website_news:2016310302

បង្ក្រាបទីតាំងប្រព្រឹត្តផ្លូវភេទ ក្រោមស្លាកម៉ាស្សា កោសជប់នៅក្រុងប៉ោយប៉ែត

(https://kohsantepheapdaily.com.kh) ដោយ ៖ ណុប រក្សា ថ្ងៃពុធ ទី៣០ ខែមីនា ឆ្នាំ២០១៦ ម៉ោង ១៩:៣១

ខេត្តបន្ទាយមានជ័យ ៖ លោកវរសេនីយ៍ត្រី ឡាយ គឹមលូន នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនបានឲ្យដឹងនៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦នេះថា ស្ត្រីចំនួន៥នាក់ ដែលជាអ្នកម៉ាស្សា-កោសជប់ ត្រូវបានប្រគល់ជូនទៅអង្គការ CWCC ចំណែកស្ត្រីម្នាក់ជាម្ចាស់ម្ចាស់ទីតាំងត្រូវបានរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ។

បន្ទាប់ពីកម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត លបឆ្មក់ចូលទៅ បង្ក្រាបនៅទីតាំងម៉ាស្សា កោសជប់ ដែលមានយីហោ ចាន់ ថា ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង១០យប់ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦ តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលពីលោកសុក កែវបណ្ឌិត ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត និងដឹកនាំប្រតិបត្តិការដោយលោកស្រីវរសេនីយ៍ឯក ឌី សុជាតិ ស្នងការរងទទួលការងារយេនឌ័រ និងប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន។

លោកវរសេនីយ៍ត្រី ឡាយ គឹមលូន នាយការិយាល័យ បានបន្តទៀតថា ស្ត្រីជាម្ចាស់ទីតាំងម៉ាស្សា កោសជប់ ក្រោមស្លាកយីហោចាន់ ថា ឈ្មោះ ទូច សាវី ភេទស្រី អាយុ៤៥ឆ្នាំ រស់នៅទីតាំងភូមិខាងលើ ក្នុងនោះសមត្ថកិច្ចបានសង្គ្រោះនារីបំរើសេវាផ្លូវភេទបានចំនួន៥នាក់ ។ ក្នុងកិច្ចប្រតិបត្តិការនេះកម្លាំងជំនាញក៏បានដកហូតវត្ថុតាងមួយចំនួនទាក់ទងនឹងការបំរើផ្លូវភេទផងដែរ។ បច្ចុប្បន្ននារីរងគ្រោះទាំង៥នាក់ ត្រូវបាននគរបាលជំនាញបានប្រគល់ជូនមន្ទីរសង្គមកិច្ច និងបន្តប្រគល់ទៅអង្គការស្ត្រីមានវិបត្តិ CWCC ចំពោះស្ត្រីជាម្ចាស់ទីតាំងនគរបាលជំនាញ បានរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការតាមនិតិវិធីច្បាប់៕

website_news/2016310302.txt · Last modified: 2017/02/28 11:56 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki