website_news:2016290102

ទូតកម្ពុជា នៅម៉ាឡេស៊ី និងចិនជួយ ស្រ្តីខ្មែរ រងគ្រោះ ៣នាក់ ឲ្យត្រឡប់មកវិញ

(http://www.dap-news.com Thursday, 28 January 2016 17:38)

ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី និងចិនបានជួយ សង្រ្គោះស្រ្តី ខ្មែរ៣នាក់ ដែលរងការធ្វើបាប ពីសំណាកថៅកែ ឲ្យបាន វិលត្រឡប់មក កម្ពុជាទាន់ពេលវេលា។ សេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស កម្ពុជាបានឲ្យដឹងថា ស្ថានឯកអគ្គរាជទូត កម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានអន្តរាគមន៍ ជួយពល ការិនីខ្មែរ ចំនួន ០២ រូប ដែលបានទៅធ្វើការ ជាអ្នកបោសសំអាត និងធ្វើការជាស្រ្តីជំនួយការមេផ្ទះ នៅប្រទេស ម៉ាឡេស៊ី ហើយជួបប្រទះនឹងការលំបាកក្នុងការងារ អោយបានវិល ត្រឡប់មកកម្ពុជាវិញ ។ ស្រី្តទាំងពីរនោះមានឈ្មោះ យី ចាន់ហួច អាយុ ១៧ ឆ្នាំ នៅភូមិព្រះធាតុ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានទៅប្រទេសម៉ាឡេស៊ី តាំងពីថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០១៥ និងបានមក ស្ថានទូត កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៦ សុំជួយឲ្យបានត្រឡប់មក កម្ពុជាវិញ។ ម្នាក់ទៀតឈ្មោះ ភឹម រ៉ាឌី អាយុ ២៧ ឆ្នាំ នៅភូមិតាឡោន ឃុំស្ពឺ(ក) ស្រុកបាភ្នំ ខេត្តព្រៃវែង បានទៅប្រទេសម៉ាឡេស៊ី តាំង ពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១១ និងបានមកស្ថានទូត កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦ សុំជួយឲ្យ បានត្រឡប់មក កម្ពុជាវិញ។

កំឡុងពេលរង់ចាំការ ត្រឡប់មកកម្ពុជាវិញ ស្ថានទូតបានផ្តល់កន្លែងស្នាក់នៅ ការហូបចុក និងបានចេញលិខិតធ្វើដំណើរបណ្ដោះអាសន្ន ជូនដល់ពលការិនីទាំងពីររូបនេះ។ ពលការិនី យី ចាន់ហួច និង ភឹម រ៉ាឌី នឹងមកដល់អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ នៅ ថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០១៦ វេលាម៉ោង ០៧:៥០នាទី ព្រឹក តាមជើងយន្តហោះ AK ៥៣៦។ ចំណែក ស្ថានឯក អគ្គរាជទូត កម្ពុជាប្រចាំ សាធារណរដ្ឋប្រជាមានិតចិន បានសហការជាមួយ ប៉ូលីសក្រុងប៉េកាំង អន្តរាគមន៍ជួយ ស្រ្តីខ្មែររងគ្រោះ០១រូប ឈ្មោះ វ៉ែង សុភ័ក្ត អាយុ ២៦ ឆ្នំា នៅភូមិទៀនភ្លើង ឃុំស្មោងខាងជើង ស្រុកកំចាយមា ខេត្តព្រៃវែង ដែលត្រូវបានមេខ្យល់បោក នាំយកទៅរៀបការជាមួយ បុរសជនជាតិចិន កាលពីឆ្នំា២០១២ ឲ្យបានវិលត្រឡប់ មកមាតុ ប្រទេសវិញ។ ស្រ្តី វ៉ែង សុភ័ក្ត នឹងមកដល់អាកាស យានដ្ឋានអន្តរជាតិ ខេត្តសៀមរាប នៅថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ ២០១៦ វេលាម៉ោង ២៣:០០ នាទី យប់ តាមជើងយន្តហោះ CA ៨២៥ ៕

website_news/2016290102.txt · Last modified: 2017/02/24 15:24 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki