website_news:2016300606

តោះ!ត្រឡប់ទៅផ្ទះយើងវិញ!

(http://www.postkhmer.com) Thu, 30 June 2016

ថ្មីៗនេះក្នុងដំណើរទស្សនកិច្ចផ្លូវការក្នុងនាមជាទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ដ្រីការបរទេសមីយ៉ាន់ម៉ានៅប្រទេសថៃលោកស្រី អ៊ុង សានស៊ូជី បានផ្ញើសារដែលពោរពេញដោយក្ដីអាណិតស្រឡាញ់ទៅកាន់ពលករ ពលការិនីមីយ៉ាន់ម៉ាដែលកំពុងធ្វើចំណាកស្រុកនៅប្រទេសថៃថា «តោះ! ត្រឡប់ទៅផ្ទះយើងវិញ!»។ សារដែលប្រៀបដូចជាភាសារបស់អ្នកម្ដាយហៅកូនខ្លួនឲ្យត្រឡប់ទៅផ្ទះរួមរស់ជុំគ្រួសារវិញនេះបានបណ្ដាលឲ្យពលករ ពលការិនីក៏ដូចជាជនភៀសខ្លួនមីយ៉ាន់ម៉ានៅប្រទេសថៃរំជួលចិត្ដហូរទឹកភ្នែកហើយសារនេះក៏បានបណ្ដាលឲ្យពលករ ពលការិនីខ្មែរមួយចំនួនដែលធ្វើចំណាកស្រុកនៅតាមបណ្ដាប្រទេសនានាដូចជានៅប្រទេសថៃ កូរ៉េ ឥណ្ឌូនេស៊ី ជាដើមអួលដើមកស្រក់ទឹកភ្នែកអាណិតខ្លួន និងគិតថាតើថ្ងៃណាទៅទើបអ្នកដឹកនាំខ្មែរហៅខ្លួនឲ្យត្រឡប់ទៅស្រុកវិញដែរ។ នោះក៏ដោយសារតែអារម្មណ៍នឹកទីកន្លែងកំណើត នឹកផ្ទះ នឹកស្រុក នឹកមាតុភូមិ។ គ្មានទីណាដទៃក្រៅពីផ្ទះរបស់យើងឡើយដែលអាចផ្ដល់ភាពកក់ក្ដៅដល់យើងបាន។ ទោះក្រខ្សត់ អត់ឃ្លានយ៉ាងណាក៏ដោយ ក៏ផ្ទះរបស់យើងនៅតែផ្ដល់ភាពកក់ក្ដៅដល់យើង។ មនុស្សមានមនោសញ្ចេតនាមានអនុស្សាវរីយ៍។ នៅផ្ទះមានក្រុមគ្រួសាររបស់យើង។

តើនៅទីណាលើលោកនេះដែលអាចផ្ដល់អារម្មណ៍នៃសុខផ្ទាល់ខ្លួនជាងក្នុងផ្ទះរបស់ខ្លួនឯង? គ្មាននរណាចង់ចាកចេញទៅឆ្ងាយពីផ្ទះរបស់ខ្លួនឡើយប៉ុន្ដែដោយសារជីវភាពក្រីក្រពលរដ្ឋយើងក្នុងចំនួនដ៏ច្រើនបានបង្ខំចិត្ដផ្សងគ្រោះថ្នាក់ធ្វើចំណាកស្រុកទាំងខ្លះស្របច្បាប់ និងខ្លះមិនស្របច្បាប់។ តើពួកគេមិននឹកផ្ទះ នឹកស្រុករបស់គេទេឬ? ចំណាកស្រុកមានចំណាកស្រុកមកពីស្រុកកំណើតមកទីក្រុង និងចំណាកស្រុកទៅស្វែងរកការងារធ្វើក្រៅប្រទេស។ អ្នកធ្វើចំណាកស្រុកទាំងនោះសុទ្ធតែមានអារម្មណ៍នឹកស្រុកដូចគ្នាប៉ុន្ដែអ្នកដែលធ្វើចំណាកស្រុកទៅក្រៅប្រទេសច្បាស់ជាត្រូវទទួលរងនូវសម្ពាធផ្លូវចិត្ដខ្លាំងជាងអ្នកធ្វើចំណាកស្រុកក្នុងស្រុក។ ការចាកចេញពីខេត្ដមួយទៅធ្វើការនៅខេត្ដមួយទោះលំបាកយ៉ាងណាក៏ឈរលើដីខ្មែរហើយមនុស្សជុំវិញខ្លួននិយាយភាសាខ្មែរដែរ។ ផ្ទុយទៅវិញ អ្នកដែលធ្វើចំណាកស្រុកទៅក្រៅប្រទេសមុខជាមានអារម្មណ៍កណ្ដោចកណ្ដែងហេលហាល ឯកោពេលដែលសម្លឹងទៅជុំវិញខ្លួនឃើញតែជាតិសាសន៍គេ។ អ្នកដែលធ្វើចំណាកស្រុកទៅក្រៅប្រទេសសឹងតែ ១០០ ភាគរយគឺចេញទៅធ្វើការដែលប្រើកម្លាំងបាយធ្វើការងារធ្ងន់ៗច្រើនម៉ោងក្នុងមួយថ្ងៃៗតាមរោងចក្រ និងតាមកសិដ្ឋាននានាក្រោមអាកាសធាតុត្រជាក់ស្រឹបមិនមែនទៅក្នុងនាមជាកម្មករជំនាញឡើយ។ អាចលោតផុតពីការងារលំបាកមួយៗសុទ្ធតែជាមនុស្សមានកំណើត។ ពលករពលការិនីខ្មែរយើងខ្លះទៅធ្វើការដែលជនជាតិគេមិនធ្វើដោយសារតែលក្ខខណ្ឌការងារទាប។ តើនរណាមានតួនាទីមើលការខុសត្រូវសុខទុក្ខពលករខ្មែរដែលទៅធ្វើការក្រៅប្រទេស? ជារឿយៗយើងបានឮដំណឹងដែលមានពលករខ្មែរស្លាប់នៅបរទេសពិសេសនៅកូរ៉េអ្នកស្លាប់នោះមិនមែនស្លាប់ដោយសារគ្រោះថ្នាក់ការងារដោយផ្ទាល់ឡើយតែសឹងតែ ៩ លើ ១០ ករណីគឺពួកគេដេកស្លាប់ក្នុងបន្ទប់ដេកទំហំតែប៉ុន្មានម៉ែត្រ ៤ ជ្រុងរបស់ពួកគេ។ ហេតុផលយ៉ាងខ្លីដែលយើងបានឮគឺអ្នកស្លាប់នោះខ្យល់គ គាំងបេះដូង។ ទោះបីគ្មានការស្រាវជ្រាវណាមួយបង្ហាញថាពួកគេស្លាប់ដោយសារអ្វីពិតប្រាកដតែពលករភាគច្រើនដែលមានវ័យក្រោម ៣៥ ឆ្នាំទាំងនោះទំនងជាស្លាប់ដោយសារតែពាក់ព័ន្ធនឹងការធ្វើការច្រើនម៉ោងលើសកម្លាំងក្រោមសម្ពាធការងារតឹងតែងរួមនឹងបរិស្ថានកន្លែងធ្វើការរបស់ពួកគេពិសេសគឺពួកគេមានជំងឺនឹកផ្ទះ។ ទាំងនេះជាសម្មតិកម្មដែលមិនទាន់មានការស្រាវជ្រាវតែវាជាអារម្មណ៍ដែលយកចិត្ដពួកគេមកដាក់ខ្លួន។

តើរឿងបែបនេះមានលោកធំណារវល់យកក្បាលគិតដែរទេ? តើទាល់តែអ្នកស្លាប់ទាំងនោះត្រូវជាប់សាច់ឈាមជាប្អូនកូនក្មួយរបស់អ្នកទៅឬ ទើបអ្នកស្រក់ទឹកភ្នែកឈឺចាប់ពេលទទួលដំណឹងស្លាប់របស់ពួកគេដែលដេកស្លាប់តែម្នាក់ឯងនៅស្រុកគេទាំងនៅវ័យក្មេងបែបនោះ? តើអ្នកមានធ្លាប់ឆ្ងល់ដែរទេថាហេតុអ្វីម្នាក់ហើយម្នាក់ទៀតដែលពលករខ្មែរវ័យនៅពេញកម្លាំងធ្វើការដេកខ្យល់គគាំងបេះដូងស្លាប់បែបនោះ? ជាការពិតយើងមិនអាចបដិសេធបានឡើយពីអត្ថប្រយោជន៍ដែលយើងទទួលបានពីការធ្វើចំណាកស្រុក។ កម្រិតនៃការសិក្សាទាបជីវភាពគ្រួសារក្រីក្រភាពទំនេរឥតការងារធ្វើភាពអត់ឃ្លានពេលខ្លះក៏បបួលគ្នាស៊ីផឹកបែកគំនិតលេងថ្នាំខ្លះលេងល្បែងស៊ីសងអំពើហិង្សាក្នុងគ្រួសារក៏កើតឡើងហើយខ្លះអាចឈានដល់ការប្រព្រឹត្ដបទល្មើសផ្សេងៗ។ តើនរណាជាអ្នកទទួលខុសត្រូវចំពោះបញ្ហាសង្គមទាំងនេះ? ការធ្វើចំណាកស្រុកជាការសម្រាលបន្ទុករដ្ឋាភិបាលពីការដោះស្រាយបញ្ហាសង្គមទាំងនេះ។ ការធ្វើចំណាកស្រុកទៅក្រៅប្រទេសបាននាំចំណូលពីប្រាក់បៀរវត្សរ៍ររបស់ពួកគេចូលស្រុកវិញយ៉ាងច្រើន។ សេវាបញ្ញើប្រាក់របស់ពលករទាំងនោះចូលស្រុកក៏រកចំណូលបានមិនតិចដែរក្នុងមួយខែៗ។

លំហូរសាច់ប្រាក់ទាំងនោះរួមចំណែកយ៉ាងសំខាន់ក្នុងការលើកស្ទួយសេដ្ឋកិច្ចជាតិ។ ដូចដែលមន្ដ្រីរដ្ឋាភិបាលធ្លាប់បានលើកឡើងអ៊ីចឹងថាផ្ទះក្បឿងនៅតាមជនបទគឺបានដោយសារតែការធ្វើចំណាកស្រុកទៅក្រៅប្រទេស។ ច្បាស់ណាស់ថាប្រទេសដែលកំពុងអភិវឌ្ឍន៍ដូចជាប្រទេសយើងចៀសមិនផុតពីការដែលពលរដ្ឋក្រីក្រ និងមានកម្រិតការសិក្សាទាបធ្វើចំណាកស្រុកឡើយ។ ចំណាកស្រុកមិនមែនជាបញ្ហានោះឡើយតែរបៀបនៃការធ្វើចំណាកស្រុកបែបណាទៅវិញទេទើបជាបញ្ហា។

ប្រទេសហ្វីលីពីនដែលជាប្រទេសដែលមានប្រាក់ចំណូលមធ្យមក៏ជាប់ឈ្មោះជាប្រទេសដែលមានពលរដ្ឋធ្វើចំណាកស្រុកក្នុងអត្រាខ្ពស់ដែរ។ យ៉ាងណាក៏ដោយបញ្ហាមិនបានចោទត្រង់មានចំណាកស្រុកច្រើនប៉ុនណានោះទេ។ ដោយសារទំនើបភាវូបនីយកម្មខាងក្រៅវាជាហេតុផលទាញយកកម្លាំងពលកម្មមិនខានហើយជនចំណាកស្រុកទាំងនោះបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកស្ទួយសេដ្ឋកិច្ចគ្រួសាររបស់គេក៏ដូចជាលើកស្ទួយសេដ្ឋកិច្ចជាតិ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺកិច្ចគាំពារដែលរដ្ឋាភិបាលមានចំពោះជនចំណាកស្រុកដែលវាបង្ហាញពីការទទួលខុសត្រូវរបស់រដ្ឋាភិបាលចំពោះសុខទុក្ខជនរួមឈាម។ ការជំរុញឲ្យធ្វើចំណាកស្រុកត្រូវភ្ជាប់មកជាមួយនូវគោលនយោបាយដើម្បីសម្របសម្រួលកិច្ចការស្របច្បាប់នានាចំពោះជនចំណាកស្រុកទាំងនោះសំដៅកាត់បន្ថយអត្រាគ្រោះថ្នាក់ដែលអាចកើតមានចំពោះជនចំណាកស្រុកទាំងនោះ និងមួយវិញទៀតគឺសំដៅជួយយ៉ាងណាឲ្យពួកគេអាចទទួលបានអត្ថប្រយោជន៍ស្របច្បាប់ច្រើនបំផុតពីការធ្វើចំណាកស្រុក។

ការបណ្ដុះបណ្ដាលជំនាញផ្នែកបច្ចេកទេសភាសាបរទេសច្បាប់ការងារប្រទេសនោះ និងការចេះគិតពិចារណាជាដើមចាំបាច់ខ្លាំងណាស់ចំពោះជនដែលត្រូវធ្វើចំណាកស្រុកទៅក្រៅប្រទេស។ ការរៀបចំសម្របសម្រួលនោះត្រូវតែដូចអ្នករៀបចំឲ្យកូនបង្កើតរបស់អ្នកទៅធ្វើការឆ្ងាយពីផ្ទះដូច្នោះដែរ។ អ្នកដឹកនាំប្រទេសចូលចិត្ដទាមទារយកភាពជាអាណាព្យាបាល (ជាម៉ែជាឪ) ពីពលរដ្ឋខ្លាំងណាស់ប៉ុន្ដែកិច្ចគាំពារកូននានាដែលម៉ែឪត្រូវមានកាតព្វកិច្ចបំពេញឲ្យកូនយើងកម្រឃើញគេធ្វើបានពេញលេញណាស់។

កិច្ចការនេះក្រៅពីជាកាតព្វកិច្ចគឺបង្ហាញពីសមានចិត្ដឈឺឆ្អាលរបស់អ្នកកាន់ការងារស្រុកទេសចំពោះជនរួមឈាម។ ដោយពិតទៅអ្នកដឹកនាំស្រុកទេស (រដ្ឋាភិបាល) ក្នុងប្រទេសប្រជាធិបតេយ្យមិនមែនជាម៉ែឪរបស់ពលរដ្ឋឡើយប៉ុន្ដែទំហំបេះដូងរបស់អ្នកដឹកនាំប្រទេសហោចណាស់ត្រូវតែមានទំហំធំដែលអាចច្រកជនរួមឈាមរបស់ខ្លួនទាំងអស់ចូលមានន័យថាបើមានកូនអ្នកស្រុកណាឈឺស្លាប់ក៏វាប៉ះដល់បេះដូងគេដែរមិនមែនចង់កូននរណាស្លាប់ក៏ស្លាប់ទៅឲ្យតែកូនចៅខ្លួនបានសុខនោះទេ។

អ្នកចេះនឹកផ្ទះចេះស្រឡាញ់កូនចៅចង់ឲ្យកូនចៅនៅជិតខ្លួនចុះពលរដ្ឋក្រីក្រមិនចេះចង់នៅជុំគ្រួសារដែរទេ? ដោយសារតែទំហំបេះដូងអាណិតស្រឡាញ់កូនដោយស្មោះម្ដាយមេម៉ាយក្រីក្រមិនចេះអក្សរម្នាក់អាចចិញ្ចឹមកូនរបស់ខ្លួនមួយឡូត៍ឲ្យរស់បានដោយមិនចិញ្ចឹមកូនដោយលេបទឹកមាត់ចាំតែទារគុណពីកូនខ្លួនវិញឡើយ។ ជាអ្នកដឹកនាំប្រទេសត្រូវតែមានបេះដូងបែបនោះ។ បើកាលណាបុគ្គលណាមានទំហំបេះដូងតូចចង្អៀតអាចច្រកបានតែកូនចៅ ក្រុមគ្រួសារនិងបក្ខពួកខ្លួននោះគេខ្វះលក្ខខណ្ឌចាំបាច់ដែលអាចក្លាយជាអ្នកដឹកនាំប្រទេស។

មានពេលមួយនោះលោកស្រី ហ្គោលដា មែរ៍ មាតានៃប្រទេសអ៊ីស្រាអែលបាននិយាយថា៖ «យើងអាចអត់ឱនឲ្យបណ្ដាប្រទេសអារ៉ាប់ដែលបានសម្លាប់កូនៗជនជាតិជ្វីហ្វយើងបានប៉ុន្ដែយើងពិតជាមិនអាចអត់ឱនឲ្យពួកគេបានជាដាច់ខាតនៅពេលដែលពួកគេបង្ខំយើងឲ្យលើកដៃសម្លាប់កូនៗរបស់ពួកគេ។ យើងអាចមានសន្ដិភាពជាមួយបណ្ដាប្រទេសអារ៉ាប់ទៅបានលុះត្រាណាតែពួកគេស្រឡាញ់កូនៗរបស់ពួកគេខ្លាំងជាងស្អប់យើង»។ លោកស្រីបានបន្ថែមទៀតថា៖ «អ្នកដឹកនាំរូបណាដែលគ្មានការស្ទាក់ស្ទើរសូម្បីតែបន្ដិចមុនពេលគេសម្រេចចិត្ដបញ្ជូនជនរួមឈាមរបស់ខ្លួនចូលទៅក្នុងសង្គ្រាមដោយប្រើអាវុធបុគ្គលនោះមិនស័ក្ដិសមធ្វើជាអ្នកដឹកនាំគេឡើយ»។ មានន័យថាអ្នកដឹកនាំដែលប្រកបដោយគុណធម៌ពេញដោយមនោសញ្ចេតនាតំណក់ឈាមរបស់កូនទាហានរបស់គេគឺជាតំណក់ឈាមដែលហូរក្នុងបេះដូងរបស់គេ។ មួយតំណក់ណាក៏មិនអាចបង្ហូរចោលដោយគ្មានការទទួលខុសត្រូវឡើយ។ បើបញ្ជាខុស ឬខ្លួនមានផែនការមិនច្បាស់លាស់នាំឲ្យការអនុវត្តផែនការបរាជ័យ និងនាំទុក្ខដល់អ្នកនៅក្រោមបង្គាប់អ្នកដឹកនាំដែលពោរពេញដោយគុណធម៌ និងការទទួលខុសត្រូវខ្ពស់សឹងតែសម្លាប់ខ្លួនចោលមិនមែនសម្លាប់ ឬបន្ទោសអ្នកនៅក្រោមបង្គាប់ដែលអនុវត្ដបរាជ័យឡើយ។ នេះជាគុណធម៌ម្ដាយ។

មានពលករ ពលការិនីខ្មែរមិនតិចដែរទេដែលភ្លើតភ្លើននឹងភាពស៊ីវិល័យដោយមិនបានគិតពីភាពថ្លៃថ្នូរនៃជាតិសាសន៍របស់ខ្លួនដែលដើរធ្វើការស្រុកគេដាច់សង្វែងគេរំលោភបំពានហើយនៅតែអាចសើចក្អាកក្អាយចេញពីធ្វើការជុំគ្នាស៊ីផឹករាំច្រៀងកាត់សាញ។ ពេលមកលេងស្រុកម្ដងៗគេធ្វើខ្លួនដោយស្ទីលកូរ៉េ សក់ក្បាលពព្លាក់ដូចកញ្ចាញ់ចេក គូទខោ ស្លៀកសឹងជ្រុះផុតពីគូទ ធ្វើឫកដែលអ្នកស្រុកហៅថាឫកដូចជាន់ឆ្កែដាច់កន្ទុយ។ នោះហើយជាការបង្ហាញថាអ្នកគ្មានមនសិការក្នុងខ្លួន។ ពេលអ្នកបើកភ្នែកឃើញភាពរីកចម្រើននៅស្រុកគេតើអ្នកមានដែលកើតចិត្ដ អាសូរចិត្ដ ឈឺចាប់អាណិតជាតិសាសន៍ខ្លួនដែរទេ? កុំបាច់និយាយដល់ការចង់កសាងប្រទេសខ្លួនតែតើពេលធ្វើការអ្នកដែលកត់សម្គាល់ពីរបៀបធ្វើការពីបច្ចេកទេសនានាដែលអ្នកកំពុងតែធ្វើក្នុងដៃហើយមានចិត្ដចង់យកបច្ចេកទេសដាំដំណាំជាដើមមកធ្វើនៅស្រុកខ្លួនដែរទេ?បើកាលណាពេលធ្វើការគិតតែពីធ្វើឲ្យតែរួចពីដៃមិនយកចិត្ដទុកដាក់មិនទទួលខុសត្រូវការងារមិនស្រឡាញ់ការងារដែលខ្លួនកំពុងធ្វើ ការធ្វើនោះលំបាកនឹងរាប់បានថាជាការធ្វើការណាស់តែនោះហើយគឺកញ្ជះគេ។ ចាស់បុរាណខ្មែរយើងមានពាក្យថា «កុំធ្វើការដូចកញ្ជះគេ»។ ពាក្យនេះក្រៅពីរាប់បញ្ចូលលក្ខខណ្ឌការងារដែលគាបសង្កត់មើលងាយ មើលថោកពីសំណាក់ថៅកែប៉ុន្ដែអត្ដចរិតពលករផ្ទាល់ក៏រាប់បញ្ចូលថាការងារនោះជាការងារ ឬជាការធ្វើកញ្ជះ។ ពាក្យនេះមិនពីរោះត្រចៀកឡើយប៉ុន្ដែគឺខ្លួនយើងហ្នឹងតែម្ដងដែលជាហេតុឲ្យគេប្រើពាក្យនេះលើបាន ឬមិនបាន។

បងប្អូនដែលទៅធ្វើការនៅបរទេស តើមានដែលគិតថានៅផ្ទះម្ដាយទីទៃនៅព្រៃម្ដាយជាមួយទេ?តើមានចងក្រងគ្នាជាក្រុមជួយមើលថែគ្នាទៅវិញទៅមកដែរទេ? តើអ្នកមានដែលឆ្ងល់ទេថាហេតុអ្វីទើបស្រុកគេរីកចម្រើនបែបនោះ? តើអ្នកមានឃើញជនជាតិគេជុំគ្នាផឹកស្រាលេងស្រី លេងល្បែងស៊ីសង ចាក់កន្ទុយលេខ ចាក់បាល់ ចាក់ទឹកភ្លៀងដែរទេ? តើដូនតាគេធ្វើការអ្វីខ្លះមានអត្ដចរិតបែបណាទើបកសាងបានសង្គមរីកចម្រើនឲ្យកូនចៅគេ? តើអ្នកមានតាមដានព័ត៌មានក្នុងស្រុកខ្មែរទេ? មិនដឹងថាថ្ងៃណាទើបបងប្អូនអាចត្រឡប់មកផ្ទះយើងវិញឡើយបើកាលណាផ្ទះនេះមិនបានកសាងមាំទាំឲ្យពួកយើងអាចស្នាក់នៅជុំគ្នាដោយកណ្ដាប់ដៃរបស់ពួកយើង។

តើបងប្អូនរំពឹងប៉ុនណាថាអ្នកកាន់ការងារស្រុកទេសកសាងផ្ទះនេះដោយទុកចន្លោះទំនេរឲ្យបងប្អូនត្រឡប់មកជ្រកនៅបានដែរ? គ្មានសេចក្ដីសុខពិតប្រាកដណាមួយកើតឡើងដោយគេធ្វើឲ្យហើយអ្នកឱបដៃឈរមើលឡើយ។ ពលរដ្ឋថ្លៃថ្នូរជាពលរដ្ឋដែលយល់ដឹង និងចូលរួមបំពេញកាតព្វកិច្ចជាពលរដ្ឋក្នុងការកសាងប្រទេស។ ប្រទេសដែលថ្លៃថ្នូរត្រូវមានពលរដ្ឋថ្លៃថ្នូរលើសពីពាក់កណ្ដាលជាមុន៕

website_news/2016300606.txt · Last modified: 2017/03/03 14:57 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki