website_news:2016300301

ក្រសួងចំនួនពីរព្រមានចាត់វិធានការចំពោះសហគ្រាសបន្តយកពលករបរទេសមកធ្វើការខុសច្បាប់

(http://bayontv.com.kh/) 29/03/2016

ភ្នំពេញ៖ ថ្នាក់ដឹកនាំនគរបាលអន្តោប្រវេសន៍ និងមន្ត្រីជំនាញក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសថានឹងបង្កើនការរឹតបន្តឹងនិងចាត់វិធានការផាកពិន័យ ឬមានការផ្ដន្ទាទោសទៅតាមផ្លូវច្បាប់ទៅលើបណ្តាម្ចាស់សហគ្រាស ឬម្ចាស់ក្រុមហ៊ុនណាដែលនៅតែបន្តយកជនអន្តោប្រវេសន៍បរទេសខុសច្បាប់ ឬគ្មានឯកសារលិខិតស្នាម គ្មានលិខិតឆ្លងដែន និង គ្មានប័ណ្ណការងារគ្រប់គ្រាន់សម្រាប់មកធ្វើការងារនៅកម្ពុជា។ ការប្រកាសបែបនេះ បានធ្វើឡើងបន្ទាប់ពីក្រុមមន្ត្រីជំនាញរកឃើញថា មានម្ចាស់សហគ្រាសរាប់ពាន់នាក់ បានទទួលយកពលករបរទេសឲ្យមកធ្វើការងារដោយគ្មានលិខិតស្នាម។

ឯកឧត្តមនាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយកអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃថ្លែងថា ការប្រកាសចាត់វិធានការរឹតបន្តឹងអនុវត្តច្បាប់អន្តោប្រវេសន៍បណ្តេញពលករជនបរទេសឆ្លងដែនមកធ្វើការងារខុសច្បាប់ទៅប្រទេសដើមវិញនោះ បានធ្វើឡើងខណៈមានក្រុមហ៊ុន ឬបណ្តាម្ចាស់សហគ្រាសជាច្រើន បានលួចលាក់ និងបន្តយកពលករជនបរទេសគ្មានលិខិតឆ្លងដែន គ្មានលិខិតស្នាម គ្មានប័ណ្ណការងារក្នុងចំនួនច្រើនមកធ្វើការងារ។ ឯកឧត្តមចាត់ទុកថា បញ្ហានេះបានបណ្តាលឲ្យប៉ះពាល់ដល់ភាពគ្មានការងារធ្វើរបស់ប្រជាពលរដ្ឋនៅក្នុងស្រុក។

ប្រសាសន៍បែបនេះរបស់ឯកឧត្តម សុខ ផល គឺបានលើកឡើងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយ និងណែនាំការងារអំពីការពង្រឹងការងារអធិការកិច្ចហត្ថពលកម្មនៅកម្ពុជា តាមខ្លឹមសារប្រកាសរួមរវាងក្រសួងមហាផ្ទៃ និងក្រសួងការងារ នាព្រឹក២៩ ខែមីនានេះនៅទីស្តីការក្រសួងមហាផ្ទៃ។ ឯកឧត្តម បានបង្ហាញថា ចាប់ពីឆ្នាំ២០១៤មកដល់ពេលនេះ មានម្ចាស់សហគ្រាសមិនតិចជាង៥០០០សហគ្រាស និងចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៦ យ៉ាងហោចណាស់មានម្ចាស់សហគ្រាសមិនតិចជាង២០០០នាក់ផងដែរ បានយកពលករបរទេសមកធ្វើការងារដោយគ្មានលិខិតស្នាម និង មកជ្រកកោនធ្វើការងារខុសច្បាប់។ ក្នុងសកម្មភាពចុះអនុវត្តច្បាប់ នគរបាលអន្តោប្រវេសន៍ក្នុងឆ្នាំ២០១៥ បានចុះផាកពិន័យប្រមូលថវិកាចូលរដ្ឋបានប្រមាណជាង៩០០លានរៀល។

របាយការណ៍បញ្ជាក់ថា នៅក្នុងឆ្នាំ២០១៥ នគរបាលអន្តោប្រវេសន៍រកឃើញជនបរទេសមកធ្វើការនៅតាមបណ្តាសហគ្រាសមានជិតពីរម៉ឺននាក់ មាន៦៨សញ្ជាតិ មានប័ណ្ណការងារជាង១ម៉ឺន៦ពាន់នាក់ គ្មានប័ណ្ណការងារមានជាង៤០សញ្ជាតិ ក្នុងនោះ ជនជាតិវៀតណាមមានចំនួនច្រើនជាងគេបង្អស់។ ក្នុងចំណាត់ការនគរបាលអន្តោប្រវេសន៍ចុះផាកពិន័យបានប្រមាណ៩៦០លានរៀល និង ត្រូវបានដាក់ចូលជាថវិការដ្ឋ៕

website_news/2016300301.txt · Last modified: 2017/02/28 11:49 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki