website_news:2016290605

អាមេរិកដំឡើងថៃមកលំដាប់ទី២ក្នុងរបាយការណ៍ជួញដូរមនុស្សប្រចាំឆ្នាំ

(http://ppt-news.net) គេហទំព័រភ្នំពេញថ្មី ថ្ងៃទី 29/06/2016

ថៃ ៖ ក្រុមមន្ត្រីបាននិយាយថា អាមេរិកបានសម្រេចចិត្តយកប្រទេសថៃចេញពីបញ្ជីជនល្មើសជួញដូរមនុស្សអាក្រក់បំផុតរបស់ខ្លួនដែលការធ្វើបែបនេះអាចជួយឲ្យមានទំនាក់ទំនងល្អជាមួយនឹងរដ្ឋាភិបាលដែលគ្រប់គ្រងដោយយោធារបស់ទីក្រុងបាងកក ។

ការធ្វើឲ្យប្រសើរឡើងដែលត្រូវបានបញ្ជាក់ប្រាប់រ៉យទ័រដោយមន្ត្រីរបស់សហរដ្ឋអាមេរិកនៅទីក្រុងវ៉ាស៊ីនតោននិងមន្ត្រីដែលមានមូលដ្ឋាននៅទីក្រុងបាងកកមកពីអង្គការអន្តរជាតិមួយដែលបានដឹងពីចំណាត់ថ្នាក់នេះនឹងក្លាយជាការជម្រុញដ៏កម្រសម្រាប់ទំនាក់ទំនងសហរដ្ឋអាមេរិក-ថៃ។ ទំនាក់ទំនងរវាងប្រទេសទាំងពីរបានរង្គោះរង្គើចាប់តាំងពីយោធាថៃរឹបអូសយកអំណាចនៅក្នុងរដ្ឋប្រហារមួយក្នុងឆ្នាំ២០១៤ដែលទីក្រុងវ៉ាស៊ីនតោនបានថ្កោលទោសយ៉ាងខ្លាំង។

ក្រុងបាងកកបានធ្វើការតវ៉ាជាសាធារណៈចំពោះក្រុងវ៉ាស៊ីនតោនថា ខ្លួនគួរតែត្រូវបានយកចេញពីចំណាត់ថ្នាក់ទាបបំផុតក្នុងរបាយការណ៍ជួញដូរមនុស្សប្រចាំឆ្នាំ (TIP) របស់ក្រសួងការបរទេសដែលគ្រោងនឹងបញ្ចេញនៅថ្ងៃព្រហស្បតិ៍នេះ។

មន្ត្រីរបស់សហរដ្ឋអាមេរិកបានឲ្យដឹងថា របាយការណ៍នេះត្រូវបានគេរំពឹងថានឹងជំរុញការកែលម្អក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសថៃដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សជាពិសេសនៅក្នុងវិស័យឧស្សាហកម្មអាហារសមុទ្រដ៏សំខាន់របស់ខ្លួនដែលទទួលបានប្រាក់ចំណូលរាប់ពាន់លានដុល្លា។ ការធ្វើឲ្យប្រសើរឡើងនេះនឹងដាក់ថៃនៅក្នុងបញ្ជីតាមដានលំដាប់ថ្នាក់លេខ២ហើយយកវាចេញពីចំណាត់ថ្នាក់សម្រាប់ប្រទេសដែលមានកំណត់ត្រាជួញដូរមនុស្សអាក្រក់បំផុតដែលគេស្គាល់ថាជាលំដាប់ទី៣ ។

គួរបញ្ជាក់ថា របាយការណ៍នេះគឺរៀបចំបណ្តាប្រទេសចូលទៅក្នុងលំដាប់ដោយផ្អែកលើការជួញដូរមនុស្ស៖ លំដាប់ទី១សម្រាប់ប្រទេសដែលបំពេញតាមបទដ្ឋានអប្បបរមាសហរដ្ឋអាមេរិ; លំដាប់ទី២សម្រាប់ប្រទេសដែលធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីបំពេញតាមស្តង់ដារ; លំដាប់ថ្នាក់លេខ២ “ក្នុងបញ្ជីតាមដាន” គឺសម្រាប់ប្រទេសដែលសមនឹងទទួលបានការពិនិត្យពិច័យពិសេសនិងលំដាប់ទី៣សម្រាប់បណ្តាប្រទេសដែលមិនបានធ្វើកិច្ចខិតខំប្រឹងប្រែងខ្លាំងក្លា៕

website_news/2016290605.txt · Last modified: 2017/03/03 14:47 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki