website_news:2016300806

របាយការណ៍អ.ស.ប.រកឃើញស្ត្រីខ្មែរ៤២នាក់ចាញ់បោកមេខ្យល់ទៅរៀបការនៅចិន

(http://khmer.voanews.com) 30 សីហា 2016 កាន់ វិច្ឆិកា

របាយការណ៍នោះបញ្ជាក់ថា ជនរងគ្រោះ ដែលត្រូវបានស្ទង់មតិ មានអាយុចាប់ពី១៨ទៅ៣៧ឆ្នាំ ហើយជាទូទៅត្រូវបានឈ្មួញកណ្តាលជ្រើសរើសនៅក្នុងសហគមន៍របស់ពួកគេ ក្រោយពីឈ្មួញកណ្តាលប្រើល្បិច និងភូតកុហកថា ទៅធ្វើការងារមានប្រាក់ខែខ្ពស់នៅប្រទេសចិន។

ភ្នំពេញ អង្គការសហប្រជាជាតិដើម្បីកិច្ចសហប្រតិបត្តិការប្រឆាំងការជួញដូរមនុស្ស (UN-ACT)ទើបតែចេញរបាយការណ៍ថ្មីមួយ ដោយបានរកឃើញថា ស្រ្តីចំនួន៤២នាក់ចាញ់បោកមេខ្យល់ទៅរៀបការនៅប្រទេសចិន ដែលខុសពីការរំពឹងទុករបស់ពួកគេ។ ដោយមិនដឹងខ្លួន ស្រ្តីខ្មែរចំនួន៤២នាក់នោះបានក្លាយជាកូនក្រមុំរបស់បុរសជនជាតិចិនក្នុងតំបន់ក្រីក្រនៃប្រទេសកុម្មុយនីស្តមួយនេះ ខណៈដែលពួកគេធ្វើចំណាកស្រុកដើម្បីរកការងារធ្វើ និងរំពឹងថា មានជីវភាពប្រសើរជាងមុន។

របាយការណ៍របស់ UN-ACT ចេញនៅថ្ងៃទី២៥ ខែសីហា បានសម្ភាសន៍ស្ត្រីចំនួន៣៣នាក់ដែលបានវិលត្រឡប់មកកម្ពុជាវិញ និង៩នាក់កំពុងស្ថិតនៅប្រទេសចិន ក្នុងអំឡុងខែកញ្ញាឆ្នាំ២០១៤ និងខែមីនា ឆ្នាំ២០១៥។ របាយការណ៍នោះបញ្ជាក់ថា ជនរងគ្រោះ ដែលត្រូវបានស្ទង់មតិ មានអាយុចាប់ពី១៨ទៅ៣៧ឆ្នាំ ហើយជាទូទៅត្រូវបានឈ្មួញកណ្តាលជ្រើសរើសនៅក្នុងសហគមន៍របស់ពួកគេ ក្រោយពីឈ្មួញកណ្តាលប្រើល្បិច និងភូតកុហកថា ទៅធ្វើការងារមានប្រាក់ខែខ្ពស់នៅប្រទេសចិន។ ស្ត្រី ដែលបានយល់ព្រមរៀបអាពាហ៍ពិពាហ៍ ត្រូវបានគេកុហកដូចគ្នាថា នឹងត្រូវរៀបការជាមួយបុរសអ្នកមាន ប៉ុន្តែពួកគេបែរជាត្រូវរៀបការជាមួយបុរសក្រីក្រនៅតាមជនបទទៅវិញ។

របាយការណ៍ដដែលនេះបន្ថែមថា«មានកង្វះខាតជាច្រើនក្នុងការគ្រប់គ្រងមេខ្យល់ ជាហេតុធ្វើឲ្យស្រ្តីទាំងនោះត្រូវបានគេបញ្ឆោត និងបង្ខំឲ្យរៀបការតាមកម្រិតផ្សេងៗគ្នា។ ស្រ្តីមួយចំនួនត្រូវបាននាំទៅប្រទេសចិន ដោយសន្យាថា នឹងបានការងារធ្វើ ប៉ុន្តែក្រោយមក ទើបពួកគេដឹងថា ពួកគេត្រូវនាំឲ្យទៅរៀបការជំនួសវិញ។ ស្រ្តីមួយចំនួនទៀតត្រូវមេខ្យល់ប្រាប់ថា ពួកគេត្រូវតែរៀបការ ដើម្បីមានសិទ្ធិក្នុងការធ្វើការងារនៅប្រទេសចិន»។

របាយការណ៍របស់អង្គការសហប្រជាជាតិ ដែលចេញកាលពីសប្តាហ៍កន្លងទៅ បានឲ្យដឹងដែរថា ស្ត្រីខ្មែរមួយចំនួនធំត្រូវបានគេដកហូតលិខិតឆ្លងដែន និងបំបិទសិទ្ធិនៃការដើរហើរ នៅពេលពួកគេទៅដល់ប្រទេសនោះ។ ជាងនេះទៀត ពួកគេត្រូវបង្ខំចិត្តឲ្យបង់ថ្លៃធ្វើដំណើរ និងការរត់ការទំាងអស់ដែលមានតម្លៃដល់ទៅ៨ពាន់ដុល្លារអាមេរិក ដូច្នោះហើយពួកគាត់មួយចំនួនដែលគេបោកថា ទៅធ្វើការនៅទីនោះ ត្រូវបង្ខំចិត្តរៀបការជាមួយបុរសចិនដើម្បីសងបំណុល។ ក្នុងនោះស្រ្តីមួយចំនួនបានធ្វើដំណើរជាង១០០០គីឡូម៉ែត្រពីតំបន់ជនបទដាច់ស្រយាលទៅកាន់ស្ថានទូតកម្ពុជាដើម្បីសុំជំនួយ ប៉ុន្តែស្រ្តីមួយចំនួនទៀតត្រូវបានប៉ូលិសនៅប្រទេសចិនចាប់បញ្ជូនទៅគ្រួសារបុរសជនជាតិចិនវិញ ក្រោយសុំជំនួយពីប៉ូលិសនៅទីនោះ។

របាយការណ៍ដដែលបន្ថែមថា កង្វះខាតទីផ្សារការងារ និងប្រាក់ឈ្នួលទាបនៅកម្ពុជា ធ្វើឲ្យស្ត្រីវ័យក្មេងជាច្រើនស្វែងរកឱកាសការងារនៅក្រៅប្រទេស។ ហើយចំនួនបុរសដែលនៅលីវច្រើនក្នុងប្រទេសចិនគឺជាមូលហេតុចម្បង ដែលបង្កឲ្យមានការជួញដូរស្ត្រី និងការរៀបការដោយបង្ខំពីប្រទេសកម្ពុជា។ ក្រុមភ្នាក់ងាររៀបការ និងមេខ្យល់ខុសច្បាប់មួយចំនួនក៏ជួយជំរុញឲ្យមានកត្តាទំាងនោះផងដែរ ហើយប្រទេសទាំងពីរគួរយកចិត្តទុកដាក់ និងចាត់វិធានការឲ្យបានតឹងរ៉ឹង។

លោកស្រីជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានប្រាប់ VOA ថា កម្ពុជាបានពិភាក្សាសម្រេចលើកិច្ចព្រមព្រៀងទ្វេភាគីចិនកម្ពុជា ពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស។ លោកស្រីថ្លែងថា ភាគីទាំងពីរកំពុងរង់ចាំការចុះកិច្ចព្រមព្រៀងជាផ្លូវការក្នុងពេលឆាប់ៗ អំឡុងឆ្នាំ២០១៦ ដើម្បីទប់ស្កាត់ និងដាក់ទោសការប្រព្រឹត្តបទល្មើសទាំងនោះ។ លោកស្រីបន្ថែមថា៖«ទាក់ទងជាមួយនឹងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជាមួយនឹងភាគីចិនហ្នឹងគឺបញ្ហាអាពាហ៍ពិពាហ៍ហ្នឹងគឺជារឿងមួយដែលយើងត្រូវយកចិត្តទុកដាក់ ហើយរហូតដល់ធ្វើការឯកភាពគ្នាជាឯកច្ឆ័ន្ទ ក្នុងការធ្វើផែនការសកម្មភាពដែលយើងត្រូវចាប់ផ្តើមពីឥឡូវហ្នឹងទៅរហូតដល់ឆ្នាំ២០១៧ គឺការបង្ការ ទប់ស្កាត់ ការជួយជនរងគ្រោះ ក៏ដូចជាការស្វែងរកការស៊ើបអង្កេតដើម្បីធ្វើការផ្តន្ទាទោសចំពោះករណីជួញដូរមនុសុ្ស»។

មន្រ្តីស្ថានទូតចិនបដិសេធមិនធ្វើអត្ថាធិប្បាយតាមទូរស័ព្ទពាក់ព័ន្ធនឹងករណីនេះទេ។

នាយិកាអង្គការសីលការ លោកស្រីធីតា ឃឹះមានប្រសាសន៍ថា ស្រ្តីភាគច្រើន ដែលធ្វើចំណាកស្រុកទៅប្រទេសចិនគឺជាស្រ្តីដែលរស់នៅក្នុងគ្រួសារក្រីក្រ។ ពួកគេធ្វើចំណាកស្រុកដើម្បីស្វែងរកការងារធ្វើ ដោយសង្ឃឹមថា អាចទទួលបានជីវភាពគ្រាន់បើជាងនៅកម្ពុជា។ លោកស្រីបន្ថែមថា ចំពោះករណីចំណាកស្រុកទៅប្រទេសចិន រដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ករណីនេះក្នុងការផ្សព្វផ្សាយ និងចាត់វិធានការបង្ការ និងទប់ស្កាត់រាល់ការប្រព្រឹត្តបទល្មើសដែលធ្វើឲ្យប៉ះពាល់ដល់សុវត្ថិភាពរបស់ស្រ្តី។ លោកស្រីបន្ថែមថា៖ «នៅក្នុងប្រទេសចិន អត់មានច្បាប់ដើម្បីការពារ ហើយគ្មានយន្តការដើម្បីការពារអ្នកដែលចំណាកស្រុកទៅនៅស្រុកគេទេ។ ដូច្នេះអ្នកណាដែលធ្វើចំណាកស្រុកដើម្បីការងារក៏ដោយ រកស្វាមីក៏ដោយ គង់ជួបបញ្ហាច្រើន ដែលយើងពិបាករកយន្តការការពារប្រជាពលរដ្ឋយើង។ ដូច្នេះខ្ញុំយល់ឃើញថា បើប្រទេសដែលមើលទៅពុំមានលទ្ធភាពផ្តល់សុវត្ថិភាពដល់ស្រ្តីយើងទៅធ្វើការខាងណោះទេ យើងកុំបើកឲ្យចេញតែម្តង ទាំងទៅរកការងារធ្វើ ទាំងមានគ្រួសារ»។

របាយការណ៍នោះបន្ថែមថា រដ្ឋាភិបាលកម្ពុជាបានជួយស្រ្តីរងគ្រោះទាំងនោះធ្វើមាតុភូមិនិវត្តន៍ពីប្រទេសចិនមកកម្ពុជាវិញ នៅឆ្នាំ២០១៣មានចំនួន២១នាក់ នៅឆ្នាំ២០១៤មានចំនួន៥៨នាក់ និងនៅឆ្នាំ២០១៥មានចំនួន៨៥នាក់៕

website_news/2016300806.txt · Last modified: 2017/03/11 20:22 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki