website_news:2016310503

សម្តេចតេជោ អំពាវនាវឲ្យរួមគ្នាការពារ និងលើកស្ទួយសិទ្ធិកុមារ និងលុបបំបាត់នូវ អំពើកេងប្រវ័ញ្ច និងជួញដូរ គ្រប់ប្រភេទ

(http://www.cen.com.kh/local) គេហទំព័រស៊ីអ៊ីអិន ថ្ងៃទី 31 ឧសភា 2016, 12:33:PM) | ដោយ: កូឡាប

ភ្នំពេញ: សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវភាពសប្បាយរីករាយ ដែលបានមកចូលរួម នៅក្នុងថ្ងៃរំលឹកខួបលើកទី៦៧ នៃទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី១៥ ទិវាពិភពលោកប្រឆាំង និងពលកម្មកុមារ ១២ មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០១៦ ដែលបានធ្វើនៅសាលមហោស្រព កោះពេជ្រ នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦នេះ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា “ច្បាស់ណាស់កិច្ចការពារកុមារ គឺជាភារកិច្ចរបស់យើងទាំងអស់គ្នា ព្រោះថាកុមារ គឺងាយរងគ្រោះថ្នាក់បំផុត ប្រសិនបើគ្មានការយកចិត្តទុកដាក់ ចូលរួមសហការ និងការពារពីយើងទាំងអស់គ្នា។ យើងត្រូវបន្តចូលរួម លើកស្ទួយសិទ្ធិកុមារ និងលុបបំបាត់អំពើហិង្សា និងអំពើជួញដូរគ្រប់ប្រភេទ រួមទាំងការជួញដូរផ្លូវភេទ និងការធ្វើអាជីវកម្ម លើពលកម្មកុមារគ្រប់រូបភាព”។

សម្តេចតេជោ បានលើកឡើងថា ក្នុងនាម ជានាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា បន្តសហការជាមួយ អង្គការជាតិ និងអន្តរជាតិ ដើម្បីយើងរួមគ្នាការពារ និងលើកស្ទួយសិទ្ធិកុមារ និងលុបបំបាត់ឲ្យអស់ នូវអំពើកេងប្រវ័ញ្ច និងជួញដូរគ្រប់ប្រភេទ មកលើកុមារ នៅទូទាំងប្រទេស។ ជាមួយនោះដែរ សម្តេច បានអំពាវនាវដល់ ឪពុកម្តាយ និងអាណាព្យាបាល សូមបញ្ឈប់ការវាយដំ និងធ្វើអំពើហិង្សាគ្រប់ប្រភេទ មកលើកុមារ ហើយសូមចូលរួមទប់ស្កាត់ កុំឲ្យកុមារសេពគ្រឿងញឿន។ ចំពោះមណ្ឌលមួយចំនួន ដែលមិនបានបម្រើសេវាកម្ម ដល់កុមារត្រឹមត្រូវ គឺត្រូវកែលម្អ ឬត្រូវតែបញ្ឈប់ សកម្មភាពជាបន្ទាន់។

សម្តេច នាយករដ្ឋមន្ត្រី ក៏បានអរគុណ និងកោតសរសើរ ដល់ក្រសួងពាក់ព័ន្ធ អាជ្ញាធរ ចលនាយុវជនកាកបាទក្រហម យុវជនកាយរិទ្ធ ដៃគូអភិវឌ្ឍន៍ និងអង្គការសប្បុរធម៌ទាំងអស់ ដែលកំពុងប្រតិបត្តិការ នៅក្នុងប្រទេសកម្ពុជា ដើម្បីការពារ និងលើកស្ទួយសិទ្ធិកុមារ ឲ្យកាន់តែល្អប្រសើរ ដើម្បីធ្វើឲ្យកុមារ មានអនាគតល្អ នៅក្នុងសង្គមជាតិ៕V/S

website_news/2016310503.txt · Last modified: 2017/03/02 14:50 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki