website_news:2016300503

អ្នកជំនាញថា ពលករភូមា និងឡាវទទួលបានការយកចិត្តដាក់ជាងពលករខ្មែរ

(http://www.thmeythmey.com) គេហទំព័រថ្មីថ្មី 29-05-2016,  7:39 am 1467

វ៉ាស៊ីនតោន៖ ពលករចំណាកស្រុកខ្មែរទទួលបានការរយកចិត្តទុកដាក់តិចជាងពលករចំណាកស្រុកដែលមកពីប្រទេសភូមានិងឡាវ ដែលចូលមកធ្វើការដោយខុសច្បាប់នៅប្រទេសថៃដូចគ្នា។ នេះបើតាមការលើកឡើងរបស់សមាជិកព្រឹទ្ធសភាម្នាក់នៃគណបក្សប្រឆាំង។ សេចក្តីរាយការណ៍នានាឱ្យដឹងថា មានពលករខ្មែរយ៉ាងហោចណាស់ចំនួនមួយលាននាក់ កំពុងធ្វើការដោយស្របច្បាប់ និងមិនស្របច្បាប់ក្នុងប្រទេសថៃ។

លោក សោ ចាន់ដេត សមាជិកព្រឹទ្ធសភានៃគណបក្ស សម រង្ស៊ី ដែលបានទៅបំពេញទស្សនកិច្ចស្វែងយល់ការពិតពីស្ថានភាពពលករចំណាកស្រុកខ្មែររាប់សែននាក់ក្នុងប្រទេសថៃ បានបញ្ជាក់ក្នុងកម្មវិធី Hello VOA កាលពីថ្ងៃព្រហស្បតិ៍ថា៖

«បើយើងប្រៀបធៀបទៅនឹងប្រទេសជិតក្បែរយើង ដែលគេធ្វើចំណាកស្រុកដែរជាពិសេសឡាវ និងភូមា ភូមានិងឡាវ គឺពលករគេទៅច្រើនអីចឹងដែរ ក៏ប៉ុន្តែយើងឃើញថា អាជ្ញាធរគេជាពិសេសមន្ត្រីទូត គឺគេយកចិត្តទុកដាក់។ គេតែងតែចុះតាមតំបន់ ដែលគេយល់ថា ពលករគេពលរដ្ឋគេទៅនៅទីនោះច្រើន គឺគេទៅស៊ើបមើលហើយគេបំពេញនូវភាពស្របច្បាប់ទៅឱ្យពលករគេងាយស្រួលបំផុតលឿនបំផុត។ រីឯពលករយើងពិបាកមែនទែន‍»។ លោកបន្ថែមថា មន្ត្រីស្ថានទូតភូមា និងឡាវតែងតែមកបោះតង់នៅខាងមុខរោងចក្រដែលមានពលរដ្ឋគេធ្វើការខុសច្បាប់ ហើយតម្រូវឱ្យពលករបង់ប្រាក់ចំនួនពីរពាន់ដុល្លារ សម្រាប់ការបំពេញលិខិតស្នាម និងមួយសប្តាហ៍ក្រោយពលករទាំងនោះ ទទួលបានលិខិតស្នាមសម្រាប់ស្នាក់នៅធ្វើការរយៈពេលពីរឆ្នាំ។

ពលករមួយចំនួនរត់ភៀសខ្លួនចេញពីប្រទេសភូមាមកធ្វើការនៅប្រទេសថៃ គឺដោយសារតែហេតុផលនយោបាយជាជាងហេតុផលសេដ្ឋកិច្ច។ ប៉ុន្តែចំណាត់ការរបស់មន្ត្រីទាំងនោះមិនគិតពីនិន្នាការនយោបាយទេ។ នេះបើតាមការរកឃើញរបស់លោក សោ ចាន់ដេត។ «ស្រុកគេគេមានបញ្ហានយោបាយពិតមែន។ ក៏ប៉ុន្តែរឿងជាតិគេធំៗពាក់ព័ន្ធទៅនឹងកេរ្តិ៍ឈ្មោះកិត្តិយស ពាក់ព័ន្ធទៅនឹងអាយុជីវិតរបស់គេគឺគេគិតរួម។ គេអត់មានដូចខ្មែរយើងទ‍េ»។

លោក ចាន់ដេត បន្ថែមថា ខាងអាជ្ញាធរខ្មែរមានការចុះទៅជួយបំពេញបែបបទដែរដោយតម្រូវឱ្យបង់ប្រាក់ចំនួន១៦០០បាតជាផ្លូវការ ប៉ុន្តែមិនផ្តល់ជូនលទ្ធផលតាមការសន្យាទេ ដោយមានករណីខ្លះពលករត្រូវចំណាយបន្ថែម រហូតដល់ពីរម៉ឺន ឬបីម៉ឺនបាតហើយ នៅតែមិនបានឯកសារតាមត្រូវការ។

លោកបន្ថែមថា៖ «ខ្ញុំបានជួបដល់ទៅថៅកែថៃ។ ថៅកែថៃក៏គេថ្អូញថ្អែរជំនួសពលករយើងផងគេថា គេបានរៀបចំចំណាយ ដើម្បីធ្វើឯកសារជូនពលករខ្មែរដើម្បីឱ្យស្របច្បាប់ធ្វើការជាមួយគេ។ ប៉ុន្តែគេឆ្ងល់ផ្ទុយទៅវិញថា ហេតុអ្វីគេចំណាយលុយអស់ច្រើនហើយ យូរ ពេលខ្លះអត់បានទៅទៀត។ នេះជាបញ្ហាដែលយើងត្រូវគិតទាំងអស់គ្ន‍ា»។

សេចក្តីរាយការណ៍នានាឱ្យដឹងថា មានពលករខ្មែរយ៉ាងហោចណាស់ចំនួនមួយលាននាក់ កំពុងធ្វើការដោយស្របច្បាប់ និងមិនស្របច្បាប់ក្នុងប្រទេសថៃ ដោយអ្នកខ្លះទៅធ្វើការរយៈពេលយូរតាមក្រុមហ៊ុនត្រឹមត្រូវ អ្នកខ្លះធ្វើការរយៈពេលមធ្យមដោយទៅតាមមេខ្យល់ និងបងប្អូនដែលនៅទីនោះយូរ ហើយនិងអ្នកខ្លះទៀតទៅធ្វើការរយៈពេលខ្លីតាមរដូវកាល។ ការរកឃើញនានាបញ្ជាក់ថា គឺពលករពីរក្រុមចុងក្រោយនេះជាអ្នកប្រឈមនឹងការធ្វើទុក្ខបុកម្នេញ និងរំលោភសិទ្ធិផ្សេងៗ។

ក្នុងពេលកន្លងមក មន្ត្រីរដ្ឋាភិបាលកម្ពុជាបានរិះគន់ ការរកឃើញរបស់អង្គការសង្គមស៊ីវិល និងគណបក្សប្រឆាំងពាក់ព័ន្ធនឹងការលំបាករបស់ពលករ និងផលអវិជ្ជមាននៃការធ្វើចំណាកស្រុក ដោយបានអះអាងពីជ្រុងវិជ្ជមានថា ប្រាក់ដែលពលករផ្ញើមកក្រុមគ្រួសារបានជួយដល់សេដ្ឋកិច្ចជាតិ និងបង្កើតជីវភាពពលរដ្ឋតាមរយៈការមានលំនៅដ្ឋានធំៗជាដើម។

លោក សោ ចាន់ដេត ទទួលស្គាល់ថា ពិតជាមានប្រាក់កម្រៃមួយចំនួនដែលពលករបានបញ្ជូនត្រឡប់មកក្រុមគ្រួសារវិញ ហើយមានការសាងសង់ជាផ្ទះធំៗនៅភូមិកំណើតមែន ប៉ុន្តែម្ចាស់លុយទាំងនោះមិនបានស្នាក់នៅផ្ទះថ្មីគេនោះទេ។

«យើងទៅមោទនភាពដែលគាត់ទៅធ្វើការខាងក្រៅផ្ញើលុយមកធ្វើផ្ទះ ហើយផ្ទះអត់មានមនុស្សនៅ តើវាមានន័យអ្វី? គឺអត់មានន័យអ្វីទ‍េ»។ លោក ចាន់ដេត បញ្ជាក់ថា លោកបានស្នើសុំឱ្យមានអន្តរាគមន៍តាមរយៈស្ថាប័នព្រឹទ្ធសភា ដើម្បីដោះស្រាយបញ្ហាបន្ទាន់ដែលត្រូវការភ្លាមៗដោយលោកចាត់ទុកថាពលករខ្មែរដែលធ្វើការនៅក្នុងទឹកដីថៃ កំពុងតែ«រងគ្រោះយ៉ាងធ្ងន់ធ្ងរ» ជាពិសេសអ្នកដែលអត់មានលិខិតស្នាមហ្នឹង។ លោកលើកឧទារណ៍មួយដែលកើតមានឡើងក្នុងអំឡុងពេល ដែលលោកចុះបំពេញបេសកកម្មនោះ គឺមានស្ត្រីពលករម្នាក់ត្រូវគេវាយស្លាប់ ដោយសារទំនាស់ ហើយមិនអាចទាំងសុំវត្តរបស់គេ ដើម្បីបូជាសពបានផង។

លោក សោ ចាន់ដេត បានបន្តថា មានកុមារខ្មែរមួយចំនួនអាយុ៧ ឬ៨ឆ្នាំ អង្គុយសុំទាននៅតំបន់ទេសចរណ៍ប៉ាតាយ៉ា ប្រទេសថៃ ហើយខ្លះទៅជាមួយម្តាយតាំងពីតូចនិងមិនដែលត្រឡប់មកប្រទេសវិញទេ ដោយមិនទទួលបានការសិក្សាអប់រំអ្វីឡើយ៕

website_news/2016300503.txt · Last modified: 2017/03/02 14:40 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki