website_news:2016290701

ក្នុងរយៈពេលបីឆ្នាំកន្លងមក ក្រសួងមហាផ្ទៃសហការជាមួយអង្គការCCF ជួយសង្គ្រោះកុមារបាន ៨២០ករណី

(http://bayontv.com.kh) 28/07/2016

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃថ្លែងថា ក្រោមកិច្ចសហការរវាងគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជាមួយអង្គការមូលនិធិការពារកុមារកម្ពុជាCCF ក្នុងរយៈពេលបីឆ្នាំកន្លងមកនេះ សមត្ថកិច្ចបង្ក្រាបអំពើជួញដូរកុមារបាន ៨២០ករណី និងឃាត់ខ្លួនជនល្មើសបាន៨២%។ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស មានប្រសាសន៍ថា ក្នុងចំណោមការបង្ក្រាបអំពើជួញដូរកុមារ ដែលសមត្ថកិច្ចចាប់ខ្លួន៨២% គឺកងកម្លាំងមានសមត្ថកិច្ច បានស្រាវជ្រាវរកភស្តុតាងដែលអាចបន្ទុកទៅលើជនសង្ស័យ ដើម្បីឈានទៅដល់ការបញ្ជូនជនល្មើសទៅតុលាការផ្ដន្ទាទោសតាមច្បាប់។

លោកជំទាវ ជូ ប៊ុនអេង បានលើកឡើងដូចនេះ បន្ទាប់ពីលោកជំទាវ បានព្រមព្រៀងជាមួយអង្គភាពការពារកុមារនៃមូលនីធិការពារកុមារកម្ពុជាតំណាងដោយលោក ជែម ម៉ាក់ ខាប័រ( Jame McCabe) នៅថ្ងៃទី២៨ ខែកក្កដា នៅទីស្តីការក្រសួងមហាផ្ទៃ។ លោកជំទាវ ជូ ប៊ុនអេង មានប្រសាសន៍ថា បើទោះអង្គការមូលនិធិការពារកុមារ ផ្តោតសំខាន់តែលើការពារកុមារកម្ពុជាដែលជួបការរងគ្រោះក៏ពិតមែន តែការប្រមូលកុមារនោះ គឺអាចធ្វើឲ្យក្រុមការងារជំនាញរបស់កងកម្លាំងមានសមត្ថកិច្ច អាចប្រមូលបានព័ត៌មាន ភស្តុតាង សាក្សីពីកុមាររងគ្រោះ ដើម្បីឈានទៅដល់ការកំណត់អត្តសញ្ញាណជនសង្ស័យ និងអាចដាក់បន្ទុកជនល្មើស ប្តឹងទៅតុលាការ ផ្ដន្ទាទោសទៅតាមផ្លូវច្បាប់បានខ្លះ។

គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស កន្លងមកបានបង្កើតកិច្ចសហការយ៉ាងជិតស្និតជាមួយអង្គការអេបផ័រ អង្គការជួយស្ត្រីមានវិបត្តិនិងអង្គការដៃគូជាតិអន្តរជាតិជាច្រើនទៀត៕

website_news/2016290701.txt · Last modified: 2017/03/10 12:41 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki