website_news:2016300501

====== ក្រសួងការងារ ស្នើឲ្យទីភ្នាក់ងារនាំពលករទៅធ្វើការនៅម៉ាឡេស៊ី ត្រូវដោះស្រាយនិងគ្រប់គ្រង ឲ្យបានល្អទាំងទៅនិងត្រឡប់មកវិញ

(http://bayontv.com.kh) គេហទំព័រវិទ្យុ និងទូរទស្សន៍បាយ័ន្ត 27/05/2016

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីល្ងាចថ្ងៃម្សិលមិញ បានស្នើរឲ្យសមាគមទីភ្នាក់ងារជ្រើសរើសពលករ ទាំងកម្ពុជានិងម៉ាឡេស៊ី ត្រូវខិតខំធ្វើយ៉ាងណាដោះស្រាយ និងគ្រប់គ្រង ចំពោះពលករកម្ពុជាចេញទៅធ្វើការ នៅម៉ាឡេស៊ីឲ្យមានសុវត្ថិភាពល្អ ពោល គឺទាំងពេលទៅ និងពេលត្រឡប់មកមាតុភូមិវិញ។

មានប្រសាសន៍លើកឡើងរបស់ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខណៈដែលឯកឧត្តមអញ្ជើញធ្វើជាសាក្សី ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្តីពីការបញ្ជូន និងការគ្រប់គ្រងពលករធ្វើការទូទៅ ទៅធ្វើការនៅប្រទេសម៉ាឡេស៊ី រវាងសមាគមទីភ្នាក់ងារជ្រើសរើស ពលករកម្ពុជា (ACRA) និងសមាគមទីភ្នាក់ងារជាតិម៉ាឡេស៊ី (PIKAP) កាលពីល្ងាចថ្ងៃទី២៦ ខែឧសភា ឆ្នាំ ២០១៦ម្សិលមិញនេះ នៅសណ្ឋាគារ សាន់រ៉េ។

ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា សមាគមទាំងពីរ ត្រូវសហការគ្នា ដើម្បីផ្តល់សេវានានាដែលចាំបាច់ដើម្បីសង្គ្រោះ ឬក៏ការពារនូវពលកររបស់យើង ជាពិសេស គឺផ្តល់នូវសេវាសុវត្ថិភាពជូនទៅដល់ពលកររបស់យើង ហើយក៏ជួយយកចិត្តទុកដាក់ ក្នុងការទប់ស្កាត់ ការធ្វើចំណាកស្រុកនានា ដែលមិនស្របច្បាប់ផងដែរ។

ជាមួយនឹងបញ្ហាខាងលើនេះ លោកជំទាវឧកញ៉ា អ៊ឹង ស៊ាងរិទ្ធី ប្រធានសមាគមទីភ្នាក់ងារជ្រើសរើសពលករកម្ពុជា បានបញ្ជាក់ថា សមាគមទីភ្នាក់ងារជ្រើសរើសពលករកម្ពុជា និងសមាគមទីភ្នាក់ងារជាតិម៉ាឡេស៊ី នឹងធ្វើការជាមួយគ្នាឲ្យមានតម្លាភាព ដើម្បីការពារសុខសុវត្ថិភាពរបស់ពលករពលការិនីខ្មែរឲ្យបានល្អប្រសើរ ជៀសវាងនូវការរំលោភបំពានផ្សេងៗ ដោយមានការចូលរួមសហការពីស្ថាប័នពាក់ព័ន្ធនានា ជាពិសេសស្ថានឯកអគ្គរាជទូតខ្មែរប្រចាំប្រទេសទទួលពលករ។

ដោយឡែក ឯកឧត្តម ដាតូ រ៉ាចា ស៊ូលគីបលៃ ដាហាឡាន់ ប្រធានសមាគមទីភ្នាក់ងារជាតិម៉ាឡេស៊ី បានលើកឡើងថា ការចុះអនុស្សរណៈនៃការយោគយល់គ្នានាពេលនេះ មានគោលបំណង ក្នុងការការពារ អត្ថប្រយោជន៍ និងសុខសុវត្ថិភាពរបស់ពលករពលការិនីខ្មែរទៅធ្វើការនៅប្រទេសម៉ាឡេស៊ី ក៏ដូចជាបង្កើន ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការឲ្យកាន់តែរឹងមាំបន្ថែមទៀត រវាងសមាគមទាំងពីរ ក៏ដូចជាប្រទេស ទាំងពីរផងដែរ។

ក្នុងអត្ថន័យនៃអនុស្សរណៈនៃការយោគយល់គ្នានេះ ក៏មានបង្ហាញអំពីតួនាទីនិងភារកិច្ច របស់ខ្លួនយ៉ាងជាក់លាក់ ក្នុងការធានាបាននូវការការពារអត្ថប្រយោជន៍និងសុខសុវត្ថិភាពរបស់ពលករពលការិនី ចាប់តាំងពីការជ្រើសរើសការបណ្តុះបណ្តាលការបញ្ជូន និងការគ្រប់គ្រងពលករ រហូតដល់ពេលធ្វើមាតុភូមិនិវត្ត៕

website_news/2016300501.txt · Last modified: 2017/03/02 14:36 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki