website_news:2016300803

កម្ពុជាស្នើឱ្យម៉ាឡេស៊ី បន្តការទប់ស្កាត់អំពើ ជួញដូរមនុស្ស និងគាំពារពលកររបស់កម្ពុជា

(http://www.freshnewsasia.com) 2016-08-29

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានស្នើឱ្យអាជ្ញាធរម៉ាឡេស៊ី បន្តពង្រឹងការទប់ស្កាត់ អំពើជួញដូរមនុស្សខុសច្បាប់ ព្រមទាំងបន្ថែមការយកចិត្តទុកដាក់ លើសន្តិសុខ សុវត្ថិភាព និងបើកប្រាក់បៀវត្សរ៍ ឱ្យបានគ្រប់គ្រាន់ដល់ ពលករកម្ពុជា ដែលទៅធ្វើការនៅទីនោះ។

ការលើកឡើងនេះ ត្រូវបានធ្វើឡើងក្នុងជំនួបរវាង លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយលោក Dato' Sri Hasan Malek ឯកអគ្គរដ្ឋទូតថ្មីម៉ាឡាស៊ី ប្រចាំកម្ពុជា នៅរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ នាទីស្ដីការក្រសួងការបរទេស។ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានលើកឡើងពី បញ្ហាពលករកម្ពុជា ដែលធ្វើការនៅម៉ាឡេស៊ី ដែលតែងតែមានការធ្វើទារណ្ឌកម្ម ការរំលោភបំពានលើសិទ្ធិ ដោយបានស្នើឱ្យអាជ្ញាធរម៉ាឡេស៊ី ជួយបន្តពង្រឹង ការទបស្កាត់អំពើទាំងនោះ។

លោក Dato' Sri Hasan Malek បានឱ្យដឹងថា ចាប់ពីឆ្នា២០០០ រហូតដល់បច្ចុប្បន្ន ពលករកម្ពុជា ដែលទៅធ្វើការនៅម៉ាឡេស៊ី មានចំនួនប្រមាណ១៤ពាន់នាក់។ ដោយឡែកថ្មីៗនេះ ពលរដ្ឋកម្ពុជាដែល មានបញ្ហានៅម៉ាឡេស៊ី មានចំនួន៣៣នាក់ ក្នុងនោះ៣១នាក់ បានបញ្ជូនមកកម្ពុជាវិញហើយ, ពលរដ្ឋម្នាក់កំពុងដោះស្រាយជាមួយអង្គការ IOM ដើម្បីរៀបចំសំបុត្រយន្តហោះ ត្រឡប់មកកម្ពុជាវិញ ឯម្នាកទៀតបានស្លាប់ ដោយសារជំងឺក្នុងមន្ទីរពេទ្យនៅម៉ាឡេស៊ី។

លោកឯកអគ្គរាជទូតបានបន្តថា ចំពោះបញ្ហាដែលថា មានការធ្វើទារុណកម្មលើអ្នកជាប់ឃុំកម្ពុជា ក្នុងពន្ធនាគារនោះ អាជ្ញាធរម៉ាឡេស៊ីបានធ្វើការ ស៊ើបអង្កេតហើយ តែការចោទប្រកាន់នេះ គ្មានមូលដ្ឋានច្បាស់លាស់ទេ ដូច្នេះហើយខាងភាគីម៉ាឡេស៊ី មិនទទួលយកការចោទប្រកាន់នេះឡើយ។ ក្រៅពីនេះ លោកទេសរដ្ឋមន្រ្តី បានស្នើឱ្យម៉ាឡេស៊ីជួយពង្រឹង និងពង្រីកបន្ថែមទៀត នូវទំនាក់ទំនងលើវិស័យទេសចរណ៍ ព្រមទាំងបន្តផ្ដល់ អាហារូបករណ៍ រយៈពេលវែង ដល់មន្រ្តី និងនិស្សិតកម្ពុជា ក្នុងការទៅសិក្សានៅម៉ាឡេស៊ី៕

website_news/2016300803.txt · Last modified: 2017/03/11 20:15 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki