website_news:2016310502

ពលរដ្ឋខ្មែរជាង ២សែន៥ ម៉ឺននាក់ ធ្លាក់ក្នុងភាពជាទាសករសម័យទំនើប

(http://www.postkhmer.com) គេហទំព័រភ្នំពេញប៉ុស្តិ៍ ថ្ងៃ Tue, 31 May 2016 Jack Davies and គង់ មេត្ដា

ភ្នំពេញៈ ប្រទេសកម្ពុជា មានអត្រាប្រេវ៉ាឡង់នៃភាពជាទាសករសម័យទំនើបខ្ពស់ទី ៣ នៅលើពិភពលោក បន្ទាប់ពីប្រទេសកូរ៉េខាងជើង និងប្រទេស អ៊ូបេគីស្ថាន។ នេះបើយោងតាមរបាយការណ៍សន្ទស្សន៍ទាសភាពសកលឆ្នាំ ២០១៦ ដែលត្រូវបានចេញផ្សាយដោយអង្គការមូលនិធិ Walk Free។ ដោយប្រើប្រាស់ទិន្នន័យដែលទទួលបានពីការស្ទង់មតិពិភពលោកប្រចាំឆ្នាំរបស់ក្រុមហ៊ុន Gallup របស់សហរដ្ឋអាមេរិក អង្គការមូលនិធិ Walk Free បានធ្វើការកំណត់ថា ប្រជាជនកម្ពុជាប្រមាណ ២៥៦,៨០០ នាក់ ស្មើនឹង ១.៦៥ ភាគរយនៃប្រជាជនសរុបកំពុងតែរងគ្រោះដោយសារតែពលកម្មដោយបង្ខំ ឬការរៀបអាពាហ៍ពិពាហ៍បង្ខិតបង្ខំ។ ទោះបីជាយ៉ាងនេះក្តី តួលេខនេះនៅមានកម្រិតទាបជាងប្រទេសធំៗជាច្រើន ដូចជា ឥណ្ឌា (១៨.៣៥ លាននាក់) ចិន (៣.៣៩ លាននាក់) និងប៉ាគីស្ថាន (២.១៣ លាននាក់)។

អ្នកស្រី Katharine Bryant ប្រធានផ្នែកស្រាវជ្រាវរបស់អង្គការមូលនិធិ Walk Free និងជាអ្នកដែលបានចូលរួមសរសេររបាយការណ៍សន្ទស្សន៍នេះបានឲ្យដឹងថា ស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា គឺជាកត្តាចម្បងដែលជំរុញឲ្យមានវិបត្តិទាសភាពសម័យទំនើបរបស់ខ្លួន។ ទាសភាព ត្រូវបានគេកំណត់និយមន័យថា គឺជា «ស្ថានភាពនៃកេងប្រវ័ញ្ញដែលបុគ្គលម្នាក់ពុំអាចចាកចេញពីការធ្វើអ្វីមួយបាន ដោយសារតែការគំរាមកំហែង អំពើហិង្សា ការបង្ខិតបង្ខំ ការរំលោភបំពានដោយអំណាច ឬការភូតភរបោកប្រាស់»។

អ្នកស្រីថ្លែងថា៖ «វាពុំមែនជារឿងចម្លែកទេសម្រាប់ប្រទេសកម្ពុជា។ ឱកាសសេដ្ឋកិច្ចដែលនៅមានកម្រិតបានរុញច្រានឲ្យប្រជាជនធ្វើចំណាកស្រុកឆ្លងតំបន់ ឆ្លងសមុទ្រ ហើយពេលខ្លះត្រូវធ្វើដំណើរតាមផ្លូវ ឬមធ្យោបាយដែលពុំសូវជាមានសុវត្ថិភាព ដែលធ្វើឲ្យពួកគាត់ងាយរងគ្រោះពីការកេងប្រវ័ញ្ញ»។ របាយការណ៍សន្ទស្សន៍ទាសភាពសាកលឆ្នាំ ២០១៦ បានលើកឡើងពីការស្រាវជ្រាវរបស់អង្គការពលកម្មពិភពលោក (ILO) ដែលបានរកឃើញថា ៩ ភាគរយនៃកម្មករនេសាទកម្ពុជាត្រូវរងគ្រោះដោយការបង្ខិតបង្ខំឲ្យធ្វើការ។

ការស្រាវជ្រាវដដែលបានឲ្យដឹងទៀតថា ៤០ ភាគរយនៃកម្មករនេសាទនៅកំពង់ផែធំទាំង ៤ របស់ប្រទេសថៃគឺជាជនជាតិកម្ពុជា។ កម្មករជាជនជាតិខ្មែរ ជាញឹកញយត្រូវបានគេរកឃើញ ធ្វើការនៅលើទូកនេសាទក្រោមលក្ខខណ្ឌការងារដ៏ឃោរឃៅ នៅក្រៅប្រទេស។ នៅដើមខែនេះ លោក សែម ចៅសុខ មន្រ្តីអង្កេតការផ្នែកសិទ្ធិមនុស្សរបស់អង្គការ លីកាដូបានឲ្យដឹងថា កម្មករនេសាទកម្ពុជាជាង ៥០០ នាក់បានធ្វើមាតុភូមិនិវត្តន៍មកប្រទេសកម្ពុជាវិញ បន្ទាប់ពីពួកគេត្រូវបានជួយសង្គ្រោះពីការបង្ខិតបង្ខំឲ្យធ្វើការនៅលើសមុទ្រ។ ទន្ទឹមនឹងនោះដែរ អាពាហ៍ពិពាហ៍ដោយការបង្ខិតបង្ខំ ដែលមានជនរងគ្រោះប្រមាណ ៥៥,៨០០ នាក់ នៃប្រជាជនកម្ពុជាសរុបជាង ១៥ លាននាក់ ក៏ត្រូវបាន អង្គការមូលនិធិ Walk Free ចាត់ទុកជាទម្រង់មួយនៃទាសភាពសម័យទំនើបផងដែរ។

របាយការណ៍ខាងលើនេះបានសង្កត់ធ្ងន់ទៅលើនិន្នាការកើនឡើងនៃស្រ្តីកម្ពុជាដែលត្រូវបានគេជួញដូរទៅប្រទេសចិន សម្រាប់ឲ្យរៀបការជាមួយបុរសនៅទីនោះ។ គួររម្លឹកផងដែរថា ស្រ្តីកម្ពុជារងគ្រោះចំនួន ៨២ នាក់បានធ្វើមាតុភូមិនិវត្តន៍ពីប្រទេសចិន កាលពីឆ្នាំមុន។ អ្នកស្រី Bryant អះអាង គោលនយោបាយ «កូនមួយ» របស់ប្រទេសចិន គឺជាផ្នែកមួយនៃកត្តាដែលបណ្តាលឲ្យមានហានិភ័យនៃការជួញដូរមនុស្ស និងការរៀបការដោយបង្ខំនេះ។

របាយការណ៍ខាងលើបានណែនាំឲ្យប្រទេសកម្ពុជា និងចិន ចុះអនុស្សារណៈយោគយល់គ្នាមួយដើម្បីដោះស្រាយបញ្ហានេះ ខណៈដែលការចរចាដើម្បីបង្កើតអនុស្សារណៈបានចាប់ផ្តើមហើយនៅដើមខែនេះ។

អ្នកស្រី Bryant ក៏បានធ្វើការអំពាវនាវឲ្យមានការពង្រឹងច្បាប់ទម្លាប់ចំពោះឧស្សាហកម្មកាត់ដេររបស់កម្ពុជាដែលមានបញ្ហារឿងរំលោភបំពានកម្មករជាយូរមកហើយ និងកំពុងផ្តល់ការងារទៅឲ្យប្រជាជនកម្ពុជាជិត ៤ ភាគរយ។ អ្នកស្រីបានពន្យល់ថា៖«មនុស្សជាច្រើនដែលជាប់ពាក់ព័ន្ធនឹងទាសភាពសម័យទំនើបកំពុងតែធ្វើការនៅក្នុងរោងចក្រ [កាត់ដេរ]។ យើងនឹងស្វែងរកការពង្រីងការត្រួតពិនិត្យដើម្បីធានាឲ្យបានថា ប្រជាជនពុំត្រូវបានគេកេងប្រវ័ញ្ញ»។

លោក ប៉ុល ភិធេយ្យ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូមនុស្សរបស់ក្រសួងមហាផ្ទៃបានឲ្យដឹងម្សិលមិញថា ខណៈដែលលោកពុំបានអានរបាយកាណ៍នោះ លោកមានការសង្ស័យទៅលើភាពច្បាស់លាស់នៃការរកឃើញរបស់វា។ លោក ថា៖ «តាមដែលយើងឃើញស្ថានភាពសព្វថ្ងៃនេះ វាមិនមែនដូច្នេះទេ។ ពួកគេ (ក្រុមអ្នកស្រាវជ្រាវរបស់ Walk Free) គ្រាន់តែនិយាយ យើងមិនអាចបិទមាត់គេជិតទេ។ កម្ពុជាពុំមែនដូច្នេះនោះឡើយ»៕ TN

website_news/2016310502.txt · Last modified: 2017/03/02 14:49 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki