website_news:2016290809

ថៃ សន្យាបញ្ជូនខ្មែរ ៤ នាក់លួចចូលកាប់ឈើមកវិញ

(http://www.postkhmer.com) Mon, 29 August 2016 ឃុត សុភចរិយា

បាត់ដំបងៈ អាជ្ញាធរថៃ បានយល់ព្រមនឹងដោះលែងពលរដ្ឋខ្មែរ ៤ នាក់ដែលត្រូវបានចាប់ខ្លួនក្នុងអំឡុងពេលចូលទៅកាប់ឈើគ្រញូងខុសច្បាប់ នៅក្នុងទឹកដី ថៃ ឲ្យវិលត្រឡប់មកកម្ពុជាវិញក្នុងសប្ដាហ៍នេះ។

លោក ទីវ វាសនា ប្រធានក្រុមការងារ នៃអង្គភាពនគរបាលទំនាក់ទំនងកិច្ចការព្រំដែន កម្ពុជា-ថៃ បានឲ្យដឹងថា កាលពីរសៀលថ្ងៃសុក្រ ប្រជាពលរដ្ឋខ្មែរចំនួន ៤ នាក់ ក្នុងចំណោមបក្ខពួក ៥ នាក់ ត្រូវបានក្រុមទាហានឈុតខ្មៅថៃ ចាប់ខ្លួន ខណៈពួកគេ បានលួចឆ្លងដែនចូលទៅកាប់ឈើគ្រញូងដោយខុសច្បាប់ នៅក្នុងទឹកដីថៃ ត្រង់ចំណុច ភូមិថាគុំ ឃុំខៅស្មឹង ស្រុកមឿង ខេត្តត្រាតប្រទេសថៃ។ ក្នុងការចាប់ខ្លួននោះ អាជ្ញាធរថៃ បានរឹបអូសបានឈើគ្រញូងជាច្រើនដុំ និងរណារយន្តចំនួនមួយគ្រឿងផងដែរ។ លោកវាសនាថា យោងតាមរបាយការណ៍ ដែលផ្ដល់ឲ្យដោយភាគីថៃ ពលរដ្ឋខ្មែរដែលត្រូវបានចាប់ខ្លួនទាំងនោះ រួមមានឈ្មោះ ធូក លីអូ អាយុ ១៦ឆ្នាំ អ៊ុន ប្រុស អាយុ ២៥ ឆ្នាំ អ៊ុន វីន អាយុ ២៣ ឆ្នាំ និង ម្នាក់ទៀត ឈ្មោះ ឡាំ ដែន អាយុ ២២ឆ្នាំ។ អ្នកទាំងបួន រស់នៅភូមិអូត្រែង ឃុំតាតោក ស្រុកសំឡូត។

បើតាម លោក វាសនា កាលពីព្រឹកថ្ងៃសៅរិ៍ ក្រុមមន្ត្រីរបស់លោកបានជួបពិភាក្សាជាមួយភាគីថៃ ហើយក្នងជំនួបនោះ ភាគីកម្ពុជា បានស្នើសុំឲ្យភាគីថៃ ពិនិត្យទៅលើលទ្ធភាពដោះលែង និងបញ្ជូនពលរដ្ឋខ្មែរទាំងបួននាក់មកកម្ពុជាវិញ។ «ក្រោយពីជួបពិភាក្សាអស់រយៈពេលជាងពីរម៉ោង ភាគីថៃ បានយល់ព្រមតាមសំណើរបស់យើងដោយសន្យាថា ក្រោយពីធ្វើការសាកសួរ និងអប់រំណែនាំពួកគេរួចនឹងដោះលែង ដោយបញ្ជូនពួកគេត្រឡប់មកកម្ពុជាវិញ នៅថ្ងៃណាមួយក្នុងសប្ដាហ៍នេះ»។

លោក ឈឹម យន្ត នាយនគរបាលប៉ុស្តិ៍ឃុំតាតោក បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថា ពលរដ្ឋខ្មែរម្នាក់ ក្នុងចំណោមគ្នា៥ នាក់ ដែលបានរត់រួចខ្លួន ពីការតាមចាប់របស់កម្លាំងយោធាឈុតខ្មៅថៃនោះ បានត្រឡប់មកដល់ផ្ទះរបស់គេវិញហើយកាលពីល្ងាចថ្ងៃសៅរិ៍។ លោកថា បើតាមសម្ដីបុរសម្នាក់នោះពួកគេទាំង ៥ នាក់ បានដើររុករកអនុផលព្រៃឈើ នៅក្នុងព្រៃតាមបណ្ដោយព្រំដែននិងបានកាប់វល្លិ៍ ផ្ដៅ ឫសឈើ មើមឈើ បេះផ្សិត…។ ដោយសារនៅក្នុងព្រៃ ពួកគេពុំដឹងច្បាស់អំពីព្រំប្រទល់ដែនរវាងប្រទេសទាំងពីរលុះដល់ពេលនាំគ្នាដើរត្រឡប់មកផ្ទះវិញ ក៏ត្រូវពួកទាហានថៃ ព័ទ្ធចាប់តែម្ដង ប៉ុន្តែរូបគេបានរត់គេចរួចខ្លួនដោយសុវត្ថិភាព៕

website_news/2016290809.txt · Last modified: 2017/03/11 20:07 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki