website_news:2016310301

រដ្ឋមន្ត្រីអប់រំ ថា យុវជននឹងលក់កម្លាំងពលកម្មឲ្យប្រទេសជិតខាង ប្រសិនបើពួកគេគ្មានជំនាញ

(http://www.thmeythmey.com/) (ចុះផ្សាយនៅថ្ងៃ  30-03-2016,  10:53 pm) | ដោយ : រឿន ភារុន

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួន ណារ៉ុន បាននិយាយថា កម្ពុជាមានកម្លាំងពលកម្មយុវជនច្រើន បើប្រៀបធៀបនឹងប្រទេសក្នុងតំបន់ និងប្រទេសជិតខាងកម្ពុជា គឺថៃ និងវៀតណាម ដែលកំពុងមានវិបត្តិមនុស្សចាស់។ លោកបន្តថា យុវជនពេញកម្លាំងមានសក្តានុពលខ្លាំង ជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ ប្រសិនបើពួកគេមានជំនាញច្បាស់លាស់។ ប៉ុន្តែ លោកថា ប្រសិនពួកគេពុំមានជំនាញការងារទេនោះ ពួកគេនឹងលក់កម្លាំងពលកម្មឲ្យប្រទេស ជិតខាង។ លោកបានលើកឡើងក្នុងសន្និបាតសរុបការងារអប់រំ យុវជន និងកីឡា នៅថ្ងៃទី៣០ ខែមីនា នេះ ក្នុងសាលាតិចណូ យ៉ាងដូច្នេះថា៖«យើងមានផលលាភវិទ្យាសាស្ត្រ មានន័យថា អត្រារបស់ប្រជាជន គឺយុវជនមានច្រើនជាងគេ ហើយជាអ្នកដែល ជាគាំទ្រដល់សកម្មភាពសេដ្ឋកិច្ចជាតិ…។ ប្រទេសថៃកំពុងជួបវិបត្តិមួយ គឺប្រជាជនចាស់ច្រើន មានន័យថា គេត្រូវការកម្លាំងពលកម្ម ដូចនេះប្រសិនបើយើងមិនគិតគូរដល់យុវជនយើង ផ្តល់ជំនាញនោះទេ យើងគ្រាន់តែផ្តល់នូវកម្លាំងពលកម្ម ឲ្យថៃ អាចថា វៀតណាមក៏មានបញ្ហានឹងដែរ តែវាមិនដូចជាមួយថៃទេ…»។ លោករដ្ឋមន្ត្រីបន្ថែមទៀតថា ក្រសួងមានថវិកាសម្រាប់បណ្តុះបណ្តាលធនធានមនុស្សកម្រិតបឋម មធ្យម និងឧត្តមសិក្សា ប៉ុន្តែក្រសួងពុំមានកញ្ចប់ថវិកាសម្រាប់បណ្តុះបណ្តាលធនធានយុវជនជំនាញនៅឡើយ។ យ៉ាងណា លោកថា ក្រសួងនឹងធ្វើ ផែនការជាក់លាក់ស្នើថវិកាពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងដៃគូរអភិវឌ្ឍន៍ពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាយុវជនគ្មានជំនាញ បច្ចុប្បន្ន។

website_news/2016310301.txt · Last modified: 2017/02/28 11:55 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki