website_news:2016290204

បេសកកម្មជួយសង្រ្គោះជនភៀសខ្លួនរ៉ូហ៊ីងយ៉ានឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយ

(http://khmer.voanews.com/ 26 កុម្ភៈ 2016 )

អង្គការមួយដែលបានទទួលគុណសម្បត្តិចំពោះការជួយសង្គ្រោះជនអន្តោប្រវេសន៍១ម៉ឺន៣ពាន់នាក់សមុទ្រមេឌីទែរ៉ាណេបានឲ្យដឹងថា ខ្លួនកំពុងតែចាប់ដំណើរការបេសកកម្មថ្មីមួយនៅដែនទឹកក្នុងតំបន់អាស៊ីអាគ្នេយ៍ ដើម្បីជួយដល់ជនភៀសខ្លួនរ៉ូហ៊ីយ៉ាដែលបានទៅកាន់សមុទ្រនានានៅក្នុងតំបន់នោះ។ ប្រតិបត្តិការនៅក្បែរ និងនៅក្នុងសមុទ្រ Andaman នឹងត្រូវប្រើប្រាស់នាវាមួយ និងម៉ាស៊ីនដ្រូន (drone) ដែលថតបានចម្ងាយឆ្ងាយចំនួន២ ដើម្បីស្វែងរកទូកដែលប្រហែលជាដឹកជញ្ជូនជនភៀសខ្លួន ឬជនអន្តោប្រវេសន៍។

លោក Martin Xuereb ប្រធានអង្គការផ្តល់ជំនួយដល់ជនអន្តោប្រវេសន៍នៅឆ្នេរសមុទ្របានប្រាប់ VOA នៅថ្ងៃសុក្រនេះថា «មនុស្សម្នាមិនសក្តិសមនឹងស្លាប់នៅក្នុងសមុទ្រនោះទេ»។

បេសកកម្មដំបូងបង្អស់របស់អង្គការនេះនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលមានរយៈពេលយ៉ាងតិចណាស់ចំនួន៤សប្តាហ៍ នឹងចាប់ផ្តើមដំណើរការនៅថ្ងៃទី៣ខែមិនា ដោយប្រើប្រាស់នាវាជួយសង្រ្គោះ M.Y. Phoenix ដែលមានប្រវែង៤០ម៉ែត្រ ដោយសហការជាមួយនឹងឆ្មាំសមុទ្រក្នុងតំបន់ កងយោធាជើងទឹក និងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួនទៀត។

លោក Xuereb អតីតមេបញ្ជាការកងកម្លាំង Malta បានមានប្រសាសន៍ថា «យើងនឹងធ្វើការប្រកបដោយតម្លាភាពជាមួយនឹងក្រុមអាជ្ញាធរ។ ប្រសិនបើតម្រូវការកើនឡើង យើងនឹងសហការគ្នាឲ្យអស់ពីសមត្ថភាពរបស់យើង»៕

website_news/2016290204.txt · Last modified: 2017/02/27 15:52 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki