website_news:2016281206

ទូតខ្មែរ នៅបរទេស ជួយពលរដ្ឋខ្មែរ ៧នាក់ នៅចិន និងម៉ាឡេស៊ី ឲ្យបានវិលមក មាតុភូមិវិញ

(http://dap-news.com/kh) អង្គារ, ២៧ ធ្នូ ២០១៦ 20:38 ដោយ: ស៊ាន កុសល ID:038

ភ្នំពេញ៖ ស្ថានឯកអគ្គ រាជទូតកម្ពុជាប្រចាំ ប្រទេសចិន និងប្រទេសម៉ាឡេស៊ី បានជួយអន្តរាគមន៍ ពលរដ្ឋខ្មែរចំនួន៧នាក់ ឲ្យបានវិលត្រឡប់មកមាតុភូមិវិញ នេះបើយោងតាមសេចក្តីជូនព័ត៌មានរបស់លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលទទួលបាន នៅល្ងាចថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦នេះ។ លោក ជុំ សុន្ទរី បានបញ្ជាក់ថា ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានដោះស្រាយបញ្ហា និងរៀបចំមាតុភូមិ-និវត្តន៍របស់ពលរដ្ឋខ្មែរចំនួន៦នាក់ ឲ្យវិលមកមាតុភូមិវិញ។

ក្នុងនោះទី១.ស្ត្រីឈ្មោះ អ.ស.ធ អាយុ៣៣ឆ្នាំ មកពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បាននាំកូនប្រុសម្នាក់ អាយុ២ខែ ធ្វើដំណើរទៅម៉ាឡេស៊ីដោយខុសច្បាប់ នៅខែតុលា ឆ្នាំ២០១៦ ដើម្បីស្វែងរកស្វាម៉ីដែលកំពុងធ្វើការនៅម៉ាឡេស៊ី ប៉ុន្តែរកពុំឃើញ។ បន្ទាប់ពីបានទទួលព័ត៌មានពីមន្ទីរពេទ្យមួយក្នុងរដ្ឋ Selangor ថាស្រ្តីរូបនេះធ្លាក់ខ្លួនឈឺ ខ្វះខាតថវិកា និងមិនមានអ្នកណាជួយ ស្ថានទូតបានចាត់មន្ត្រីទៅសួរសុខទុក្ខ និងបានធ្វើអន្តរាគមន៍ទៅមន្ទីរពេទ្យ ដើម្បីអោយនាងនិងកូនប្រុស រួចផុតពីការបង់ថ្លៃដល់មនី្ទរពេទ្យចំនួន៨០០០រីងហ្គីត (ប្រមាណ២០០០ដុល្លារអាមេរិក)។ ស្ថានទូតបានទទួលនាងនិងកូនប្រុស ឲ្យស្នាក់នៅ ចាប់ពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ ហើយស្ថានទូតក៏បានបង់ពិន័យជូនការិយាល័យអន្តោប្រវេសន៍ម៉ាឡេស៊ី និងឧបត្ថម្ភសំបុត្រយន្តហោះជូននាងនិងកូនផងដែរ។

ទី២.ពលករឈ្មោះ ហ.ក.ស អាយុ២៤ឆ្នាំ មកពីស្រុកបវិល ខេត្តបាត់ដំបង បានទៅធ្វើការនៅទូកនេសាទថៃក្នុងដែនសមុទ្រម៉ាឡេស៊ី កាលពីឆ្នាំ២០១៥ ហើយមានទំនាស់ឈ្លោះវាយតប់គ្នាជាមួយថៅកែជនជាតិថៃ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦។ ពលករបានលោតចូលសមុទ្រ ហើយត្រូវបានអាជ្ញាធរម៉ាឡេស៊ី ជួយសង្គ្រោះនៅចុងខែកក្កដាឆ្នាំ២០១៦។ បន្ទាប់ពីបានទទួលព័ត៌មាននេះ ស្ថានទូតបានចាត់មន្ត្រីទៅទទួលពលករពីរដ្ឋ Terrenganu នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦ មកស្នាក់នៅក្នុងស្ថានទូត។ ស្ថានទូតបានបង់ពិន័យជូនការិយាល័យអន្តោប្រវេសន៍ម៉ាឡេស៊ី និងឧបត្ថម្ភសំបុត្រយន្តហោះដល់ពលករ។

ទី៣.ស្រ្តីឈ្មោះ អ.ស.ធ និងកូន ព្រមទាំងពលករ ហ.ក.ស បានដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០១៦ វេលាម៉ោង០៧:៥០នាទីព្រឹក តាមយន្តហោះលេខ AK536 ។

ទី៤.ពលការិនី ម.ច.ធ អាយុ៣២ឆ្នាំ មកពីស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានទៅម៉ាឡេស៊ី កាលពី ខែមេសា ឆ្នាំ២០១៦ និងពលការិនី ខ.យ អាយុ២៤ឆ្នាំ មកពីស្រុកដំបែរ ខេត្តត្បូងឃ្មុំ បានទៅម៉ាឡេស៊ីនៅខែកញ្ញា ឆ្នាំ២០១៦ ហើយអ្នកទាំងពីរធ្វើការជាអ្នកបោសសំអាត តាមរយៈក្រុមហ៊ុនមួយនៅកម្ពុជា។ ដោយធ្វើការលំបាក ពលការិនីទាំងពីរនាក់បានទៅស្ថានទូតនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្នើសុំជួយឲ្យបានត្រឡប់មកកម្ពុជាវិញ។

ទី៥.ពលការិនី ជ.ស.ល អាយុ២៨ឆ្នាំ មកពីស្រុកស្ទឹងសែន ខេត្តកំពង់ធំ បានទៅម៉ាឡេស៊ីធ្វើការជាអ្នកបោសសំអាត ពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៥ តាមរយៈក្រុមហ៊ុនមួយនៅកម្ពុជា ។ ដោយធ្វើការលំបាក នាងបានទៅស្ថានទូត នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្នើសុំជួយឲ្យបានត្រឡប់ទៅកម្ពុជាវិញ។ ក្រោមកិច្ចអន្តរាគមន៍របស់ស្ថានទូត នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ និយោជករបស់ពលការិនី ទាំង៣នាក់ បានយល់ព្រមប្រគល់ប្រាក់ខែដែលនៅសល់ លិខិតឆ្លងដែន និងសំបុត្រយន្តហោះ ជូនដល់ពលការិនីទាំង៣នាក់។

និងទី៦.ពលការិនីឈ្មោះ ម.ច.ធ ឈ្មោះខ.យ និងឈ្មោះជ.ស.ល នឹងមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង ០៧:៥០នាទីព្រឹក តាមយន្តហោះលេខ AK536 ។

អ្នកនាំពាក្យក្រសួងការបរទេស បានបញ្ជាក់ទៀតថា ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសចិន បានសម្របសម្រួលជាមួយប៉ូលីសទីក្រុងប៉េកាំង រៀបចំមាតុភូមិនិវត្តន៍របស់ស្រ្តីខ្មែរម្នាក់ ឈ្មោះ ស.ម អាយុ២៩ឆ្នាំ មកពីស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលបានស្ម័គ្រចិត្តធ្វើដំណើរទៅប្រទេសចិន កាលពីខែធ្នូ ឆ្នាំ២០១៣ និងបានរៀបការជាមួយបុរសជនជាតិចិននៅខែមករា ឆ្នាំ២០១៤។

ដោយសាររស់នៅមិនចុះសំរុងជាមួយប្តី នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ នាងបានស្នើសុំស្ថានទូតជួយឲ្យបានត្រឡប់មកកម្ពុជាវិញ។ ស្ថានទូតបានផ្តល់កន្លែងស្នាក់នៅដល់នាង អំឡុងពេលដោះស្រាយជាមួយប្តីនិងប៉ូលីសចិន ហើយអង្គការ IOM នៅទីក្រុងប៉េកាំង ជាអ្នកផ្តល់សំបុត្រយន្តហោះ ។ ស្រ្តីឈ្មោះ ស.ម បានត្រឡប់មកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០១៦ វេលាម៉ោង២៣:៣០នាទី តាមយន្តហោះលេខ CZ323 ៕

website_news/2016281206.txt · Last modified: 2017/03/17 14:18 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki