website_news:2016290702

ក្រសួងមហាផ្ទៃចុះMOU ជាមួយអង្គភាពការពារកុមារ(CPU) ដើម្បីជួយកុមារលើផ្នែកច្បាប់

(http://bayontv.com.kh) 28/07/2016

ភ្នំពេញ៖ នារសៀលថ្ងៃទី២៨ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សបានអញ្ជើញចុះហត្ថលេខាជាមួយលោក ចេម ម៉ាកខេប (James McCabe) ប្រធានអង្គភាពការពារកុមារ(CPU)នៃមូលនិធិកុមារកម្ពុជាដើម្បីជួយកុមារកម្ពុជាលើផ្នែកច្បាប់ នៅទីស្តីការក្រសួងមហាផ្ទៃ។

ក្រោយពីចប់ការចុះហត្ថលេខាលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សបានមានប្រសាសន៍ថា ក្រសួងមហាផ្ទៃ បានធ្វើការជាមួយគ្នា៣ឆ្នាំកន្លងមកហើយ។ ការចុះហត្ថលេខាថ្ងៃនេះ គឺបន្តការងារដែលបានធ្លាប់ធ្វើជាមួយគ្នារយៈពេល៣ឆ្នាំបន្តទៀត។

លោកជំទាវបានបន្តថា រយៈពេល៣ឆ្នាំកន្លងមកនេះ សហប្រតិបត្តិការដែលយើង បានធ្វើ គឺមាន៨២០ករណីដែលយើងរកឃើញ អ្វីដែលសំខាន់គឺការស្រាវជ្រាវភស្តុតាងក៏ដូចជាព័ត៌មានផ្សេងៗទៀតពាក់ព័ន្ធដែលអាចដាក់បន្ទុកទៅលើជនសង្ស័យដើម្បីផ្ដន្ទាទោសបញ្ជូនទៅតុលាការ។ លោកជំទាវបានបញ្ជាក់ថា ការសហការនេះរបស់អង្គភាពមួយ គឺជាការជួយមួយផ្នែកក្នុងការទប់ស្កាត់ការជួញដូរមនុស្ស ដោយគាត់ជួយលើផ្នែកច្បាប់ គឺបានន័យថា ចង់បានព័ត៌មាន ឬ សាក្សីដើម្បីដាក់បន្ទុកទៅលើជនល្មើសរកឲ្យឃើញថាជនសង្ស័យជាអ្នកណាហើយយើងត្រូវធ្វើការផ្ដន្ទាទោសជនសង្ស័យទៅតាមភាពជាក់ស្តែង៕

website_news/2016290702.txt · Last modified: 2017/03/10 12:42 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki