website_news:2016300802

ថៃ ដោះលែងខ្មែរ ១៣ នាក់ តែចាប់ ៣៤ នាក់

(http://www.postkhmer.com) Tue, 30 August 2016 ឃុត សុភចរិយា

ភ្នំពេញៈ ពលរដ្ឋខ្មែរចំនួន ១៣ នាក់ ត្រូវបានអាជ្ញាធរថៃដោះលែងពីពន្ធនាគារ និងបញ្ជូនត្រឡប់មកកាន់កម្ពុជាវិញ បន្ទាប់ពីត្រូវបានឃុំខ្លួនអស់រយៈពេល ៦ ខែពីបទឆ្លងដែនចូលទៅកាប់ឈើគ្រញូងក្នុងទឹកដីថៃដោយខុសច្បាប់ ខណៈដែលពលរដ្ឋខ្មែរ ៣៤ នាក់ផ្សេងទៀត ត្រូវបានអាជ្ញាធរថៃចាប់ខ្លួន កាលពីថ្ងៃសៅរ៍ នៅក្នុងបទល្មើសស្រដៀងគ្នានេះ។

លោក តូច រ៉ា ប្រធានការិយាល័យនគរបាលទំនាក់ទំនងកិច្ចការព្រំដែន កម្ពុជា-ថៃ ប្រចាំច្រកទ្វារអន្តរជាតិ ជាំ សាងាំ បាននិយាយថា កាលពីរសៀលថ្ងៃម្សិលមិញ អាជ្ញាធរថៃប្រចាំខេត្តបូរីរ៉ាំ បានបញ្ជូនពលរដ្ឋខ្មែរ ១៣ នាក់ ដែលត្រូវបានឃុំខ្លួន ៦ ខែ ក្នុងពន្ធនាគារខេត្តនេះពីបទ «ឆ្លងដែនចូលទៅកាប់ព្រៃនៅក្នុងទឹកដីថៃដោយខុសច្បាប់» ត្រឡប់មកកម្ពុជាវិញ។

ពលរដ្ឋ ១៣ នាក់ខាងលើនេះ មិនមែនជាប្រជាពលរដ្ឋរស់នៅក្នុងខេត្តឧត្តរមានជ័យនោះទេ ពួកគេ គឺជាជនចំណាកស្រុក មកពីខេត្ត ព្រៃវែង ស្វាយរៀង និងខេត្តកំពង់ចាម។ លោកបានឲ្យដឹងទៀតថា អាជ្ញាធរថៃ ក៏បានរាយការណ៍ឲ្យដឹងផងដែរ អំពីពលរដ្ឋខ្មែរ ៣៤ នាក់ ផ្សេងទៀត ដែលត្រូវបានសមត្ថកិច្ចចម្រុះថៃ ចាប់ខ្លួនកាលពីថ្ងៃសៅរិ៍ ពាក់ព័ន្ធករណីកាប់ឈើគ្រញូងដោយខុសច្បាប់ នៅក្នុងឧទ្យានជាតិថាប់លែន ស្ថិតក្នុងស្រុកនគរាជសីមា ខេត្តបុរីរ៉ាំ។ លោកបញ្ជាក់ថា៖«បើតាមសម្ដីក្រុមតម្រួតថៃ ពួកគេទាំង ៣៤ នាក់ កំពុងត្រូវបានឃុំខ្លួននៅក្នុងទីស្នាក់ការតម្រួតស្រុក ខនបូរី ដើម្បីសួរចម្លើយ និងគ្រោងបញ្ជូនពួកគេទៅកាន់តុលាការខេត្តបូរីរ៉ាំ នៅព្រឹកថ្ងៃអង្គារនេះ ដើម្បីចំណាត់ការតាមផ្លូវច្បាប់របស់ពួកគេ»។

យោងតាមសេចក្ដីរាយការណ៍ពី កាសែត បាងកក ប៉ុស្តិ៍ មុនពេលកម្លាំងប្រដាប់អាវុធចម្រុះថៃ ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសកាប់ឈើគ្រញូង នៅក្នុងតំបន់ឧទ្យានជាតិ ថាប់លែន ក្រុមតម្រួតនៅស្រុក នុនឌីនដែង នៅថ្ងៃទី២៥ ខែសីហា កន្លងទៅនេះ បានចាប់ឃាត់ខ្លួនបុរសជនជាតិថៃម្នាក់ឈ្មោះ អាវុធ ឌីតប្រាសាក់ អាយុ ៣៣ ឆ្នាំ រស់នៅខេត្ត សាកែវ ខណៈកំពុងបើករថយន្ត ដឹកជញ្ជូនឈើប្រណីតខុសច្បាប់ចំនួន ១៤ ផ្លាន ឬ ១,៤ ម៉ែត្រគុប ចេញពីតំបន់ព្រៃអភិរក្សនៃឧទ្យានជាតិ ថាប់លែន។ សេចក្តីរាយការណ៍ បន្តថា ក្រោយពីការសួរចម្លើយ បុរសជនជាតិ ថៃ ខាងលើនេះបានយល់ព្រមសហការជាមួយសមត្ថកិច្ច និងបាននាំផ្លូវទៅកាន់ទីតាំងដែលមានការកាប់បំផ្លាញព្រៃឈើនោះហើយកម្លាំងប្រដាប់អាវុធចម្រុះថៃ បានធ្វើការឡោមព័ន្ធចាប់បានពលរដ្ឋខ្មែរ ៣៤ នាក់ និងរថយន្តដឹកឈើគ្រញូងចំនួន ២ គ្រឿង ចំណែកពលរដ្ឋខ្មែរមួយចំនួនទៀត បានរត់គេចខ្លួន។

ក្រុមអ្នកឃ្លាំមើលសង្គម និយាយថា កង្វះការងារ កង្វះមុខរបរក្នុងស្រុក ឬមានការងារ តែទទួលបានប្រាក់ឈ្នួលទាប មិនអាចទប់ទល់ជីវភាពបាន និងកង្វះទីផ្សារ ក្នុងការលក់ផលិតផលកសិកម្ម គឺជាដើមហេតុចម្បង ដែលបង្ខំឲ្យពលរដ្ឋខ្មែរធ្វើចំណាកស្រុកទៅស្វែងរកការងារធ្វើនៅប្រទេស ថៃ បើទោះបីជាដឹងថា ការលួចឆ្លងដែន ចូលទៅក្នុងទឹកដីថៃ អាចប្រឈមនឹងការបាញ់សម្លាប់ ឬត្រូវចាប់ដាក់គុកក៏ដោយ៕

website_news/2016300802.txt · Last modified: 2017/03/11 20:14 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki