website_news:2016290803

តុលាការបន្ទាយមានជ័យសម្រេចឃុំខ្លួនមេខ្យល់នាំពលករឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ

(http://ann.com.kh) ដោយ: សម្បត្តិ សីហា  ថ្ងៃថ៍ន្ទ ទី២៩ ខែសីហា ឆ្នាំ២០១៦ សន្តិសុខសង្គម

បន្ទាយមានជ័យ៖ ជនជាប់ចោទជាមេខ្យល់ ដែលនាំពលករឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃ ត្រូវបានតុលាការខេត្តបន្ទាយមានជ័យកាលពីចុងសប្តាហ៍នេះ បានសម្រេចឃុំខ្លួនជាបណ្តោះអាសន្ន ដើម្បីរង់ចាំការកាត់ក្តី។

លោក អោក សំណុក នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការនគបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ជនជាប់ចោទខាងលើ មានឈ្មោះ តន់ យ៉ន ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងត្រូវបានសមត្ថកិច្ចដកហូតបាន រថយន្តម៉ាំក កាមរី សេរីឆ្នាំ១៩៩៦ ពាក់ស្លាកលេខ សៀមរាប2A-3273 ព្រមទាំងពលករចំនួន ២នាក់ទៀត ដែលជនជាប់ចោទរូបនេះ បម្រុងនាំពួកគេឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ តាមច្រករបៀងអូរបីជាន់ ស្ថិតក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ ។

យោងតាមដីការបង្គាប់ឲ្យឃុំខ្លួន លេខ៥៧៦ របស់ចៅក្រមស៊ើបសួរ មុយ សុភ័ក្ក្រ ក្នុងសេចក្តីសម្រេចលេខ២ រយៈពេលនៃការឃុំខ្លួនបណ្តោះអាសន្ន គឺគិតចាប់ពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦ និងមិនឲ្យហួសពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ឡើយ លើកលេងតែដីការបង្គាប់ឲ្យពន្យាលពេលឃុំខ្លួន ឬដីការសម្រេចឲ្យជុំខ្លួនបណ្តោះអាសន្នរង់ចាំការជម្រះ។ ក្នុងនោះដែរ នៅចំណុច៣ បង្គាប់ឲ្យប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យ ទទួលជននេះ ឃុំខ្លួនបណ្តោះអាសន្ន រហូតមានសេចក្តីសម្រេចថ្មី៕

website_news/2016290803.txt · Last modified: 2017/03/11 19:56 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki