website_news:2016290904

ថៃអនុញ្ញាតឲ្យពលករខ្មែរស្របច្បាប់ទៅចុះឈ្មោះបោះឆ្នោតនិងត្រឡប់ទៅធ្វើការវិញធម្មតា

(http://www.rfa.org/khmer/news) ដោយ យ៉ង ចាន់តារា 2016-09-28

ពលរដ្ឋចំណាកស្រុកកម្ពុជា ដែលមានលិខិតឆ្លងដែនធ្វើការក្នុងប្រទេសថៃ នឹងមិនតម្រូវឲ្យចុះឈ្មោះសាជាថ្មីទៀតជាមួយអាជ្ញាធរថៃ នោះទេពេលដែលត្រឡប់ទៅធ្វើការវិញ ក្រោយពីពួកគេបានមកចុះឈ្មោះបោះឆ្នោតនៅកម្ពុជា។ នេះបើតាមការផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ (Bangkok Post) ដែលបានដកស្រង់សម្ដីមន្ត្រីក្រសួងការងារថៃ នៅថ្ងៃទី២៨ កញ្ញា។ ការសម្រេចនេះ ធ្វើឡើងតាមការអំពាវនាវរបស់តំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង អ្នកស្រី មូរ សុខហួរ ដើម្បីឲ្យពលករខ្មែរជាង ១លាននាក់ដែលកំពុងធ្វើការនៅប្រទេសថៃ ទាំងស្របច្បាប់ និងខុសច្បាប់ មកចុះឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលធ្វើឡើងចាប់ពីថ្ងៃទី១ កញ្ញា ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ខាងមុខ។

មន្ត្រីក្រសួងការងារថៃ បញ្ជាក់ថា ប្រសិនកម្ពុជា ស្នើសុំកិច្ចសហការ ក្រសួងការងារថៃ នឹងធ្វើដូចគ្នានឹងអ្វីដែលបានធ្វើជាមួយប្រទេសមីយ៉ាន់ម៉ា កាលពីការបោះឆ្នោតកន្លងទៅ។ ក្រសួងការងារថៃ នឹងស្នើដល់និយោជក អនុញ្ញាតឲ្យពលករចំណាកស្រុកកម្ពុជា សុំច្បាប់ និងត្រឡប់មកធ្វើការវិញបានដូចធម្មតា។ ទោះបីជាយ៉ាងណា ការអនុវត្តនេះធ្វើឡើងតែចំពោះពលករស្របច្បាប់តែប៉ុណ្ណោះ ដោយឡែកពលករខុសច្បាប់វិញ អាជ្ញាធរថៃ នឹងធ្វើតាមច្បាប់៕

website_news/2016290904.txt · Last modified: 2017/03/12 18:05 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki