website_news:2016300811

ពលករខ្មែរជិត២០នាក់ ត្រូវអាជ្ញាធរឥណ្ឌូនេស៊ី ចាប់ខ្លួនក្រោយចូលនេសាទខុសច្បាប់

(http://bayontv.com.kh) 30/08/2016

ភ្នំពេញ ៖ ពលករខ្មែរយ៉ាងតិចចំនួន១៨នាក់ ត្រូវបានអាជ្ញាធរឥណ្ឌូនេស៊ីធ្វើការឃាត់ខ្លួនក្រោយពួកគេចាញ់បោកឈ្មួញថៃ ឲ្យទៅលួចចូលនេសាទនៅក្នុងដែនទឹកប្រទេសឥណ្ឌូនេស៊ី ដោយខុសច្បាប់ កាលពីកន្លងទៅថ្មីៗនេះ តែយ៉ាងណាក្តីប្រមុខការទូតកម្ពុជាកំពុងធ្វើការអន្តរាគមន៍ដល់អាជ្ញាធរឥណ្ឌូនេស៊ី ឲ្យមានការដោះលែងពួកគេផងដែរ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា មានពលករចំនួន១៨នាក់ដែលគេសង្ស័យថា ជាពលរដ្ឋខ្មែរ ត្រូវបាន ឃាត់ខ្លួនពីបទចូលនេសាទខុសច្បាប់នៅក្នុងប្រទេសឥណ្ឌូនេស៊ី តាមរយៈទូកនេសាទរបស់ជនជាតិថៃឈ្មោះ KM. JHF 6525 ហើយករណីនេះ ត្រូវបាន ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ ណែនាំអោយស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឥណ្ឌូនេស៊ី ជួយអន្តរាគមន៍ ឲ្យមានការដោះលែងពួកគេមានសេរីភាពវិញផងដែរ។

សេចក្តីជូនដំណឹងដដែល បានបន្តថា ឯកឧត្តមទេសរដ្ឋមន្ត្រីប្រាក់ សុខុន បានណែនាំដល់ មន្ត្រីទូតកម្ពុជាប្រចាំនៅប្រទេសម៉ាឡេស៊ីថា ត្រូវចុះទៅពិនិត្យជាក់ស្តែងអំពី ស្ថានភាព និងសុខភាពរបស់ពលករទាំងអស់ខាងលើ។ ធ្វើការទំនាក់ទំនងជាមួយអាជ្ញាធរមានសមត្ថកិច្ចឥណ្ឌូនេស៊ី សុំអោយមានការដោះលែងពលរដ្ឋខ្មែរ ទាំងនោះ ដែលជាជនរងគ្រោះដោយការជួញដូរមនុស្ស និង ហើយនិងសហការជាមួយអង្គការអន្តរជាតិទេសន្តរប្រវេសក៍ (IOM) នៅហ្សាកាតា ដើម្បីរៀបចំការធ្វើមាតុភូមិនិវត្តន៍របស់ពលករទាំង១៨នាក់ បានឆាប់រហ័សផងដែរ។

សូមរំលឹកថា កាលពីកន្លងទៅថ្មីៗនេះអាជ្ញាធរប្រទេសឥណ្ឌូនេស៊ីក៏បានធ្វើការដោះលែង ពលករខ្មែរ ដែលបានចាញ់បោកឈ្មួញថៃឲ្យចូលទៅនេសាទខុសច្បាប់នៅដែនទឹកប្រទេសឥណ្ឌូនេស៊ីជាង៥០នាក់ផងដែរក្រោយពីមានកិច្ចអន្តរាគមន៍ពីសំណាក់ ក្រសួងការបរទេសកម្ពុជានោះ៕

website_news/2016300811.txt · Last modified: 2017/03/11 20:31 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki