website_news:2016290205

ចាប់ខ្លួនអ្នកបើកទូកនេសាទកម្ពុជា៥នាក់ជុំវិញករណីរំលោភនៅកោះមួយរបស់ថៃ

(http://www.rasmeinews.com/) ដោយ ៖កញ្ញាដាលីស ថ្ងៃទី 29 កុម្ភៈ 2016 ម៉ោង 08:22:AM

ប៉ូលិសបាននិយាយថា អ្នកបើកទូកនេសាទកម្ពុជា ៥ នាក់ត្រូវបានចាប់ខ្លួនទាក់ទងនឹងករណីរំលោភ និងវាយដំអ្នកទេសចរបារាំងកាលពីយប់ថ្ងៃសៅរ៍នៅកោះរមណីយដ្ឋាន ឈ្មោះ កោះឃុត (Koh Kut)។ នេះបើតាមវេបសាយបាងកកប៉ុស្តិ៍ចេញផ្សាយថ្ងៃទី ២៨ ខែកុម្ភៈ។

យោងតាមប៉ូលិស ជនសង្ស័យទាំង ៥ នាក់ ដែលទូករបស់ខ្លួនចតចោលនៅកោះនេះ ត្រូវបានចោទប្រកាន់ពីបទចាប់រំលោភពស្ត្រីបារាំង ២ នាក់ និងវាយដំប្រុសបារាំង ២ នាក់ ដែលព្យាយាមជួយស្ត្រីទាំងពីរនាក់។

ប៉ូលិសបាននិយាយថាជនសង្ស័យបានហែលទឹកប្រហែល៣០០ម៉ែត្រពីទូករបស់ខ្លួនទៅច្រាំង។

ប៉ូលិសកាលពីយប់ថ្ងៃសៅរ៍ឆ្លងចូលថ្ងៃអាទិត្យបានចាប់ខ្លួនជនសង្ស័យ ២ នាក់ក្នុងចំណោម ៥នាក់ ខណៈដែលពួកគេព្យាយាមឆ្លងមកប្រទេសកម្ពុជាវិញតាមរយៈច្រកព្រំដែនហាត់លឹក (Hat Lek) បន្ទាប់ពីក្រុមមន្ត្រីបានកត់សម្គាល់ភិនភាគរបស់ពួកគេដូចគ្នានឹងការពណ៌នាដែលផ្តល់ឱ្យដោយជនរងគ្រោះ។

បុរសទាំងពីរនាក់ត្រូវបាននាំខ្លួនមកប៉ុស្តិ៍ប៉ូលិសកោះឃុត។ អ្នកទាំងពីរមានឈ្មោះ ធី អាយុ (Thi) ២០ ឆ្នាំ និងឈ្មោះ បុត្រ ម៉ាន់ (Bot Man) អាយុ ២០ ឆ្នាំ។

អ្នកបើកទូកនេសាទកម្ពុជាបីនាក់ត្រូវបានចាប់ខ្លួននៅកន្លែងកើតហេតុនៅព្រឹកទៀបភ្លឺថ្ងៃអាទិត្យ។ ពួកគេមានឈ្មោះថា យឹម (Yim) អាយុ ២៥ ឆ្នាំ ឈ្មោះប៉ៃ (Pai) អាយុ ២២ ឆ្នាំ និងឈ្មោះ ចឺន (Jern) អាយុ ២៥ ឆ្នាំ។ ប៉ូលិសបាននិយាយថា ការវាយប្រហារនេះបានកើតឡើងប្រហែល ១គីឡូម៉ែត្រពីរមណីយដ្ឋាន ដែលអ្នកទេសចរទាំងបួននាក់កំពុងស្នាក់នៅ។

យោងតាមការស៊ើបអង្កេតជំហានដំបូង អ្នកទេសចរទាំងបួនកំពុងដើរតាមផ្លូវមួយឆ្ពោះទៅរកកន្លែងទទួលទានអាហារនៅពេលពួកគេបានប្រទះជនសង្ស័យពីរនាក់ដែលព្យាយាមនិយាយមកកាន់ពួកគេ។ ខណៈអ្នកទេសចរបម្រុងចាកចេញទៅ បុរស៣នាក់ផ្សេងទៀតបានលេចចេញពីគម្ពោតព្រៃក្បែរនោះ រួចចាប់យកស្ត្រីទាំងពីរនាក់តែម្តង។

អ្នកទេសចរប្រុសពីរនាក់ ឈ្មោះ ថូម៉ាស ប៊ីរ៉ុន (Thomas Buiron) អាយុ ៣០ឆ្នាំ និងឈ្មោះ អេដប្រ៊ី រ៉ូនិន រេន (Edbri Ronain Rene) អាយុ ២៩ ឆ្នាំ បានព្យាយាមវាយបណ្តេញជនវាយប្រហារ ប៉ុន្តែចាញ់ប្រៀបកម្លាំង។ លោកប៊ីរ៉ុន និង លោករេន ត្រូវបានវាយប្រហារដោយកាំបិតនិងដំបងមុនពេលពួកគេអាចរត់គេចទៅរមណីយដ្ឋានរបស់ខ្លួនវិញ។ លោកបាននិយាយថា បុរសទេសចរម្នាក់ផ្សេងទៀតបានរងរបួសយ៉ាងធ្ងន់ធ្ងរ។

ប៉ូលិសបាននិយាយថា ស្ត្រីទាំងពីរមានអាយុ ៥៧ ឆ្នាំ និងម្នាក់ទៀតអាយុ ២៨ ឆ្នាំ ត្រូវបានចាប់រំលោភ និងវាយដំឡើងទ្រោមខ្លួន មុនពេលរថយន្តមួយគ្រឿងបើកឆ្លងកាត់ដោយធ្វើឱ្យជនវាយ ប្រហារផ្អើលរត់គេចខ្លួនអស់។ ក្រុមប៉ូលិសនិងមន្ត្រីកងទ័ពជើងទឹករួមគ្នាមួយក្រុមរួមទាំងអ្នកស្រុកប្រហែល ៥០ នាក់បានចេញទូកពីតំបន់កើតហេតុដើម្បីស្វែងរកជនវាយប្រហារ។

ជនសង្ស័យ ៣ នាក់ត្រូវបានរកឃើញនៅលើកោះ និងត្រូវបានចាប់ខ្លួននៅម៉ោងប្រហែល ៥ ព្រឹកថ្ងៃអាទិត្យ ខណៈពីរនាក់ទៀតបានរត់គេចខ្លួន មុនពេលត្រូវបានចាប់បានមកវិញនៅក្បែរព្រំដែន។

លោកវរសេនីយ៍ទោ ស៊ូរ៉ាផន ថេបសេន (Suraporn Thepsen) ស្នងការរងនគរបាល បាននិយាយថា ជនសង្ស័យដែលបានចាប់ខ្លួននៅព្រំដែនត្រូវគេជឿថាបានធ្វើដំណើរទៅកាន់ស្រុកក្លងយ៉ៃរបស់ខេត្តត្រាតពីកោះឃុតនៅលើទូករបស់ពួកគេ។

មេប៉ូលិស លោកឧត្តមសេនីយ៍ទោ ណុបផារ៉ាត់ រិនតាពុល (Nopparat Rintapol) បាននិយាយថាជនសង្ស័យទាំង ៥ គឺជាជនជាតិកម្ពុជាដែលធ្វើការនៅទូកនេសាទឈ្មោះ Chok Kamolwan។ លោកណុបផារ៉ាត់បាននិយាយថា ជនសង្ស័យ ដែលស្រវឹងស្រា បានពាក់អាវពោង និងបានហែលទៅច្រាំងដើម្បីទិញស្រាបន្ថែមទៀត មុនពេលវាយប្រហារ។

ប៉ូលិសនិយាយថាអ្នកទេសចរ ៣ នាក់ ដែលរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅស្រុកមួងខេត្តត្រាត បន្ទាប់ពីទទួលបានការសង្គ្រោះបឋមនៅកោះឃុត។

អ្នកស៊ើបអង្កេតមួយក្រុមត្រូវបានបញ្ជូនទៅដើម្បីសាកសួរប្រធានក្រុម និងអ្នកបើកទូកនេសាទ ដែលឥឡូវកំពុងចតនៅកំពង់ផែក្នុងស្រុកឡឺមង៉ប់ ខេត្តត្រាត។ មេប៉ូលិសជាតិ លោក ឧត្តមសេនីយ៍ ចាក់ធីប ឆៃចិនដា (Chakthip Chaijinda) នឹងធ្វើដំណើរទៅកោះឃុតនៅថ្ងៃចន្ទនេះដើម្បីសួរចម្លើយជនសង្ស័យទាំង៥នាក់ដោយខ្លួនគាត់។

website_news/2016290205.txt · Last modified: 2017/02/27 15:55 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki