website_news:2016300810

កម្ពុជា-ចិនគ្រោងចុះកិច្ចព្រមព្រៀងទប់ស្កាត់ការជួញដូរកម្លាំងពលកម្មនិងផ្លូវភេទ

(http://www.rfa.org/khmer/news) ដោយ ម៉ៅ សុធានី 2016-08-29

រដ្ឋាភិបាលកម្ពុជា-ចិន គ្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងដើម្បីទប់ស្កាត់ការកេងប្រវ័ញ្ចពលកម្ម និងការជួញដូរផ្លូវភេទលើស្ត្រីនិងកុមារទៅប្រទេសចិន នៅដំណាច់ឆ្នាំ២០១៦ ខាងមុខ។

រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អ្នកស្រី ជូ ប៊ុនអេង មានប្រសាសន៍ប្រាប់អាស៊ីសេរី កាលពីយប់ថ្ងៃទី២៩ ខែសីហា ថា ក្នុងកិច្ចព្រមព្រៀងនេះ ភាគីប្រទេសទាំងពីរបានឯកភាពគ្នាដើម្បីទប់ស្កាត់រាល់ទម្រង់នៃការជួញដូរមនុស្ស វិធានការជួយសង្គ្រោះជនរងគ្រោះ និងការស្វែងរកចាប់ជនល្មើសមកផ្ដន្ទាទោសតាមច្បាប់៖ «យើងបានធ្វើការងារនេះយ៉ាងឆាប់រហ័ស ដោយសារប្រជុំជួបគ្នា ២ដង ម្ដងនៅឆ្នាំ២០១៥។ ឥឡូវយើងបានជួបប្រជុំគ្នាសម្រេចកាលពីសប្ដាហ៍មុន និងឯកភាពគ្នាជាឯកច្ឆន្ទហើយ។ ខ្លឹមសារទាំងនេះបានដាក់ជូនទៅប្រមុខដឹកនាំប្រទេសទាំងសងខាង និងចាត់ឲ្យមានតំណាងប្រទេសនីមួយៗ ដើម្បីចុះហត្ថលេខា ហើយយើងបានស្នើសុំមិនឲ្យហួសឆ្នាំ២០១៦ នេះទេ»។

កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលកម្ពុជា-ចិននេះ គឺស្របពេលដែលអង្គការសហប្រជាជាតិផ្នែកសកម្មក្នុងកិច្ចសហប្រតិបត្តិការប្រឆាំងការជួញដូរមនុស្ស បានចេញផ្សាយរបាយការណ៍ស្រាវជ្រាវមួយកាលពីថ្ងៃទី២៩ ខែសីហា ស្ដីពីបញ្ហាស្ត្រីខ្មែរត្រូវបានគេជួញដូរផ្លូវភេទ និងបង្ខំឲ្យរៀបការជាមួយបុរសចិន។ ការសិក្សានេះផ្ដោតសំខាន់អំពីដំណើរដើមទងដែលមេខ្យល់ល្បួងស្រីខ្មែរ របៀបរបបដែលគេចំណេញលើក្រុមស្ត្រីទាំងនោះ និងបញ្ហាខ្វះខាតក្នុងការទប់ស្កាត់របស់សមត្ថកិច្ច។

របាយការណ៍ស្រាវជ្រាវនោះ ក៏បានបង្ហាញពីឫសគល់ដែលជាកត្តាជំរុញ និងកត្តាអូសទាញឲ្យស្ត្រីខ្មែរសុខចិត្តរៀបការជាមួយបុរសចិន។ កត្តាជំរុញដោយសារបញ្ហាក្រីក្រ ខ្វះការងារធ្វើ និងប្រាក់ខែទាប។ ភាគច្រើនស្ត្រីត្រូវបង្ខំចិត្តចេញទៅក្រៅប្រទេសដើម្បីរកការងារធ្វើ។ ចំណែកកត្តាអូសទាញវិញ គឺបុរសចិន មិនអាចរកភរិយាជនជាតិចិន ដូចគ្នា ដោយសារគោលនយោបាយគ្រួសារមួយកូនមួយ ហើយចិន ចង់បានតែកូនប្រុស។

អ្នកស្រី ជូ ប៊ុនអេង ដែលជាអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិទទួលបន្ទុកការបង្ក្រាប ការជួញដូរ និងកេងប្រវ័ញ្ចផ្លូវភេទ អះអាងថា ស្ត្រីរងគ្រោះភាគច្រើនជឿតាមការបោកបញ្ឆោតរបស់មេខ្យល់៖ «ខាងចិន យើងឃើញមាន ២របៀប ដែលគាត់ចេញទៅរៀបអាពាហ៍ពិពាហ៍។ ទីមួយមានអ្នកដាក់ពាក្យតាមផ្លូវច្បាប់ មានតែជាង ១ករណីទេ។ ប៉ុន្តែឥឡូវយើងដឹងថា មានជាច្រើនគូទៀតនៅប្រទេសចិន។ ពួកគាត់ទៅធ្វើវីសានៅវៀតណាម ភូមា ហើយមានអ្នកចល័តចុះឡើងៗ។ យើងបានបង្ក្រាបនៅវាយលយន្តហោះក៏មាន ហើយមានករណីខ្លះ យកទៅដល់ភូមា ត្រឡប់មកវៀតណាម វិញ»។

ក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃច័ន្ទ ទី២៩ ខែសីហា ឲ្យដឹងថា ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំក្រុងសៀងហៃ សហការជាមួយអាជ្ញាធរចិន បានអន្តរាគមន៍សង្គ្រោះស្ត្រីខ្មែររងគ្រោះ ៣នាក់ ឲ្យបានវិលមកស្រុកវិញ។ ស្ត្រីចំណាកស្រុកទាំងនោះបញ្ជាក់មូលហេតុថា ពួកគេរស់នៅជាមួយប្ដីមិនចុះសម្រុងគ្នា ពីព្រោះប្តីជាជនជាតិចិននោះបិទសិទ្ធិសេរីភាពមិនឲ្យដើរចេញក្រៅផ្ទះ។ ក្នុងចំណោមស្ត្រីទាំង ៣នាក់ ដែលបានវិលត្រឡប់មកដល់រាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែសីហា ក្នុងនោះ ២នាក់មានអាយុ ១៥ឆ្នាំ៕

website_news/2016300810.txt · Last modified: 2017/03/11 20:30 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki