website_news:2016300504

ថៃយករថយន្តចូលដីខ្មែរ និងអូសទាញអ្នកភូមិឲ្យទៅធ្វើការនាំឲ្យមានក្ដីបារម្ភ

(http://www.postkhmer.com) គេហទំព័រភ្នំពេញប៉ុស្តិ៍ Mon, 30 May 2016 ឃុត សុភចរិយា

បន្ទាយមានជ័យៈ ពលរដ្ឋដែលរស់នៅភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យបានប្រាប់កាលពីម្សិលមិញថាមានឈ្មួញថៃ ២ នាក់បើករថយន្ត ០២ គ្រឿងឆ្លងចូលប្រទេសកម្ពុជាដោយខុសច្បាប់តាមច្រករបៀងទំនប់ដាច់ និងបានអូសទាញអ្នកភូមិជិត ៣០ នាក់យកទៅធ្វើការជាកម្មករចម្ការអំពៅរបស់ពួកគេដែលនៅចម្ងាយជាងបីគីឡូម៉ែត្រពីព្រំដែនកម្ពុជា-ថៃ។

លោក អំ អែម អាយុ ៥៥ ឆ្នាំរស់នៅភូមិទំនប់ដាច់បាននិយាយថាឈ្មួញថៃទាំងពីរនាក់ និងរថយន្តពីរគ្រឿងនេះបានចូលដីខ្មែរកាលពីថ្ងៃសុក្រថ្មីៗនេះដោយពួកគេបានអូសទាញអ្នកភូមិទៅធ្វើការនៅក្នុងដីថៃហើយពុំមានអាជ្ញាធរខ្មែរណាម្នាក់ចេញមុខមកសួរនាំ ឬហាមឃាត់ឡើយបើទោះជាកន្លងមកមានអ្នកភូមិជាច្រើនត្រូវបានគេបោកក្ដី។

លោកថា៖ «ពួកគេ [ឈ្មួញថៃ] ចូលមកថាត្រូវការកម្មករបន្ទាន់ដើម្បីកាប់អំពៅដោយសន្យាឲ្យកម្រៃពី ២៥០ បាតទៅ ៣៥០ បាតក្នុងមួយថ្ងៃ និងមានការផ្ដល់អាហារពីរពេលបន្ថែមផង»។

លោក ទៀ វណ្ណី មេភូមិទំនប់ដាច់បានប្រាប់ឲ្យដឹងកាលពីម្សិលមិញថាតាមធម្មតាអ្នកភូមិបាននាំគ្នាទៅស៊ីឈ្នួលកាប់អំពៅក្នុងទឹកដីថៃដោយទៅព្រឹកវិលល្ងាចប៉ុន្តែលើកនេះស្រាប់តែមានឈ្មួញថៃចូលមកអូសទាញដល់ផ្ទះហើយមានអ្នកភូមិ ២៧ នាក់បានយល់ព្រមទៅធ្វើការជាមួយពួកគេដែលការងារនោះទំនងជាត្រូវធ្វើច្រើនខែព្រោះពួកគេបានដឹកជញ្ជូនសម្លៀកបំពាក់ និងប្រដាប់ប្រដាមួយចំនួនទៅជាមួយផង។ លោកថា៖ «បើពួកគេពិតជាទៅស៊ីឈ្នួលកាប់ និងដាំអំពៅនោះមិនជាអ្វីទេប៉ុន្តែខ្ញុំបារម្ភខ្លាចអ្នកភូមិត្រូវបានគេបោកបញ្ឆោតយកទៅកាប់ឈើក្នុងទឹកដីថៃដោយខុសច្បាប់ព្រោះកន្លងមកមានអ្នកភូមិជាច្រើនត្រូវបានចាញ់បោកគេហើយត្រូវអាជ្ញាធរថៃចាប់ខ្លួនទៀតផង»។

លោក វណ្ណី បានឲ្យដឹងទៀតថាកន្លងមកប្រជាពលរដ្ឋដែលទៅរកការងារធ្វើនៅក្នុងទឹកដីថៃដោយទៅព្រឹកវិលល្ងាចនោះត្រូវបង់លុយឲ្យមន្ត្រីយោធាដែលឈរជើងនៅច្រករបៀងទំនប់ដាច់នោះក្នុងម្នាក់ ៥ ពាន់រៀលតែចំពោះជនចំណាកស្រុកមកពីខេត្តឆ្ងាយៗដែលមានស្ពាយបង្វេចអីវ៉ាន់ហើយដើរជាក្រុមវិញនោះនឹងមិនត្រូវបានអនុញ្ញាតឲ្យឆ្លងចូលទៅរកការងារក្នុងទឹកដីថៃនោះទេព្រោះខ្លាចពួកគេចាញ់បោកមេខ្យល់ប៉ុន្តែម្ដងនេះមន្ត្រីយោធាទាំងនោះបែរជាអនុញ្ញាតឲ្យឈ្មួញថៃបើកឡានចូលមកដឹកកម្មករជាច្រើននាក់ពីទឹកដីខ្មែរចូលដីថៃខុសច្បាប់ និងដោយគ្មានការទប់ស្កាត់ ឬហាមឃាត់ទៅវិញ។ ពាក់ព័ន្ធនឹងបញ្ហានេះលោក ម៉ឺយ ម៉ៅ មេបញ្ជាការយោធាព្រំដែនដែលឈរជើងនៅចំណុចច្រករបៀងទំនប់ដាច់បានប្រាប់ភ្នំពេញប៉ុស្តិ៍ថាករណីនោះលោកនៅមិនទាន់ទទួលបានសេចក្ដីរាយការណ៍ពីមន្ត្រីយោធាក្រោមឱវាទទេដោយលោកបានដាក់ច្បាប់ឈប់សម្រាកបីថ្ងៃដើម្បីចូលរួមក្នុងពិធីការក្មួយស្រី នៅស្រុកស្វាចេក។

លោកបានបញ្ជាក់ថា៖ «ខ្ញុំទទួលស្គាល់ថាមានការអនុញ្ញាតឲ្យពលរដ្ឋចេញចូលទៅរកការងារនៅក្នុងទឹកដីថៃក្នុងមួយថ្ងៃពី ៦០ នាក់ទៅ ៧០ នាក់ដោយចេញទៅព្រឹកហើយល្ងាចវិលវិញ។ ប៉ុន្តែខ្ញុំសូមបដិសេធថាពុំមានការបើកដៃឲ្យឈ្មួញថៃចេញចូលមកអូសទាញប្រជាពលរដ្ឋយើងទៅធ្វើការដោយខុសច្បាប់ក្នុងទឹកដីថៃនោះទេ»៕

website_news/2016300504.txt · Last modified: 2017/03/02 14:42 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki