website_news:2016290401

សមត្ថកិច្ចចុះទៅបិទហាងស្ប៉ាបង្ឃាំងក្មេងស្រីខុសច្បាប់

(http://www.postkhmer.com) គេហទំព័រភ្នំពេញប៉ុស្តិ៍ Thu, 28 April 2016

ភ្នំពេញៈ ក្រុមសមត្ថកិច្ចប្រឆាំងការជួញដូរមនុស្ស និងមន្រ្តីកងរាជអាវុធហត្ថ កាលពីម្សិលមិញបានចុះបង្ក្រាប ហាងស្ប៉ាមួយកន្លែងស្ថិតក្នុងខណ្ឌ ជ្រោយចង្វានិងបានរកឃើញក្មេងស្រីចំនួន ១៣ នាក់ សង្ស័យថា ត្រូវបានគេបង្ឃាំងដោយខុសច្បាប់។

លោក សេន កូម៉ុន នាយការិយាល័យប្រឆាំងការជួញដូរមនុស្សនិង ការពារអនីតិជន បានឲ្យដឹងថា នារីក្មេងៗ ដែលមានអាយុចន្លោះ ពី ១៤ ទៅ ២២ ឆ្នាំទាំងនោះ កំពុងតែត្រូវបានសួរនាំ ដោយមន្រ្តីសមត្ថកិច្ចមកពីស្ថាប័នរបស់លោក។ តាមការឲ្យដឹងរបស់លោក សេន កូម៉ុន ជាងពាក់កណ្តាលនៃនារីក្មេងៗនៅទីនោះគឺជាអនីតិជន ក៏ប៉ុន្តែក្រុមសមត្ថកិច្ចនៅពុំទាន់ប្រាកដថា ម្ចាស់ហាងនេះនឹងត្រូវចោទប្រកាន់ពីបទអ្វីឡើយ។ លោកថា៖ «ពួកគេបានទាក់ទាញក្មេងស្រីមកទីនេះ ហើយលាក់ក្មេងស្រីទាំងនោះនៅកន្លែងសម្ងាត់មួយ»។

លោក សេង ជាង ស្នងការកងរាជអាវុធហត្ថក្នុងខណ្ឌជ្រោយចង្វាបានឲ្យដឹងថា ហាងស្ប៉ានេះត្រូវបានបិទទៅហើយ។ ក្មេងស្រីអាយុ ១៥ ម្នាក់ដែលស្នាក់នៅផ្ទះវីឡាដែលហាងបានទុកក្មេងស្រីបានទូរស័ព្ទទៅគ្រួសាររបស់នាងកាលពីថ្ងៃអង្គារ ឲ្យមកយកនាងទៅផ្ទះវិញ បន្ទាប់ពីនាងបានរកឃើញថា ក្មេងស្រីមួយចំនួននឹងត្រូវបានបញ្ជូនទៅប្រទេសថៃ។

លោក សេន កូម៉ុន បន្តថា នៅពេលសាច់ញាតិរបស់នាងបានមកទទួលនាងទៅវិញ ជំនួយការនៅក្នុងហាងម៉ាស្សាដែលមានឈ្មោះថា Malica Spa and Health បានប្រកែកមិនឲ្យនាងទៅវិញ លុះត្រាតែនាងបានសង់ប្រាក់ចំនួន ១០០ ដុល្លារ ដែលនាងបានទទួលសិន។ សាច់ញាតិរបស់នាងក៏បានប្តឹងសមត្ថកិច្ច ហើយឈានទៅរកការចុះបង្ក្រាបនេះតែម្តង។ ស្រ្តីជាម្ចាស់វីឡា ឈ្មោះ មាន សុវណ្ណលី បានឲ្យដឹងថា នាងបានជួលផ្ទះទៅឲ្យស្រ្តីឈ្មោះ ចាន់ មាលីកា ជាម្ចាស់ហាងស្ប៉ា កាលពីចុងខែមករា ហើយក្មេងស្រីទាំងនោះបានចូលមកនៅថ្ងៃទី ១៨ ខែមេសា។ ស្រ្តីរូបនេះ អះអាងថា៖«ខ្ញុំបានឃើញក្មេងស្រីទាំងនោះចេញចូលផ្សារ។ ពួកគេមានសេរីភាពក្នុងការដើរហើរ»។

ស្រ្តីឈ្មោះ ចាន់ ម៉ាលីកា ដែលបានឡើងពីបាត់ដំបង់មកភ្នំពេញកាលពីម្សិលមិញ បន្ទាប់ពីហាងរបស់នាងត្រូវបានសមត្ថកិច្ចបិទ បានអះអាងថា ហាងរបស់នាងគ្រាន់តែជាហាងស្ប៉ា ហើយក្មេងស្រីទាំងនោះកំពុងតែត្រូវបានបង្ហាត់បង្រៀនសម្រាប់ធ្វើការមុនថ្ងៃបើកសម្ភោធជាផ្លូវការនៅខែមិថុនា។ ក្រុមសមត្ថកិច្ចបានឲ្យដឹងថា ហាងរបស់នាងពុំមានអាជ្ញាប័ណ្ណត្រឹមត្រូវ ក៏ប៉ុន្តែ ម៉ាលីកា បានតវ៉ាថា នាងកំពុងតែរៀបចំសំណុំឯកសារដើម្បីចុះអាជ្ញាប័ណ្ណ មុនពេលសម្ភោធ។

ម៉ាលីកា បានបញ្ជាក់ថា នាងបាននាំក្មេងស្រីទាំងនោះពីតំបន់ដាច់ស្រយាលនានា ព្រមទាំងបានបន្ថែមទៀតថា មានតែអ្នកដែលឧស្សាហ៍ និងមានអាយុច្រើនជាង ១៨ ឆ្នាំទេដែលត្រូវបានជួលឲ្យធ្វើការ។ ក៏ប៉ុន្តែនៅពេល ដែលនាងត្រូវបានគេសួរថា ហេតុអ្វីបានជានាងនាំក្មេងស្រីដែលមានវ័យក្មេងរហូតដល់ទៅ ១៤ ឆ្នាំមកដែរ នាងបានឆ្លើយថា នាងចង់ជួយឲ្យក្មេងស្រីទាំងនោះមានជំនាញ។ នាង ថា៖«ខ្ញុំបានជួលគ្រូបង្ហាត់ស្ប៉ាម្នាក់មកបង្រៀនពួកនាង។ ក្មេងស្រីទាំងនោះសុទ្ធតែមានជីវភាពក្រីក្រ មិនចេះអក្សរ និងរស់នៅក្នុងតំបន់ជនបទ។ យើងឲ្យពួកនាង នៅផង ធ្វើការផង ព្រោះផ្ទះរបស់យើងធំ»។ មាឡីកា បន្តទៀតថា ក្មេងស្រីម្នាក់ៗទទួលបានប្រាក់ចំនួន ៤០ ដុល្លារក្នុងមួយខែ។ នាងបានបន្ថែមថា៖ «កំហុសរបស់ខ្ញុំ ដែលខ្ញុំបាននាំក្មេងស្រីទាំងនោះមក រួមទាំងក្មេងស្រីពុំទាន់គ្រប់អាយុផង ដោយសារតែខ្ញុំចង់ឲ្យពួកគេមានជំនាញ»៕

website_news/2016290401.txt · Last modified: 2017/02/28 14:19 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki