website_news:2016290706

ពលករខ្មែរ៧០នាក់ កំពុងធ្វើការងារនៅរោងចក្រផលិតពូក ខ្នើយ ក្នុងខេត្ដឈុនបុរី ប្រទេសថៃ

(http://www.akp.gov.kh) AKP ឈុនបុរី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦

ដោយមានការទទួលស្គាល់ និងផ្ដល់នូវលិខិតធ្វើការងារស្របច្បាប់ ចេញពីអាជ្ញាធរកម្ពុជា និងថៃ នោះ ពលករខ្មែរចំនួន៧០នាក់ បាន និងកំពុងធ្វើការងារ នៅរោងចក្រផលិតពូក ខ្នើយ និងរូបតុក្កតា ដែលផលិតចេញពីជាតិកៅស៊ូ សម្រាប់ធ្វើការនាំចេញទៅក្រៅប្រទេស ស្ថិតក្នុងខេត្ដឈុនបុរី ប្រទេសថៃ។ ថ្លែងក្នុងការជួបសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានកម្ពុជា កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦ នៅខេត្ដឈុនបុរី ប្រទេសថៃ កញ្ញា ម៉េត ជាសិលា មានអាយុ១៨ឆ្នាំ មកពីឃុំ អង្កាញ់ ស្រុកព្រៃកប្បាស ខេត្ដតាកែវ ដែលជាកម្មករធ្វើការងារផ្នែករដ្ឋបាលក្នុងរោងចក្រ Para Pure Latex Co., Ltd បាននិយាយថា ការចេញទៅធ្វើការនៅក្នុងប្រទេសថៃនេះ កម្មករខ្មែរមានលិខិតឆ្លងដែនត្រឹមត្រូវ និងមានការទទួលស្គាល់ពីអាជ្ញាធរកម្ពុជា និងថៃ ហើយធ្វើការងារនៅទីនោះគឺមិនពិបាកអ្វីនោះទេ គឺមានការយកចិត្តទុកដាក់ពីថៅកែ និងទទួលបានប្រាក់ខែសមរម្យ។ កញ្ញាបានបន្ដថា ក្នុងមួយថ្ងៃ កម្មករខ្មែរទទួលបានប្រាក់កម្រៃ ប្រមាណ៣៤០០០រៀល ទៅ៣៥០០០ រៀលក្នុងម្នាក់ៗ អ្នកខ្លះទៀតអាចទទួលបានប្រាក់រហូតដល់ជាង៤០០០០រៀល អាស្រ័យទៅតាមជំនាញ និងសមត្ថភាពជាក់ស្ដែង។ កញ្ញាបានបន្ដទៀតថា ចំពោះការងារនៅក្នុងរោងចក្រនេះ កម្មករខ្មែរធ្វើការ លើផ្នែកខុសៗគ្នា ដោយអ្នកខ្លះច្រកពូក ដេរពូក ចាក់ខ្នើយ ចាក់ពូក និងអ្នកខ្លះទៀត នាំយកសម្ភារដែល ផលិតបានយក ទៅដាក់តាមកន្លែងលក់ជាដើម។ ក្រៅពីរោងចក្រផលិតពូក ខ្នើយនេះក៏មានកម្មករ ខ្មែរជាច្រើនទៀត កំពុងធ្វើការងារនៅតាមរោងចក្រ និងក្រុមហ៊ុនក្នុងខេត្ដឈុនបុរី ហើយពួកគេភាគ ច្រើនជាអ្នកធ្វើការ ងារស្របច្បាប់។

កញ្ញា ម៉េត ជាសិលា បានអះអាងថា ការសម្រេចចេញទៅធ្វើការងារនៅក្នុងប្រទេសថៃនេះ គឺការងារនៅទីនោះទទួលបានប្រាក់កម្រៃច្រើនជាងធ្វើការងារនៅក្នុងប្រទេសកម្ពុជា ហើយប្រសិនបើ មានលិខិតស្នាមត្រឹមត្រូវ និងមានការ ទទួលស្គាល់រវាងអាជ្ញាធរប្រទេសទាំងពីរគឺមិនមានបញ្ហាអ្វីកើត ឡើងនោះទេ អាចចេញទៅធ្វើការងារនៅកន្លែងណាក៏បានដែរ។

ជាមួយគ្នានេះ កម្មករភាគច្រើនធ្វើការងារទៅតាមម៉ោង និងពេលវេលា ដោយមិនមានការបង្ខិត បង្ខំពីសំណាក់អ្នកគ្រប់គ្រង ឬម្ចាស់រោងចក្រនោះទេ ហើយកម្មករដែលកំពុងធ្វើការនៅទីនោះ ម្ចាស់ រោងចក្របានយកចិត្តទុកដាក់ និងស្រឡាញ់កម្មករខ្មែរពីព្រោះខ្មែរមានការព្យាយាម ធ្វើការងារល្អ និង មានភាពអត់ ធ្មត់។ លោកស្រី Sangdao Loekkrajang តំណាងម្ចាស់រោងចក្រ Para Pure Latex Co., Ltd បានបញ្ជាក់ថា រោងចក្រផលិតចេញជាពូក ខ្នើយ រូបតុក្កតា ពូកផ្អែករថយន្ដ និងឧបករសម្ភារផ្សេងៗ ជាច្រើនទៀត ដែលមានគុណភាពខ្ពស់ ផលិតចេញពីកៅស៊ូ សម្រាប់ប្រើប្រាស់ និងនាំចេញទៅក្រៅ ប្រទេស ដូចជាប្រទេសចិន កូរ៉េខាងត្បូង ឥណ្ឌូណេស៊ី និងប្រទេសវៀតណាម។ លោកស្រីបានបន្ដថា សម្រាប់កម្មករខ្មែរដែលកំពុងធ្វើការងារក្នុងរោងចក្រផ្ទាល់ អាចផលិតពូក ខ្នើយដែលធ្វើពីផលិតផល ជ័រកៅស៊ូក្នុងមួយថ្ងៃបានចំនួនជាង១៥០០ ដែលពួកគេធ្វើការងារបានល្អ និងយកចិត្តទុកដាក់។

សូមបញ្ជាក់ថា ពលករខ្មែរ ដែលកំពុងធ្វើការងារក្នុងរោងចក្រ Para Pure Latex Co., Ltd គឺមានចំនួន៧០នាក់ ក្នុងនោះ ស្រ្ដីចំនួន៤០នាក់ និងបុរសចំនួន៣០នាក់ ដែលភាគច្រើនមកពីខេត្ដតាកែវ បាត់ដំបង បន្ទាយមានជ័យ ឧត្ដរមានជ័យ និងបណ្ដាខេត្ដផ្សេងៗទៀតក្នុងប្រទេសកម្ពុជា៕ ដោយ អ៊ុន រិទ្ធី

website_news/2016290706.txt · Last modified: 2017/03/10 12:49 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki