website_news:2016290903

ពលរដ្ឋចំណាកស្រុកនៅខេត្តកំពង់ចាមមួយចំនួនមិនអាចមកលេងស្រុកក្នុងរដូវបុណ្យភ្ជុំបិណ្ឌ

(http://www.rfa.org/khmer/news) ដោយ សូត សុខប្រាថ្នា 2016-09-28

ប្រជាពលរដ្ឋនៅខេត្តកំពង់ចាម ដែលមានសមាជិកក្រុមគ្រួសារទៅធ្វើការងារនៅឆ្ងាយៗពីផ្ទះ ឬទៅក្រៅប្រទេស ពិសេសប្រទេសថៃ បញ្ជាក់ថា សាច់ញាតិពួកគាត់មិនអាចត្រឡប់មកលេងស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌបានទេ។ ពួកគាត់លើកឡើងថា មូលហេតុមិនអាចមកលេងស្រុកកំណើតបាន ពីព្រោះមិនមានថវិកាគ្រប់គ្រាន់ ម្យ៉ាងកន្លែងធ្វើការមិនអនុញ្ញាតិឱ្យមកជាដើម។ អាជ្ញាធរមូលដ្ឋានខ្លះមើលឃើញថា បញ្ហានេះនឹងធ្វើឱ្យពលរដ្ឋទាំងនោះបាត់បង់សិទ្ធិចុះឈ្មោះបោះឆ្នោតតែម្តង។

រដូវបុណ្យទានធំៗម្តងៗ ដូចជាពិធីបុណ្យភ្ជុំបិណ្ឌជាដើម គឺជាឱកាសមួយសម្រាប់ប្រជាពលរដ្ឋខ្មែរប្រុសស្រី ពិសេសអ្នកធ្វើការងារនៅឆ្ងាយពីស្រុកកំណើតបានជួបជុំក្រុមគ្រួសារ។ សាច់ញាតិរបស់ពួកគេនៅផ្ទះទន្ទឹងរង់ចាំផ្លូវកូនចៅ ប្រពន្ធ ឬប្តីរបស់ខ្លួន។ សមាជិកគ្រួសារចំណាកស្រុកទៅធ្វើការនៅតំបន់ឆ្ងាយៗ ចង់ឱ្យសាច់ញាតិរបស់ខ្លួនបានត្រឡប់មកធ្វើបុណ្យទានជួបជុំក្រុមគ្រួសារណាស់ ប៉ុន្តែស្ថានភាពជីវភាព និងបញ្ហាមួយចំនួនមិនអនុគ្រោះដល់ពួកគាត់ឡើយ។ ក្រុមគ្រួសារខ្លះ ត្រូវឃ្លាតគ្នារាប់ខែ ឬរាប់ឆ្នាំ ទម្រាំជួបគ្នាម្តង ឯខ្លះទៀត ទៅធ្វើការងារនៅក្រៅប្រទេស ពិសេសប្រទេសថៃ ក៏បាត់ដំណឹងសូន្យ។

ប្រជាពលរដ្ឋរស់នៅភូមិសុពណ៌ ឃុំតាអុង ស្រុកចំការលើ មួយរូប អ្នកស្រី តុប យ៉ា ឱ្យដឹងថា គាត់មានសមាជិកក្រុមគ្រួសារចំនួន ៤នាក់ ទៅធ្វើការនៅប្រទេសថៃ។ អ្នកស្រីថា ពួកគេទៅធ្វើការងារនៅទីនោះ គឺមិនបានត្រឡប់មកលេងស្រុកកំណើតនៅរដូវភ្ជុំបិណ្ឌនៅឆ្នាំនេះទេ ពីព្រោះខ្វះថវិកាសម្រាប់ចំណាយក្នុងការធ្វើដំណើរមកលេងស្រុក ម្យ៉ាងមិនទាន់គ្រប់អាណត្តិ ពោលគឺថៅកែថៃ មិនឱ្យឈប់សម្រាកឡើយ។ យ៉ាងនេះក្តី អ្នកស្រីបញ្ជាក់ថា បងប្អូនរបស់គាត់ក៏បានផ្ញើប្រាក់មួយចំនួនឱ្យម្តាយ និងកូនៗ ដែលកំពុងរស់នៅស្រុកកំណើតគ្រាន់ធ្វើបុណ្យទាន៖ «និយាយរួមទៅលុយហ្នឹងក៏គ្មានដែរ ព្រោះទៅហ្នឹងជំពាក់គេ រក (ខ្ចី) គេទៅអ៊ីចឹង។ រួចត្រូវការកូនគេអីទៀត។ លុយក៏គ្មានរួមមកក៏មិនអាចមករួច។ អ្នកស្រីបន្តថា គ្មាននរណាម្នាក់ចង់រស់នៅឆ្ងាយពីឪពុកម្តាយ ឬកូនៗ របស់ខ្លួនទេ ប៉ុន្តែភាពទីទ័លក្របានជំរុញឱ្យបងប្អូនអ្នកស្រីត្រូវរស់នៅដាច់ឆ្ងាយពីគ្នា។

ពលរដ្ឋនៅឃុំតាអុង មួយរូបទៀត លោក ហ៊ឹម សារឿន ឱ្យដឹងថា អ្នកភូមិរបស់លោកមួយចំនួនធ្វើចំណាកស្រុកទៅធ្វើការងារនៅតាមបណ្តាខេត្តផ្សេងៗ ប៉ុន្តែមួយចំនួនចេញទៅក្រៅប្រទេស។ លោកថា ពលរដ្ឋចំណាកស្រុកក្នុងប្រទេសភាគច្រើនបានត្រឡប់មកធ្វើបុណ្យទានជួបជុំក្រុមគ្រួសារនៅស្រុកកំណើត ប៉ុន្តែអ្នកភូមិខ្លះទៀត ពិសេសអ្នកទៅក្រៅប្រទេស គឺមិនអាចមកធ្វើបុណ្យទានជួបជុំក្រុមគ្រួសារបានឡើយ៖ «អានេះ ទីមួយអាស្រ័យលើថវិកា ទីពីរក្រែងលោយើងមកទៅ ក្រុមហ៊ុនគេមិនឱ្យមកទៅ យើងមិនអាចមកបានទេ»។

website_news/2016290903.txt · Last modified: 2017/03/12 18:04 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki