website_news:2016300602

ស្ត្រីខ្មែរ២នាក់ នៅសៀងហៃ ត្រូវបានស្ថានអគ្គកុងស៊ុលកម្ពុជា ជួយមកកម្ពុជាវិញ

( http://www.cen.com.kh) ថ្ងៃទី 30 មិថុនា 2016, ម៉ោង 10:28:AM) | ដោយ: កក្កដា

ភ្នំពេញ: ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងសៀងហៃ ប្រទេសចិន បានសហការជាមួយ អាជ្ញាធរទីក្រុងសៀងហៃ ជួយស្ត្រីខ្មែរ ចំនួន២នាក់ ដែលត្រូវបានមេខ្យល់ នាំទៅរៀបការជាមួយ បុរសជនជាតិចិន នៅខេត្តជាំងស៊ី ប្រទេសចិន ហើយជួបប្រទះនឹងការលំបាក ឱ្យបានវិលត្រឡប់ មកកម្ពុជាវិញ។ លោក ជុំ សុន្ទរី មន្ត្រីអ្នកនាំពាក្យ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានថ្លែងកាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ ស្ត្រីខ្មែរទាំង ២ នាក់នោះ ឈ្មោះ ណាវ សុខឃៀង អាយុ២៨ឆ្នាំ មានស្រុកកំណើត នៅខេត្តកោះកុង បានទៅប្រទេសចិន តាំងពីថ្ងៃទី២៣ ខែមករា ឆ្នាំ ២០១៤ និងឈ្មោះ ប៉ក់ គឹមសែ អាយុ២៣ឆ្នាំ មានស្រុកកំណើត នៅខេត្តកំពង់ឆ្នាំង បានទៅប្រទេសចិន តាំងពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ ២០១៣។

លោក ជុំ សុន្ទរី បានបញ្ជាក់ថា ក្នុងកំឡុងពេល រង់ចាំការវិលត្រឡប់មកកម្ពុជាវិញ ស្ថានអគ្គកុងស៊ុល បានផ្តល់កន្លែងស្នាក់នៅ និងការហូបចុក ដល់ស្ត្រីខ្មែរទាំង ២នាក់ នេះផងដែរ។ ស្ត្រីខ្មែរទាំង ២ នាក់ នឹងមកដល់អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០១៦ វេលាម៉ោង ១១ និង៣០ នាទី យប់ តាមជើងយន្តហោះ MU ៧៥៩៕N/S

website_news/2016300602.txt · Last modified: 2017/03/03 14:52 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki