website_news:2016290206

ការនាំចូលទំនិញដែលផលិតដោយអំពើទាសភាពនឹងក្លាយជាអំពើខុសច្បាប់

(http://khmer.voanews.com/ 25 កុម្ភៈ 2016 )

៨៤ឆ្នាំកន្លងមកនេះ ការលើកលែងនៅក្នុងច្បាប់សហរដ្ឋអាមេរិកបានអនុញ្ញាតឲ្យទំនិញនាំចូលដែលផលិតដោយទាសភាព និងពលកម្មដោយការបង្ខំ រួមមានពលកម្មដោយកូនក្មេង។ នៅក្នុងរយៈពេល២សប្តាហ៍ទៀត ការនាំចូលទំនិញបែបនេះនឹងក្លាយជាអំពើខុសច្បាប់។

លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា បានចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់កាលពីថ្ងៃពុធដែលរួមបញ្ចូលបទបញ្ញត្តិមួយដែលបានបិទភាពចន្លោះប្រហោងនៅក្នុងច្បាប់ដែលបានចូលជាធរមានកាលពីឆ្នាំ១៩៣២។ ច្បាប់ដែលហៅថា ច្បាប់ពន្ធនាំចេញនាំចូលឆ្នាំ១៩៣០ បានហាមឃាត់ការនាំចូលទំនិញដោយកម្លាំងទាសភាព ក៏ប៉ុន្តែ ច្បាប់នោះបានចែងថា ការហាមឃាត់នោះ មិនបានអនុវត្តទៅលើទំនិញណាដែលមិនបានផលិតក្នុងបរិមាណធំៗដើម្បីបំពេញសេចក្តីត្រូវការប្រើប្រាស់នៅក្នុងសហរដ្ឋអាមេរិកទេ។ សេចក្តីព្រាងច្បាប់ថ្មីត្រូវបានដាក់ស្នើកាលពីឆ្នាំទៅនៅពេលដែលក្រុមអង្គការសិទ្ធិមនុស្សបានអំពាវនាវឲ្យមានការយកចិត្តទុកដាក់ដល់ការអនុវត្តការងារដោយការបង្ខំ ជាពិសេសនៅក្នុងឧស្សាហកម្មនេសាទនៅក្នុងតំបន់ភូមិភាគអាស៊ីអាគ្នេយ៍។

អង្គការពលកម្មអន្តរជាតិរបស់អង្គការសហប្រជាជាតិបានប៉ាន់ស្មានថា មនុស្ស២១នាក់ ជាជនរងគ្រោះនៃការធ្វើការដោយការបង្ខំនៅទូទាំងពិភពលោក ដែលចំនួនជាងពាក់កណ្តាលនៃចំនួនទាំងនោះនៅក្នុងតំបន់អាស៊ី និងមហាសមុទ្រប៉ាស៊ីហ្វិក។ពលកម្មបែបនេះ បានធ្វើឲ្យក្រុមហ៊ុនបានទទួលកម្រៃខុសច្បាប់ជាង១៥០ពាន់លានដុល្លារ នេះយោងតាមសេចក្តីរាយការណ៍របស់អង្គការសហប្រជាជាតិ។ អង្គការសិទ្ធិមនុស្ស Human Rights Watch ដែលបានរាយការណ៍កាលពីឆ្នាំទៅពីបុរសៗដែលមកពីប្រទេសកម្ពុជា និងភូមាត្រូវបានគេបង្ខំឲ្យធ្វើការនៅលើទូកនេសាទថៃបានអំពាវនាវឲ្យបិទភាពចន្លោះប្រហោងនៃច្បាប់នាំទំនិញចូលរបស់សហរដ្ឋអាមេរិក៕

website_news/2016290206.txt · Last modified: 2017/02/27 15:56 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki