website_news:2016290705

ស្ត្រីមេខ្យល់ម្នាក់ត្រូវចាប់បញ្ជូនទៅតុលាការរឿងនាំនារីខ្មែរទៅការប្តីចិន

(http://www.postkhmer.com) Fri, 29 July 2016 គឹម សារុំ

បន្ទាយមានជ័យៈ នគរបាលប្រឆាំងការជួញដូរមនុស្សខេត្តបន្ទាយមានជ័យបានបញ្ជូនស្រ្តីសង្ស័យជាមេខ្យល់ម្នាក់ទៅសាលាដំបូងខេត្តបន្ទាយមានជ័យកាលពីព្រឹកម្សិលមិញពាក់ព័ន្ធនាំស្រ្តី ២ នាក់ទៅរៀបការប្តីនៅប្រទេសចិន។

លោកស្រី ឌី សុជាតិ ស្នងការរងទទួលបន្ទុកប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្តបន្ទាយមានជ័យបានឲ្យដឹងថាស្រ្តីសង្ស័យម្នាក់ដែលពាក់ព័ន្ធករណីនាំស្រ្តី ២ នាក់ទៅរៀបការប្តីនៅចិននោះលោកស្រីបានកសាងសំណុំរឿងបញ្ជូនបន្តទៅសាលាដំបូងខេត្តហើយ។ លោកស្រីនិយាយថា៖ «ខ្ញុំបានបញ្ចប់នីតិវិធីនៃការស៊ើបសួរជនសង្ស័យហើយប៉ុន្តែខ្ញុំសូមទោសមិនអាចប្រាប់លម្អិតបានទេព្រោះឥឡូវខ្ញុំជាប់ប្រជុំ»។ នារីរងគ្រោះទី ១-ឈ្មោះ ប៉ាង ស្រីពៅ អាយុ ១៧ ឆ្នាំ និង ប៉ាង ណាវី អាយុ ២៤ ឆ្នាំពួកគេមានលំនៅភូមិស្រែព្រៃ ឃុំចំណោមស្រុកមង្គលបុរី។ ឯស្រ្តីសង្ស័យឈ្មោះ ជីន ពន្លឺ អាយុ ៣២ ឆ្នាំរស់នៅភូមិដងត្រាង ឃុំចំណោម ស្រុកមង្គលបូរី។

លោក អ៊ិត សំអាត នាយនគរបាលប៉ុស្តិ៍ឃុំចំណោមបានឲ្យដឹងកាលពីម្សិលមិញថារឿងនេះត្រូវម្តាយស្រ្តីរងគ្រោះប្តឹងមកលោកបន្ទាប់ពីកូនស្រីគាត់បានទូរស័ព្ទពីប្រទេសចិនប្រាប់។ លោករំឭកប្រាប់តាមសម្តីម្តាយស្រ្តីរងគ្រោះថាតាមពិតទៅស្រ្តីទាំង ២ នាក់ត្រូវបានគេនាំទៅប្រទេសចិនតាំងពីខែវិច្ឆិកាឆ្នាំ ២០១៥ មកម្ល៉េះកាលនោះនារីប្អូនអាយុ ១៦ ឆ្នាំហើយពួកគេបានប្តីជនជាតិចិននៅទីនោះហើយ។ ប៉ុន្តែដោយនារីជាប្អូនត្រូវប្តីធ្វើបាបបង្ខាំងមិនឲ្យចេញក្រៅផ្ទះ និងធ្វើបាបរូបកាយធ្វើឲ្យនាងមិនអាចទ្រាំបានក៏ព្យាយាមទូរស័ព្ទប្រាប់ម្តាយឲ្យរកអង្គការនៅស្រុកខ្មែរដើម្បីអន្តរាគមន៍ជួយដល់នាង។ លោកបន្តថាបន្ទាប់មកម្តាយនាងបានប្តឹងមកសមត្ថកិច្ចហើយក៏មានអន្តរាគមន៍ជួយសង្គ្រោះនារីជាប្អូនមកដល់ស្ថានទូតខ្មែរប្រចាំនៅប្រទេសចិនកាលពីថ្ងៃទី ២៦ ខែកក្កដាឆ្នាំ ២០១៦។

ចំណែកឯស្រ្តីជាបងនារីរងគ្រោះនាងរស់នៅជាមួយប្តីនៅប្រទេសចិនបានសុខស្រួលហើយក៏មិនបានប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ដែរ៕

website_news/2016290705.txt · Last modified: 2017/03/10 12:46 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki