website_news:2016290603

កូរ៉េខាងត្បូងត្រូវការកម្លាំងពលកម្មពីកម្ពុជាបន្ថែមក្នុងឆ្នាំ ២០១៦

(http://www.postkhmer.com/) គេហទំព័រភ្នំពេញប៉ុស្តិ៍ Tue, 28 June 2016 គង់ មេត្ដា

ភ្នំពេញៈ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឲ្យដឹងថា ចំនួនពលករចំណាកស្រុកដែលទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូងនឹងមានការកើនឡើងទ្វេដងនៅឆ្នាំ ២០១៦នេះ ធៀបនឹងឆ្នាំមុន។ មន្រ្តីនាំពាក្យរបស់ក្រសួងការងារ លោក ហេង សួរ បានឲ្យដឹងកាលពីម្សិលមិញថា កូរ៉េខាងត្បូងកំពុងតែត្រូវការពលករប្រមាណជិត ១ ម៉ឺននាក់បន្ថែម ខណៈដែលកាលពីឆ្នាំមុនត្រូវការតែ ៥,៧០០ នាក់តែប៉ុណ្ណោះ។

កូរ៉េខាងត្បូងក្នុងឆ្នាំនេះ ត្រូវការពលករចំនួន ៤,៧០០ នាក់សម្រាប់ធ្វើការក្នុងវិស័យឧស្សាហកម្ម ៣៧០០ នាក់សម្រាប់វិស័យកសិកម្ម និង ១ ពាន់នាក់សម្រាប់វិស័យសំណង់។ ពលករអាចទៅធ្វើការនៅប្រទេសកូរ៉េបានលុះត្រាតែប្រលងជាប់តេស្តភាសាកូរ៉េ ដែលបង្ហាញថា ពួកគេអាចប្រើប្រាស់ភាសាកូរ៉េបាន។

លោក ហេង សួរ បានឲ្យដឹងទៀតថា មានអ្នកដាក់ពាក្យសុំប្រលងចំនួន ៥៤,០០០ នាក់ ក៏ប៉ុន្តែ មានតែ ១០,០០០ នាក់តែប៉ុណ្ណោះដែលនឹងត្រូវបានជ្រើសរើស។ លោកបន្ថែមថា កាលពីឆ្នាំមុន មានមនុស្សជាច្រើនត្រូវបានចាប់ខ្លួន នៅក្នុងការប្រលង ដោយសារតែបានមកប្រលងជំនួសគេ។

លោក Dy The Hoya មន្រ្តីកម្មវិធីមួយរូបរបស់អង្គការសិទ្ធិមនុស្ស Central បានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូងបានផ្តល់ឱកាសការងារ និងប្រាក់ខែល្អជាងអ្វីដែលពួកគេរំពឹងក្នុងប្រទេសកម្ពុជា ក៏ប៉ុន្តែឱកាសនេះក៏ទាមទារនូវការខាត់បង់ផងដែរ។ លោកពន្យល់ថា៖ «ខ្ញុំគិតថា ការចំណាយ និងតម្លៃនៃការចុះឈ្មោះសម្រាប់ការធ្វើជាពលករ និងចំនួនពលករដែលត្រូវបានជ្រើសរើសនៅតែពុំទាន់ជាទីពេញចិត្ត» ព្រមទាំងបានធ្វើកំណត់សម្គាល់ថា ពលករជាច្រើននៅប្រទេសកូរ៉េត្រូវជួបប្រទះនឹងលក្ខខណ្ឌការងារមិនល្អ»៕ TN

website_news/2016290603.txt · Last modified: 2017/03/03 14:44 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki