៀបការនឹងបុរសចិនប្រព្រឹត្តកាលពីឆ្នាំ ២០១៥ នៅរាជធានីភ្នំពេញ។ តាមអង្គហេតុបង្ហាញថាស្រ្តីជាប់ចោទឈ្មោះ អ៊ុក វណ្ណនី អាយុ ៦១ ឆ្នាំ និងនារីរងគ្រោះឈ្មោះ សំ ស្រីតូច អាយុ ២៣ ឆ្នាំ។ ក្នុងឆ្នាំ ២០១៥ នារីរងគ្រោះជាជនអនាថាហើយបានសុំស្រ្តីជាប់ចោទធ្វើជាម្តាយធម៌ និងស្នាក់នៅជាមួយគ្នា។

អង្គហេតុបន្តថាដោយសារស្រ្តីជាប់ចោទមានកូនស្រីនៅចិននារីរងគ្រោះបានសុំឲ្យគាត់ជួយទាក់ទងទៅនាងដើម្បីបានទៅធ្វើការនៅទីនោះដែរហើយនារីរងគ្រោះដែលស្លៀកពាក់ និងតែងខ្លួនជាមនុស្សប្រុសនោះបាននាំស្រ្តីជាប់ចោទទៅធ្វើលិខិតឆ្លងដែនអស់ ១២០ ដុល្លារ។ ប៉ុន្តែទោះជាធ្វើលិខិតឆ្លងដែនបាន ២ ទៅ ៣ ខែហើយក្តីតែនារីរងគ្រោះមិនទាន់បានទៅទេហើយក៏បបួលនារីម្នាក់ទៀតឈ្មោះ វ៉ាត លី ទៅដែរ។ លុះដល់ថ្ងៃទី ២៤ ខែមិថុនាឆ្នាំ ២០១៥ ឈ្មោះ អ៊ុក ចំរើន ដែលជាកូនរបស់ស្រ្តីជាប់ចោទបានឌុបនារីរងគ្រោះទាំង ២ នាក់ទៅបេនឡានបម្រុងជិះទៅប្រទេសវៀតណាមតែត្រូវសមត្ថកិច្ចឃាត់ខ្លួន។ សំណុំរឿងនេះត្រូវសាលាដំបូងភ្នំពេញផ្តន្ទាទោសស្រ្តីជាប់ចោទដាក់គុក ៩ ឆ្នាំចោទបទ «ប៉ុនប៉ងនាំចេញទៅប្រទេសចិន» និងពិន័យប្រាក់ ២ លានរៀល។

ស្រ្តីជាប់ចោទប្រាប់ចៅក្រមពីម្សិលមិញថានារីរងគ្រោះជាក្មេងអនាថាគ្មានកន្លែងដេកពួនឃើញដូច្នេះគាត់ក៏ឲ្យស្នាក់នៅផ្ទះជាមួយព្រោះនាងសុំគាត់ធ្វើជាម្តាយធម៌ និងបានសុំគាត់ឲ្យជួយបានទៅប្រទេសចិន។ ស្រ្តីជាប់ចោទថា៖ «ខ្ញុំមិនបានអូសទាញកូនធម៌ខ្ញុំទេប៉ុន្តែលុយថ្លៃធ្វើលិខិតឆ្លងដែនខ្ញុំចេញឲ្យគេ។ ខ្ញុំសូមតុលាការដោះលែងខ្ញុំផងព្រោះខ្ញុំចាស់ហើយបានចេញទៅធ្វើបុណ្យខ្ញុំរស់មិនបានយូរទេ»។ ក្នុងរូបរាងដូចមនុស្សប្រុស ដែលធ្វើឲ្យមានការភ្ញាក់ផ្អើលក្នុងសវនាការដែរនោះនារីរងគ្រោះថាដើមឡើយគាត់គ្មានគំនិតប្តឹងម្តាយធម៌ទេតែដោយសារម្តាយធម៌និយាយទូរស័ព្ទលាក់លៀមហើយគាត់ឮថាទៅដល់ចិនយកឲ្យគេលឿនៗទៅ។ ឮដូច្នេះទើបគេប្តឹងសមត្ថកិច្ចទៅ។

លោកព្រះរាជអាជ្ញា តាន់ សេណារ៉ុង តំណាងមហាអយ្យការសន្និដ្ឋានថារឿងនេះសូមក្រុមប្រឹក្សាជំនុំជម្រះពិនិត្យអង្គហេតុឡើងវិញព្រោះស្រ្តីជាប់ចោទត្រូវជាប់គុកដល់ទៅ ៩ ឆ្នាំ។ តំណាងមហាអយ្យការមិនឯកភាពនឹងអង្គហេតុនេះទេព្រោះគ្មានធាតុផ្សំគ្រប់គ្រាន់។ លោកថ្លែងថា៖ «ប៉ុន្តែបើក្រុមប្រឹក្សារកឃើញថាពិតជាមានកំហុសមែនខ្ញុំសូមតម្កល់ទោសតែសូមឲ្យពិចារណាពាក់ព័ន្ធទណ្ឌកម្មទោស»។

លោក ឡោគីមហ្គេច មេធាវីចាត់តាំងការពារសិទ្ធិជនជាប់ចោទថាកូនក្តីលោកមិនស្គាល់កន្លែងធ្វើលិខិតឆ្លងដែនទេហើយនារីរងគ្រោះចោទកូនក្តីលោកថាបង្ខាំងគាត់ តែតាមពិតផ្ទះនោះគ្មានចាក់សោហើយនារីរងគ្រោះចេញទៅទិញនំបាន។ «បើគាត់បង្ខាំងមែនម៉េចពេលចេញទៅទិញនំមិនរាយការណ៍ទៅអ្នកលក់នំឲ្យនាំប៉ូលិសមកចាប់កូនក្តីខ្ញុំទៅ។ ការចោទមានភាពស្រពេចស្រពិលខ្ញុំសូមតុលាការដោះលែងកូនក្តីខ្ញុំ»។

អ្នកស្រីមេធាវីការពារសិទ្ធិនារីរងគ្រោះសន្និដ្ឋានថារឿងនេះកូនក្តីអ្នកស្រីមិនបានប្តឹងទេតែឈ្មោះ វ៉ាតលី ជាអ្នកប្តឹង។ យ៉ាងណាស្រ្តីជាប់ចោទប្រាប់កូនក្តីអ្នកស្រីថាទៅធ្វើការនៅចិនបានលុយច្រើនហើយបានដកអត្តសញ្ញាណប័ណ្ណកូនក្តីអ្នកស្រីទុក។ «ខ្ញុំសូមតុលាការរក្សាសាលក្រមតុលាការថ្នាក់ក្រោម»។ ក្រោយជំនុំជម្រះលោក ស៊ិន វិសាល ប្រធានក្រុមប្រឹក្សាជំនុំជម្រះថ្លែងថាសាលដីការឿងនេះនឹងប្រកាសនៅថ្ងៃទី ៩ ខែមករាខាងមុខ៕

website_news/2016281202.txt · Last modified: 2017/03/17 14:11 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki