website_news:2016290302

កូនក្រមុំខ្មែររៀបការប្តីជនបរទេស អ្នកភូមិមិនហ៊ានចូលរួម

ដោយ ៖ ឆាយ រក្សា (https://kohsantepheapdaily.com.kh/.html) ថ្ងៃអង្គារ ទី២៩ ខែមីនា ឆ្នាំ២០១៦ ម៉ោង ០៨:៣៧

ខេត្តកំពង់ធំ ៖ មង្គលការមួយដែលកូនកំលោះជាជនបរទេសបានបង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិដែលនិយាយរិះគន់ដល់អាជ្ញាធរ និងសមត្ថកិច្ចនគរបាលថា ប្រហែលជាមានការឃុបឃឹតគ្នាហើយ បានជាបណ្តែតបណ្តោយឲ្យជនបរទេសមករៀបការជាមួយកូនក្រមុំខ្មែរផ្អើលពេញភូមិ ហើយអាជ្ញាធរនិងសមត្ថកិច្ចឆ្លើយដាក់គ្នាថាមិនដឹង ។

ទាក់ទងទៅដល់ការរៀបអាពាហ៍ពិពាហ៍នារីខ្មែរជាមួយជនបរទេសនេះ ត្រូវបានរាជរដ្ឋាភិបាលផ្អាកម្ដងរួចមកហើយ ពីបាតុភាពអវិជ្ជមានជាច្រើន ដែលបានកើតមានឡើងកន្លងមក ។ ការរៀបអាពាហ៍ពិពាហ៍ជាមួយជនបរទេសភ្លូកទឹកភ្លូកដីកន្លងមក តាមរយៈមេអណ្តើកនាំមករៀបការយកប្រពន្ធខ្មែរ រួចនាំយកទៅធ្វើជាទាសករផ្លូវភេទ ធ្វើជាខ្ញុំបម្រើដាច់ថ្លៃ និងលក់បន្តដូចជាសត្វធាតុ ។ ហើយហេតុការណ៍ជាក់ស្ដែងដែលបានកើតឡើង គឺស្ដ្រីខ្មែរដែលរងគ្រោះត្រូវបានជួយសង្គ្រោះជាបន្ដបន្ទាប់ពីប្រទេសចិន ។

នារសៀលថ្ងៃទី២៦ មីនា នៅក្នុងភូមិប្រាសាទ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ មានពិធីរៀបការកូនក្រមុំ ឈ្មោះ យឹម សៀមលី និងកូនកំលោះជាជនជាតិអង់គ្លេស ឈ្មោះ ម៉ាក ចេមបាយរ៉ុន ។ មង្គលការនេះពុំមានលិខិតយល់ព្រមពីអាជ្ញាធរភូមិ ឃុំ ស្រុកអ្វីទាំងអស់ ហើយពិធីនេះបែរជាប្រព្រឹត្តទៅដោយរលូន ពុំមានការរារាំងណាមួយនោះឡើយ ។ ទោះបីជាបែបណាភ្ញៀវពន្លឺជិតឆ្ងាយនៅក្នុងភូមិឃុំខាងលើមិនហ៊ានទៅចូលរួមហូបការអធិកអធមអីនោះទេ ព្រោះខ្លាចមានរឿងកើតឡើង ។

លោក លឹម ផេត មេភូមិក្រសាំងប្រាប់ថា នៅមុនថ្ងៃមង្គលការ មានគេសុំច្បាប់គាត់ដែរ តែគាត់ប្រាប់ថា រឿងរៀបការជាមួយជនបរទេសគាត់មិនហ៊ានសម្រេចទេ ទៅជួបមេឃុំទៅ ស្រាប់តែឃើញដើរហៅភ្ញៀវការ ។ លុះដល់ថ្ងៃការគាត់ស្មានថាគេបានច្បាប់ហើយ ។ លោកមេភូមិបន្ដថា លោកអនុសេនីយ៏ឯក ធៀម ឆេងគ្រីអធិការរងស្រុកកំពង់ស្វាយ បានប្រាប់គាត់ថា បើមានអ្នកកាសែត ឬទូរទស្សន៏មកសួរនាំឲ្យខលប្រាប់គាត់ ។ បានកត់សម្គាល់ទៀតថា ក្នុងឱកាសពិសារភោជអាហារ មានភ្ញៀវតិចតួចជាសាច់ញាតិបានចូលរួម ចំណែកអ្នកភូមិអត់ហ៊ានចូលរួមទេ ព្រោះខ្លាចមានបញ្ហា ។

លោក អ៊ុច វណ្ណរី មេឃុំត្រពាំងឬស្សី ប្រាប់ថា មានគេទូរស័ព្ទមកគាត់សុំរៀបការកូន គាត់ប្រាប់ថា ឲ្យយកឯកសារឲ្យបានគ្រប់គ្រាន់មកជួបជាមួយស្មៀនទៅ មិនអាចធ្វើលេងៗបានទេ ព្រោះរៀបការជាមួយជនបរទេស ហើយស្មៀនបានប្រាប់គាត់ថា មិនអាចអនុញ្ញាតិឲ្យរៀបការទេ ព្រោះគ្មានឯកសារគ្រប់គ្រាន់ ។ ស្រាប់តែប៉ុន្មានថ្ងៃក្រោយមក ខាងកូនក្រមុំបានយកធៀបការមកជូនគាត់ ហើយគាត់ឆ្លើយថា ខ្ញុំមិនហ៊ានទៅចូលរួមទេ បើធ្វើយ៉ាងហ្នឹង ។ លោកមេឃុំឱ្យដឹងទៀតថា លោកអនុសេនីយ៏ឯក ធៀម ឆេងគ្រី អធិការរងស្រុកកំពង់ស្វាយ បានទូរស័ព្ទមកសួរគាត់ថា មានជនបរទេសមករៀបការមែនទេ គាត់ថាមានមែន តែគ្មានច្បាប់នោះទេ ហើយគាត់ក៏សួមលោកអធិការរងជួយមានវិធានការផង ព្រោះខាងអន្តោប្រវេសន៍គាត់បានប្រាប់ហើយ ។ លោកអនុសេនីយ៏ឯក ធៀម ឆេងគ្រី ពុំអាចសុំការបំភ្លឺបានទេតាមទូរស័ព្ទនៅល្ងាចថ្ងៃទី២៧ មីនា ដោយសារខលចូលជាង១០លើក តែគ្មានអ្នកទទួល ។ ចំណែកខាងសាច់ញាតិកូនក្រមុំនៅល្ងាចថ្ងៃដដែលនេះ បានប្រាប់ថាបញ្ហារត់ការកូននេះពួកគាត់បានឲ្យមេធាវី ឈ្មោះ ប៉ូ កាហ្សែន ជាអ្នករត់ការក្នុងរឿងនេះ ។ កោះសន្តិភាពបានព្យាយាមសុំការបំភ្លឺតាមរយៈទូរស័ព្ទដៃរបស់លោក ប៉ូ កាហ្សែន ដែរតែមិនអាចទំនាក់ទំនងបានទេ ។

លោកវរសេនីយ៏ត្រី ខេន ឈុនគ័រ អធិការនគរបាលស្រុកកំពង់ស្វាយ ប្រាប់ថា លោកពុំបានដឹងទេរឿងនេះ ដោយលោកជាប់ទៅបំពេញការងារជាមួយលោកអភិបាលស្រុក ។ លោកថា ចាំលោកសួរនាំលោកអនុសេនីយ៏ឯក ធៀម ឆេងគ្រី សិន លោកនឹងឆ្លើយតបវិញ ហើយក៏ស្ងាត់ទៅ ៕

website_news/2016290302.txt · Last modified: 2017/02/28 11:42 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki