website_news:2016290807

ពលរដ្ឋខ្មែរ៣៤នាក់ត្រូវបានទាហានថៃចាប់ខ្លួនពេលចូលកាប់ឈើដោយខុសច្បាប់នៅទឹកដីថៃ

(http://www.rfa.org/khmer/news) ដោយ ស៊ុន ហេង 2016-08-28

សារព័ត៌មានបាងកកប៉ុស្តិ៍ (Bangkok Post) នៅថ្ងៃអាទិត្យ ទី២៨ ខែសីហា ឆ្នាំ២០១៦ រាយការណ៍ថា ប្រជាពលរដ្ឋខ្មែរ ៣៤នាក់ត្រូវបានទាហានថៃ ឃាត់ខ្លួនពីរឿងកាប់ឈើខុសច្បាប់លើទឹកដីថៃ។ ការចាប់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីទាហានថៃ នៅខេត្តបុរីរ៉ាំ បើកយុទ្ធនាការស៊ើបអង្កេតមួយនៅថ្ងៃទី២៥ សីហា ដោយបន្លំខ្លួនចូលរួមជាមួយក្រុមអ្នកកាប់ឈើខុសច្បាប់ទាំងនោះ។

នៅថ្ងៃសៅរ៍ ទី២៧ ក្រោយពីទាហានថៃ បានដឹងពីសមាសភាពរបស់អ្នកចូលលួចកាប់ឈើអស់ហើយ ពួកគេក៏ចាប់ផ្ដើមព័ទ្ធចាប់ខ្លួនក្រុមអ្នកកាប់ឈើខុសច្បាប់ទាំងអស់ ដែលក្នុងនោះមានជនជាតិខ្មែរ ៣៤នាក់ដែរ។ សារព័ត៌មានដដែលឲ្យដឹងទៀងថា យុទ្ធនាការស៊ើបអង្កេតនេះកំពុងបន្តដំណើរការ តែមិនបានបញ្ជាក់ថា ខាងអាជ្ញាធរថៃ នឹងចាត់វិធានការអ្វីដល់ជនជាតិខ្មែរទាំង ៣៤នាក់នោះទេ។

កន្លងមកជារឿយៗ ប្រជាជនខ្មែរក្រីក្រនៅតាមព្រំដែន តែងចូលទៅកាប់ឈើនៅក្នុងព្រៃ ហើយពេលខ្លះឈានចូលទៅក្នុងទឹកដីថៃ ទាំងដឹង និងមិនដឹងខ្លួន ហើយពេលខ្លះត្រូវបានទាហានថៃ តាមទាន់ ហើយចាប់ខ្លួន ឬក៏បាញ់សម្លាប់នៅនឹងកន្លែង។

អាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការបរទេស ដើម្បីសួរអំពីបញ្ហានេះបន្ថែមបានទេ នៅថ្ងៃទី២៨ សីហា៕

website_news/2016290807.txt · Last modified: 2017/03/11 20:03 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki