website_news:2016290905

ក្រុមគ្រួសាររកអន្តរាគមន៍ជួយស្ត្រីខ្មែរ ៧ នាក់នៅម៉ាឡេស៊ី

(http://www.postkhmer.com) Thu, 29 September 2016 សែន ដាវីត

ភ្នំពេញ: ប្រជាពលរដ្ឋនៅឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ៧ គ្រួសារបានមករកអន្តរាគមន៍ពីសមាគមសិទ្ធិមនុស្សអាដហុកខេត្តត្បូងឃ្មុំកាលពីម្សិលមិញដោយបានអះអាងថាកូនៗរបស់ខ្លួនត្រូវបានចាញ់បោកមេខ្យល់ទៅម៉ាឡេស៊ីចំនួន ៧ នាក់ខ្លះត្រូវគេចាប់ខ្លួនខ្លះបាត់ខ្លួន និងខ្លះទៀតរត់គេចខ្លួនដោយសារមិនមានឯកសារស្របច្បាប់ ។

លោក នាងសុវ៉ាត អ្នកសម្របសម្រួលសមាគមអាដហុកខេត្តត្បូងឃ្មុំបានឲ្យដឹងថាពួកគេត្រូវបានក្រុមគ្រួសារមកដាក់ពាក្យជួយអន្តរាគមន៍ក្រោយពីសមាជិកគ្រួសាររបស់ពួកគេដែលកំពុងនៅប្រទេសម៉ាឡេស៊ីចាញ់បោកមេខ្យល់ខ្លះព្រោះគ្មានឯកសារស្របច្បាប់ក្នុងការស្នាក់នៅ និងរកការងារនៅប្រទេសម៉ាឡេស៊ី។ លោកថា៖ «ពួកគាត់ទៅតាមរយៈមេខ្យល់អំឡុងខែកក្កដា និងសីហាមិនមែនទៅតាមរយៈក្រុមហ៊ុននោះទេហើយពេលនេះត្រូវបានគ្រួសារបញ្ជាក់ថាពួកគេកំពុងត្រូវបានគេចាប់ខ្លួនខ្លះបាត់ខ្លួន និងខ្លះទៀតកំពុងរត់គេចខ្លួន»។

ស្រ្តីទាំង ៧ នាក់នោះពួកគេមានអាយុចាប់ពី ១៧ ឆ្នាំដល់ ៣០ ឆ្នាំ។ ពួកគេមកពីឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំចាញ់បោកមេខ្យល់។ លោក ទូច គឿន អាយុ ៤៨ ឆ្នាំត្រូវជាឪពុកស្រ្តីឈ្មោះ គឿន សុខរ៉ា បានឲ្យដឹងថាកូនរបស់លោកបានទូរស័ព្ទមកថាកំពុងប្រឈមនឹងការចាប់ខ្លួនព្រោះទិដ្ឋាការក្នុងលិខិតឆ្លងដែនផុតកំណត់ថ្ងៃខណៈដែលកូនធ្វើការជាស្រ្តីមេផ្ទះបានតែ ២ ខែ។ លោកថា៖ «ពេលទៅដល់បានវាដឹងថាចាញ់បោកគេព្រោះប៉ាស្ព័រជាប៉ាស្ព័រទេសចរណ៍រយៈពេលមួយខែមិនមែនទៅរកការងារធ្វើណាបាន ២ ទៅ ៣ ឆ្នាំទេឥឡូវខ្ញុំចង់ឲ្យគាត់ត្រឡប់មកវិញ»។

ចំណែកឯពលរដ្ឋម្នាក់ឈ្មោះ អោក ណេ ត្រូវបានបងប្រុសស្រ្តីឈ្មោះ ហាក់ នាថ បានឲ្យដឹងថាពួកគេចាញ់បោកមេខ្យល់ឈ្មោះ អូន និងវីរៈរកការងារធ្វើនៅម៉ាឡេស៊ីហើយឃើញអ្នកនៅក្នុងស្រុកខ្លះគេទៅបានសុខសប្បាយទើបក្រុមគ្រួសារសម្រេចចិត្តឲ្យទៅ។ លោកថា៖ «ម៉ែខ្ញុំគាត់ឃើញគេទៅមុនៗធូរធារបានលុយផ្ញើមកស្រុកវិញតែសម្រាប់ប្អូនខ្ញុំវិញតេមកថាពិបាកហើយត្រូវគេចចុះគេចឡើង»។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសចុះថ្ងៃទី ២៨ កញ្ញាថាស្ថានឯកអគ្គរាជទូតប្រចាំប្រទេសម៉ាឡេស៊ីបានអន្តរាគមន៍ពលការិនីខ្មែរចំនួន ៤ នាក់។ ស្ថានទូតបានផ្តល់កន្លែងស្នាក់នៅដល់អាហារបរិភោគដល់ពួកគេមុនពេលនាំត្រឡប់មកស្រុកកំណើតវិញ៕

website_news/2016290905.txt · Last modified: 2017/03/12 18:07 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki