website_news:2016290805

ថៃបញ្ជូនអ្នកទោសជាបន្តបន្ទាប់មកកម្ពុជា

(https://kohsantepheapdaily.com.kh) ឱម សារឿន ថ្ងៃអាទិត្យ ទី២៨ ខែសីហា ឆ្នាំ២០១៦ ម៉ោង ១៤:០៣

ខេត្តឧត្តរមានជ័យ ៖ អ្នកទោសខ្មែរ៨នាក់ ដែលក្រុមអាជ្ញាធរថៃ ចោទពីបទឆ្លងដែនខុសច្បាប់ចូលកាប់ឈើគ្រញួង ត្រូវបានដោះលែងឱ្យមានសេរីភាពជាបន្តបន្ទាប់ កាលពីថ្ងៃទី២៦ និងថ្ងៃទី២៧ សីហា ២០១៦ នៅចំណុចមាត់ច្រកទ្វារអន្តរជាតិជាំ ស្ថិតក្នុងភូមិជាំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

អ្នកទោសខ្មែរម្នាក់ឈ្មោះ រី រ៉ាវី ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិបាយស្រា ឃុំទំពណ៍មាស ស្រុកដងទង់ ខេត្តកំពត បានរៀបរាប់ថា នៅថ្ងៃទី២៩ មិថុនា ២០១៥ កន្លងទៅ មានពលរដ្ឋជាច្រើនក្រុមបានឡើងភ្នំដងរ៉ែកឆ្លងដែនចូលទៅក្នុងទឹកដីថៃ មានគោលបំណងកាប់ឈើគ្រញួង ត្រូវបានក្រុមទាហានថៃបាញ់រះ តែមិនបានដឹងថា មាននរណារងរបួស ឬស្លាប់នោះទេ ដោយឡែកពួកខ្លួនត្រូវក្រុមទាហានថៃចាប់បាននាំទៅដាក់ពន្ធធានាគាខេត្តស៊ីសាកេត ប្រទេសថៃ។

មន្ត្រីបម្រើការងារនៅមាត់ច្រកទ្វារអន្តរជាតិជាំ ឱ្យដឹងថា អ្នកទោសខ្មែរត្រូវបានក្រុមអាជ្ញាធរថៃដោះលែងជាបន្តបន្ទាប់នាំមកប្រគល់ឱ្យអាជ្ញាធរកម្ពុជាតាមមាត់ច្រកទ្វារជាំកាលពីវេលាម៉ោង២រសៀល ថ្ងៃទី២៦ សីហា ២០១៦ មានចំនួន៣នាក់ ១-ឈ្មោះ មាស ពៅ ភេទប្រុស អាយុ២១ឆ្នាំ ២-ឈ្មោះ ស្មាស នន ភេទប្រុស អាយុ២១ឆ្នាំ និង៣-ឈ្មោះយូ លី ភេទប្រុស អាយុ២៣ឆ្នាំ ទាំង៣នាក់នេះរស់នៅភូមិឬស្សី ឃុំផ្អាវ ខេត្តឧត្តរមានជ័យ។ មន្ត្រីដដែលបានបន្តថា ដោយឡែកនៅវេលាម៉ោង៣និង២០នាទីល្ងាច ថ្ងៃទី២៧ សីហា ២០១៦ អាជ្ញាធរថៃបានបញ្ជូនមកចំនួន៥នាក់បន្តទៀត មាន ១-ឈ្មោះហ៊ីម ថាត ភេទប្រុស អាយុ៣៥ឆ្នាំ ២-ឈ្មោះ ខ្លឹង រិន ភេទប្រុស អាយុ៣៥ឆ្នាំ ៣-ឈ្មោះ ស៊ុន សិលា ភេទប្រុស អាយុ១៨ឆ្នាំ ៤-ឈ្មោះស៊ុន ពៅ ភេទប្រុស អាយុ៣៩ឆ្នាំ និង៥-ឈ្មោះ រី រ៉ាវី ភេទប្រុស អាយុ២៦ឆ្នាំ ទាំង៥នាក់នេះរស់នៅបាយស្រា ឃុំទំពណ៌មាស ស្រុកដងទង់ ខេត្តកំពត ត្រូបានអប់រំ នឹងឱ្យវិលត្រឡប់ទៅលំនៅឋានវិញនាថ្ងៃដដែល ៕

website_news/2016290805.txt · Last modified: 2017/03/11 19:59 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki