website_news:2016300809

ស្រ្តីខ្មែរ ត្រូវគេជួញដូរបង្ខំឲ្យរៀបការប្តីចិន

(http://www.postkhmer.com) August 2016 សែន ដាវីត

ភ្នំពេញៈ កម្ពុជា និងចិនត្រូវបង្កើតច្រករៀបការចំណាកស្រុកដើម្បីទប់ស្កាត់មិនឲ្យមានករណីស្រ្តីកម្ពុជាក្រីក្រដែលស្វែងរកការងារធ្វើនៅបរទេសប៉ុន្តែត្រូវបានបង្ខំឲ្យរៀបការទៅវិញ។ នេះបើតាមរបាយការណ៍ថ្មីមួយរបស់អង្គការសហប្រជាជាតិ។

របាយការណ៍មួយដែលមានចំណងជើងថាភាពងាយទទួលរងគ្រោះការជួញដូរមនុស្សការសិក្សាអំពីការរៀបការទាំងបង្ខំរវាងកម្ពុជា និងចិនដែលត្រូវបានចេញកាលពីចុងសប្តាហ៍មុនបានសម្ភាសស្រ្តីចំនួន ៤២ នាក់ដែលមិនមានឆន្ទៈធ្វើជាកូនក្រមុំរបស់បុរសជនជាតិចិន។ ខណៈអ្នកខ្លះយល់ព្រមរៀបការមុនពេលទៅដល់ប្រទេសចិន អ្នកខ្លះទៀតនៅពេលទៅដល់ប្រទេសចិនត្រូវបានគេប្រាប់ថាការរៀបការសំខាន់ចាំបាច់ណាស់ដើម្បីបន្តទិដ្ឋាការរបស់ពួកគេ ឬដើម្បីធ្វើការហើយដែលវាជាដំណើរការមួយមានរយៈពេលប្រាំឆ្នាំនៅប្រទេសចិន។ ប្រសិនបើពួកគេបដិសេធពួកគេត្រូវបានបញ្ជាឲ្យបង់ប្រាក់ក្នុងចំនួនដ៏ច្រើនគឺ ៨០០០ ដុល្លារសម្រាប់ការចំណាយលើថ្លៃយន្តហោះ។ ប្តីជនជាតិចិនដែលគ្រោងរៀបការជាមួយពួកគេគឺបានចំណាយប្រាក់រហូតដល់ ២០ ០០០ ដុល្លារសម្រាប់កូនក្រមុំម្នាក់។

បញ្ហាដំបៅផ្លូវចិត្តបន្ទាប់ពីត្រឡប់មកស្រុកកំណើតវិញជាទូទៅត្រូវបានដក់ជាប់នៅក្នុងចិត្តរបស់ពួកគេ និងមានការឈឺចាប់ចំពោះការធ្លាក់ចូលក្នុងកណ្តាប់ដៃគ្រួសារចិនហើយដែលក្នុងករណីសោកនាដកម្មមួយគឺថាស្រ្តីម្នាក់បានប៉ុនប៉ងសម្លាប់ខ្លួននៅក្នុងការិយាល័យអង្គការក្រៅរដ្ឋាភិបាលមួយដោយសារគ្រួសាររបស់នាងមិនចង់ជួបនាង។

របាយការណ៍នេះក៏បានលើកឡើងអំពីករណីពិតរបស់កូនក្រមុំម្នាក់ដែលត្រូវបានបញ្ជូនត្រឡប់មកស្រុកខ្មែរវិញដែលកាលពីថ្ងៃអាទិត្យបានថ្លែងមកកាន់ភ្នំពេញប៉ុស្តិ៍សុំមិនបញ្ចេញឈ្មោះដោយសារខ្មាសគេចំពោះបញ្ហាដំបៅផ្លូវចិត្ត។ អ្នកនាងដែលមានអាយុជាង ២០ ឆ្នាំបានត្រឡប់មកស្រុកកំណើតរបស់អ្នកនាងវិញក្នុងខេត្តត្បូងឃ្មុំកាលពីឆ្នាំមុនបន្ទាប់ពីការបង្ខំឲ្យរៀបការនៅក្នុងប្រទេសចិន។

អ្នកនាងថ្លែងថា៖ «ខ្ញុំបានជ្រើសរើសជម្រើសទៅធ្វើការនៅបរទេសដោយសារគ្រួសាររបស់ខ្ញុំក្រខ្លាំងណាស់»។ «ប៉ុន្តែនៅពេលខ្ញុំទៅដល់ប្រទេសចិនមនុស្សមួយក្រុមបានបង្ខំខ្ញុំឲ្យរៀបការ។ ពួកគេបានប្រាប់ខ្ញុំថាប្រសិនបើខ្ញុំចង់រស់នៅទីនោះ និងមានសេចក្តីសុខខ្ញុំត្រូវតែរៀបការជាមួយបុរសជនជាតិចិន»។ អ្នកនាងបានទទួលរងការប្រព្រឹត្តមិនគប្បីហើយសេរីភាពត្រូវបានរារាំង និងមិនចេះភាសាចិន។ «ខ្ញុំមិនអាចទ្រាំបាននោះហើយជាមូលហេតុដែលខ្ញុំបានរត់គេចខ្លួន»។

អ្នកនាងបានថ្លែងបន្តថាអ្នកនាងបានស្វែងរកកុងស៊ុលកម្ពុជាដើម្បីជួយប៉ុន្តែមិនមែនមនុស្សស្រីទាំងអស់សុទ្ធតែសំណាងនោះទេ។ បើតាមរបាយការណ៍នោះអ្នកខ្លះបានធ្វើដំណើរជាង ១០០០ គីឡូម៉ែត្រពីក្រុងជនបទរបស់ពួកគេដើម្បីទៅដល់ស្ថានទូតកម្ពុជាដើម្បីសុំជំនួយខណៈអ្នកខ្លះទៀតដែលបានទាក់ទងនគរបាលចិនហើយត្រូវបាននគរបាលចិនបញ្ជូនទៅប្តីរបស់ពួកគេវិញដោយសារនគរបាលចិនជឿថាវាជាការឈ្លោះគ្នាក្នុងគ្រួសារជាជាងជាជនរងគ្រោះនៃការរៀបការទាំងបង្ខំ។

អ្នកតស៊ូមតិសិទ្ធិការងារលោក មឿន តុលា ថ្លែងថានៅពេលលោកបានជួយឲ្យមានការគេចខ្លួនសម្រាប់កូនក្រមុំខ្មែរដែលជាប់អន្ទាក់ពួកគេជាញឹកញាប់ «បានបាត់ខ្លួន» ឬបានត្រឡប់ទៅប្តីរបស់ពួកគេវិញបន្ទាប់ពីជួបនគរបាលចិន។ លោកបន្តថា៖ «យើងបានទទួលព័ត៌មានពីកុងស៊ុលកម្ពុជាថាក្មេងស្រីនោះបានសម្រេចចិត្តត្រឡប់ទៅគ្រួសារចិនវិញប៉ុន្តែ [ខ្ញុំ] ហាក់បីដូចជាមិនយល់ទាល់តែសោះពួកគេយំ និងទាក់ទងយើងរាល់ថ្ងៃឲ្យជួយពួកគេ»។ «វាសំខាន់ណាស់ដែលរដ្ឋាភិបាលកម្ពុជាត្រូវជជែកដោយយកចិត្តទុកដាក់ជាមួយរដ្ឋាភិបាលចិន។ ស្រ្តីទាំងនេះគឺពិតជាជនរងគ្រោះនៃការជួញដូរមនុស្សទាំងស្រុងដូច្នេះប្រសិនបើពួកគេស្នាក់នៅលើសទិដ្ឋាការពួកគេមិនត្រូវទទួលរងការចាត់ទុកថាជាជនល្មើសទេ»។

របាយការណ៍បន្តថាយេនឌ័រក៏បានដើរតួផងដែរក្នុងកត្តារុញច្រានដែលទាក់ទាញឲ្យមានកូនក្រមុំទៅក្រៅប្រទេស។

លោកស្រី រស់ សុភាព នាយិកានៃអង្គការយេនឌ័រ និងការអភិវឌ្ឍន៍បានរៀបរាប់ពីស្ថានភាពរបស់ស្រ្តីខ្មែរដែលស្ថិតនៅក្នុងភាពក្រីក្រថាជាកត្តាដែលធ្វើឲ្យពួកគេចង់ទៅក្រៅប្រទេសហើយកូនក្រមុំខ្លះត្រូវបានបង្ខំឲ្យធ្វើជាស្រីបម្រើផ្លូវភេទ។ លោកស្រីថា៖ «នេះគឺពិតជាក្រៀមក្រំណាស់។ ពួកគេប្រហែលជាសង្ឃឹមថាពួកគេនឹងមានសំណាងពីព្រោះពួកគេក្រីក្រ។ ពួកគេនិយាយថាបើទោះបីជាខ្ញុំរស់ជីវិតរបស់ខ្ញុំមិនមែនជាជីវិតមនុស្សទេ»៕ PS

website_news/2016300809.txt · Last modified: 2017/03/11 20:28 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki