website_news:2016290707

កម្ពុជាស្នើរាជរដ្ឋាភិបាលថៃអន្តរាគមន៍ទៅថៅកែថៃឲ្យគោរពសិទ្ធិពលករកម្ពុជាបម្រើការតាមទូកនេសាទ

(http://bayontv.com.kh) 29/07/2016

ភ្នំពេញ ៖មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃស្នើសុំរាជរដ្ឋាភិបាលថៃជំរុញបណ្ដាថៅកែថៃឲ្យបង្កើនការគោរពសិទ្ធ មនុស្ស គោរពសិទ្ធិពលករកម្ពុជាដែលកំពុងបម្រើការងារនៅប្រទេសថៃពិសេសពលករខ្មែរដែលកំពុងបម្រើការតាម ទូកនេសាទខណៈគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបាន និងកំពុងរៀបចំឯកសារសុំការអន្តរាគមន៍លើបញ្ហា នេះទៅ គណៈកម្មាធិការសិទ្ធមនុស្សរបស់ប្រទេសថៃ។

លោកជំទាវជូប៊ុនអេងរដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សបានថ្លែងប្រាប់ឲ្យដឹងនៅថ្ងៃទី២៨ខែកក្កដាថា កន្លងមកកម្ពុជាមិនទាន់មានកិច្ចព្រម ព្រៀងណាមួយដែលអនុញ្ញាតឲ្យប្រទេសថៃប្រើប្រាស់ពលករកម្ពុជាជាកម្មករនេសាទនៅប្រទេសថៃនោះទេហើយកម្ពុជាផ្ទាល់ក៏កំពុងប្រឈមការលំបាកខណៈមានពលករកម្ពុជាមួយចំនួននៅតែចាញ់បោកមេខ្យល់ទៅធ្វើការជាអ្នកនេសាទនៅក្នុងសមុទ្រថៃ។ លោកជំទាវបន្តថាកន្លងមកទាំងភាគីរាជរដ្ឋាភិបាលទាំងពីរកម្ពុជាថៃបានពង្រឹងការ អនុវត្តច្បាប់សម្រាប់ពលករនោះតែទោះជាយ៉ាងណាភាគីទាំងពីរមិនទាន់គ្រប់គ្រងបាននូវចំនួនពលករខ្មែរដែលទៅធ្វើការងារនៅប្រទេសថៃខុសច្បាប់នោះទេ។

ប្រធានគណៈកម្មាធិការសិទ្ធមនុស្សកម្ពុជាឯកឧត្ដមកែវរ៉េមីមានប្រសាសន៍ថាខណៈមានទទួលព័ត៌មានថាមានការរំលោភសិទ្ធិមនុស្សលើកម្មករនេសាទកម្ពុជានៅប្រទេសថៃនោះ ពេលនេះគណៈកម្មាធិការសិទ្ធមនុស្ស កម្ពុជាបាន និងកំពុងរៀបចំឯកសារអន្តរាគមន៍គោរពសិទ្ធពលករទៅគណៈកម្មាធិការសិទ្ធិមនុស្សថៃហើយថា បើ ទោះបីជាកម្មករទាំងនោះទៅធ្វើការស្របច្បាប់ឬមិនស្របច្បាប់ក្ដីត្រូវតែគិតពីការគោរពសិទ្ធិមនុស្ស៕

website_news/2016290707.txt · Last modified: 2017/03/10 12:50 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki